ចុះពិនិត្យការលូតលាស់ និងណែនាំបច្ចេកទេសបន្ថែមដល់ កសិករសហការអនុវត្តបង្ហាញពីផលិតកម្មពោតក្រហមពូជ
ចេញ​ផ្សាយ ០៥ កក្កដា ២០២២
92

ថ្ងៃអាទិត្យ ៥កើត ខែអាសាធ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២

នៅស្រុកក្រូចឆ្មារ ឆ្នាំនេះ ដំណាំពោតក្រហម ដាំដុះកើនលើស ឆ្នាំកន្លងទៅ ហើយនឹងចាប់ផ្តើមប្រមូលផលបណ្តើរៗនៅសប្តាហ៍ ទី២ ខែកក្កដានេះ 
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តនៃគំរោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានចុះពិនិត្យការលូតលាស់ និងណែនាំបច្ចេកទេសបន្ថែមដល់ កសិករសហការអនុវត្តបង្ហាញពីផលិតកម្មពោតក្រហមពូជកម្ពុជា០១(CHM01)នៅភូមិ៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន ៥គ្រួសារ/បង្ហាញ។ 
តាមផែនការការធ្វើបង្ហាញនេះកសិករសហការធ្វើបង្ហាញ ត្រូវអនុវត្តលើផ្ទៃដី ០,៥០ហិកតា/បង្ហាញ  ដោយប្រើគ្រាប់ពូជពោតអ៊ីប្រ៊ីដកម្ពុជា០១ (Cambodia Hybrid Maize 01-CHM01 ) ដែលជាពូជស្រាវជ្រាវបង្កាត់ដោយអ្នកបច្ចេកទេសកម្ពុជាយើង ហើយបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការធ្វើបង្ហាញនេះអនុវត្តដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រថវិកាពីហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ តាមផែនការ ឆ្នាំ២០២២នេះ ការធ្វើបង្ហាញមានចំនួន ១៨បង្ហាញ នៅក្នុងស្រុកត្បូងឃ្មុំ ចំនួន ១០បង្ហាញ និងស្រុកក្រូចឆ្មារ ចំនួន ៨បង្ហាញ។ 
លោកប្រធានមន្ទីរ បានជម្រាបជូនកសិករអំពីការធ្វើបង្ហាញនេះ គឺក្នុងគោលបំណងលើកទឹកចិត្តកសិករឲ្យប្រើពូជពោតដែលបង្កើតឡើងដោយកម្ពុជាយើងផ្ទាល់ ដែលតាមរយៈលទ្ធផលនៃការសិក្សាកន្លងមក គុណភាពគ្រាប់ពោត កម្រិតសារធាតុចិញ្ចឹមក្នុងគ្រាប់ពោត តម្រូវការលើទីផ្សារ មិនខុសពីគ្រាប់ពោតឯទៀតនោះទេ។ ចំណែកទិន្នផលក៏ខ្ពស់ បើការគ្រប់គ្រងថែទាំនិងគុណភាពដីល្អ។ 
នេះជាការយកចិត្តទុកដាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការពង្រីកពូជដែលមានគុណភាពល្អនិង ទិន្នផលខ្ពស់ ដើម្បីបង្កើនចំណូលរបស់គ្រួសារកសិករ។ 
ក្នុងឱកាសនោះលោកប្រធានមន្ទីរ ក៏បានណែនាំបន្ថែមដល់កសិករ
ត្រូវចុះពិនិត្យចម្ការជាប្រចាំ លើវត្តមានសត្វល្អិតចង្រៃ  ជំងឺផ្សេងៗ ទោះបីនៅដំណាក់កាលនេះ ពោតត្រៀមដាក់គ្រាប់ក៏ដោយ។ជាងនេះ កសិករត្រូវធ្វើការកត់ត្រាជាប្រចាំពីពេលវេលាដាំ បរិមាណជីបានប្រើ ការយាយីពីសត្វល្អិតចង្រៃ ជំងឺ និងស្ថានភាពលូតលាស់តាមដំណាក់កាលនីមួយៗ ដើម្បីជាមូលដ្ឋាននៃការសិក្សាបន្ត។
សូមជម្រាបជូនថា ខេត្តត្បូងឃ្មុំ អាចដាំដុះពោតក្រហម បាន២ដងក្នុងមួយឆ្នាំ គឺនៅរដូវវវស្សាចាប់ពីមេសា ដល់ដើមខែសីហា លើផ្ទៃដីប្រមាណ ៤ ១២៥ហិកតា និងនៅរដូវប្រាំង ចាប់ពីខែវិច្ឆិកាដល់ខែមីនា លើផ្ទៃដីប្រមាណ ៦ ២៥០ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter