នៅរសៀលថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២
ក្នុងបរិបទជីកសិកម្ម និងប្រេងសាំងឡើងថ្លៃខ្ពស់ កសិករគួរកាត់បន្ថយការប្រើជីគីមី តែត្រូវជំនួសវិញដោយជីធម្មជាតិ ឬជីកំប៉ុស្តិ៍ ដើម្បីសន្សំថវិកា និងកែច្នៃបានតាមលទ្ធភាពដែលអាចធ្វើបាន
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពី ការផលិតជីកំប៉ុស្តិ៍និងការប្រើប្រាស់ដល់កសិករនិងសហគមន៍កសិកម្ម គាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថាន (ខ.ផ.ភ) មានការអញ្ជើញចូលរួមពីលោក ភួង តារា អនុប្រធានក្រុមទីប្រឹក្សាស្តីទីCFAVC/CS2 និងជាទីប្រឹក្សាផ្នែកឡជីវឧស្ម័ន ដែលមានកសិករ និងសមាជិកសហគមន៍ចូលរួមសរុបចំនួន ១០នាក់ ក្នុងស្រីចំនួន ០៣នាក់ ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានណែនាំដល់កសិករ និងសមាជិកសហគមន៍កសិកម្មពីអត្ថប្រយោជន៍ជីកំប៉ុស្តិ៍ ក្នុងការជួយកាត់បន្ថយការពុលបរិស្ថាន និងជួយបង្កើនជីជាតិដី និងផលិតភាពដី ដើម្បីឈានទៅរកការបង្កើនទិន្នផល គុណភាពផលិតផលដំណាំ ដែលអាចជួយបន្ថយការប្រើប្រាស់ជីគីមី។ ការប្រើជីកំប៉ុស្តិ៍ ទើបដីវាផុស និងដំណាំលូតលាស់បានលឿន ជាជីដែលផ្តុំឡើងដោយសារធាតុសរីរាង្គផ្សេងៗ ហើយទុកឲ្យបំបែកធាតុ (ពុក) ក្នុងរយៈពេលកំណត់មួយសិន មុននឹងយកមកប្រើ។ ការធ្វើជីកំប៉ុស្ត គឺផលិតនូវជាតិមមោក ដែលជាសារធាតុសំខាន់សម្រាប់ដី ដោយវាសម្បូរទៅដោយសត្វល្អិតដែលផ្តល់ជីវិតដល់ដី សម្បូរសារធាតុចិញ្ចឹមជីវិត និងអាចជួយឲ្យដីមានសមត្ថភាពស្រូបយកទឹក និងជីបានច្រើន។
ក្នុងឱកាសនោះទៀតផងដែរ លោកប្រធានមន្ទីរ បានជម្រាបជូនបន្ថែមវគ្គបណ្ដុះបណ្ដាលខាងលើមានគោលបំណងដូចខាងក្រោម ៖
-ផ្តល់ចំណេះដឹងពីកែឆ្នៃ និងការផលិតជីកំប៉ុស្តិ៍ផ្សំពីជីឡរាវ និងការប្រើប្រាស់ជីឡជីវឧស្ម័ន
-ផ្តល់ចំណេះដឹងពីការផលិតជីកំប៉ុស្តិ៍គោក និងកំប៉ុស្តិ៍ទឹករយៈពេលខ្លី
-ជំរុញកសិករឲ្យប្រើប្រាស់ជីធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី
-ផ្តល់ចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងជីឡជីវឧស្ម័ន
-ផ្តល់បច្ចេកទេសដាំដុះដំណាំបន្លែយកស្លឹកលើធ្នើ ឬលើរាន
-ធ្វើការអនុវត្តផ្ទាល់ពីរៀបធ្វើជីកំប៉ុស្តិ៍រយៈពេលខ្លី។