រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២
ផ្តើមចេញពីថៅកែអាចម៍គោ ១០០លានរៀលក្នុងមួយឆ្នាំក្នុងការចិញ្ចឹមគោបំប៉នយកសាច់របស់លោក ហ៊ួត លាង ដែលចិញ្ចឹមបំប៉នគោយកសាច់ប្រមាណ ៦០០ក្បាលក្នុងមួយឆ្នាំ ប្រជាពលរដ្ឋក្នុងភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ប្រមាណ ៥០គ្រួសារ បានរៀបចំនិងដំណើរការចិញ្ចឹមបំប៉នគោយកសាច់ដែរ ដែលប្រជាពលរដ្ឋគ្រួសារនិមួយៗផ្តើមចិញ្ចឹមពី ១៥ក្បាល ដល់៦០ក្បាល ទៅតាមលទ្ធភាពរបស់ខ្លួន។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អមដំណើរដោយលោក សេង សោភា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី បានចុះពិនិត្យ សួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាកសិករ ៣៤គ្រួសារ ដែលកំពុងចិញ្ចឹមបំប៉នសត្វគោ ស្ថិតនៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក សេង សោភា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានលើកឡើងពីគោលការណ៍បច្ចេកទេស៥ចំណុច ក្នុងការចិញ្ចឹមគោដើម្បីទទួលបានជោគជ័យ រួមមាន ៖
១-ការជ្រើសរើសទីតាំងដីដែលមានទីទួលខ្ពស់មិនជាំទឹក ទ្រុងត្រូវមានទំហំសមរម្យ ងាយស្រួលឲ្យគោស៊ីចំណី ខ្យល់ ពន្លឺចូលបានល្អ និងមានកន្លែងសម្រាប់ងូតទឹកឲ្យវា។
២-ពូជ ត្រូវជ្រើសរើសពូជគោ ជាពូជធំ ដែលមានសាច់ច្រើន ឆាប់ធំ និងធន់នឹងជំងឺ
៣-ចំណី ស្មៅត្រូវជ្រើសរើសពូជស្មៅដែលមានប្រូតេរអ៊ីនខ្ពស់ ដាំឲ្យបានច្រើន ដោយប្រើចំណីជាស្មៅឲ្យបានច្រើនជាងចំណីបន្ថែមដូចជាកាកស្រាបៀរ
៤-អនាម័យ ត្រូវឧស្សាហ៍លាងស្នូកចំណីនិងទីកន្លែងសម្រាប់គោដេក
៥-វិធានការការពារ រួមមានការធ្វើវ៉ាក់សាំង ការបញ្ចុះសត្វល្អិត និងការធ្វើជីវសុវត្ថិភាពលើទីតាំងទ្រុងឲ្យបានជាប្រចាំ។
ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ បានកោតសរសើរដល់បងប្អូនប្រជាកសិករដែលបានចាប់អារម្មណ៍លើមុខរបរចិញ្ចឹមគោ ដែលជាមុខរបរមួយជួយរកប្រាក់ចំណូលបានសម្រាប់គ្រួសារ ដែលនៅពេលនេះតម្រូវសាច់គោសម្រាប់បរិភោគ កាន់តែកើនឡើងពេញនិយមបរិភោគ។ ផ្តើមចេញពីថៅកែអាចម៍ ១០០លានរៀលក្នុងមួយឆ្នាំក្នុងការចិញ្ចឹមគោបំប៉នយកសាច់របស់លោក ហ៊ួត លាង ដែលចិញ្ចឹមបំប៉នគោយកសាច់ប្រមាណ ៦០០ក្បាលក្នុងមួយឆ្នាំ ប្រជាពលរដ្ឋក្នុងភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ប្រមាណ ៥០គ្រួសារ បានរៀបចំនិងដំណើរការចិញ្ចឹមបំប៉នគោយកសាច់ដែរ ដែលប្រជាពលរដ្ឋគ្រួសារនិមួយៗផ្តើមចិញ្ចឹមពី ១៥ក្បាល ដល់៦០ក្បាល។ ការចាប់យកមុខរបរបន្ថែមតាមលំអាននិងបទពិសោធន៍ចិញ្ចឹមគោបំប៉នរបស់ពូ លាង រួមផ្សំនឹងការអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេសដែលលោកប្រធានការិយាល័យផ្តល់ជូន នឹងនាំឲ្យការចិញ្ចឹមនេះ នឹងទទួលបានជោគជ័យ។
ឆ្លៀតឱកាសនោះ លោកប្រធានមន្ទីរ បានផ្តល់នូវការតម្រង់ទិសមួយចំនួន ដើម្បីជំរុញឲ្យចលនាចិញ្ចឹមគោនេះ កាន់តែល្អប្រសើរនិងមាននិរន្តរភាព ៖
១-ត្រូវចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វឲ្យបាមគ្រប់មុខជំងឺ ជាពិសេសជំងឺអ៊ុតក្តាម សារទឹក ដែលតែងកើតមានរៀងរាល់ឆ្នាំ
២-ជំរុញការបង្កាត់ពូជគោបែបសិប្បនិម្មិត ដើម្បីទទួលបានពូជល្អ លូតលាស់ធំធាត់លឿន ធន់នឹងជំងឺ សមស្របតាមតម្រូវការទីផ្សារ។
៣-ត្រូវចងក្រងជាសហគមន៍កសិកម្ម ដើម្បីបង្កើនការចិញ្ចឹមគោឲ្យបានច្រើន មានស្តង់ដារ មានអំណាចក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ធានាតម្លាភាពតម្លៃ ព្រមទាំងអាចកាត់បន្ថយការចំណាយលើការទិញធាតុចូលមានគុណភាព តាមរយៈការទិញរួមគ្នាដែលថ្លៃដឹកជញ្ជូនទាប។
ជាចុងក្រោយ លោកប្រធានមន្ទីរ និងសហការី បានផ្តល់ថ្នាំសម្លាប់មេរោគ (Th4) និងថ្នាំព្យាបាលដំបៅ(Methylane blue) ដល់ប្រជាកសិករសម្រាប់យកទៅប្រើប្រាស់។