ថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។
ទំនើបកម្មកសិកម្ម នឹងផ្តល់ផលចំណេញដល់កសិករនិងបង្កើនផលិតភាពកសិកម្ម
អង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំវគ្គបណ្តុះបណ្តាលដល់កសិករជាក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ស្តីពី ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្ស៊ែរ ក្រោមអធិបតីភាពលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថានខេត្តត្បូងឃ្មុំ និងមានការចូលរួមសហការពីក្រុមហ៊ុនRMA Cambodia ដែលនាំចូលត្រាក់ទ័រម៉ាក ចនឌា។
វគ្គបណ្តុះបណ្តាលនេះរៀបចំនៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម គោលដៅគម្រោង ចូលរួមសរុបចំនួន ២៥នាក់ ក្នុងនោះស្រីចំនួន ៥នាក់។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ៖
-ផ្តល់ចំណេះដឹងពីមូលដ្ឋានលើបច្ចេកទេសកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ
-បង្កើនសមត្ថភាព ចំណេះដឹង ដល់សហគមន៍កសិកម្ម សម្រាប់រៀបចំកៀរពង្រាបដី និងការរៀបចំដីកសិកម្មឲ្យបានស្មើ
-ផ្តល់វិធីសាស្ត្រប្រមូលទិន្នន័យនីវូដីមុននិងក្រោយការកៀរពង្រាបដីស្រែ
-ផ្តល់នូវបច្ចេកទេសនិងបទពិសោធន៍នៃការកៀពង្រាបដីស្រែមានទឹក និងដីស្រែគ្មានទឹក។