នៅរសៀលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការីបានអញ្ជើញចុះសិក្សាពីដំណាំ ទុរេនដែលនៅមិនឆ្ងាយពីតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ភាគខាងលិច យើងអាចចូលតាមផ្លូវពីផ្សារខ្នារលើផ្លូវជាតិលេខ៧ មកភូមិចាន់ទូង ឃុំស្រឡប់ រួចបត់ឆ្វេងសំដៅទៅភូមិអណ្តូងពក យើងនឹងបានដល់ចម្ការទុរេន ដែលកំពុងលាក់ខ្លួន ជួនជាជួរ ព្យួរទៅដោយផ្លែរយីងរយោង ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់។ នោះ គឺជាចម្ការទុរេនរបស់លោក លឹម ថារី (ទូរសព្ទលេខ ០៧១ ៧៧៧ ៧៧៧ ៨)នៅភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានដាំលើផ្ទៃដីជិត ៦ហិកតា។
លោក លឹម ថារី បានរៀបរាប់ថា លើដីចម្ការនេះ គាត់បានដាំទុរេន ពូជមួនថងចំនួនជាង ៨០០ដើម ដែលមានអាយុ ៥ឆ្នាំមកហើយ ហើយបាននិងកំពុងផ្តើមប្រមូលផលឆ្នាំទី១ ដែលតាមការប៉ាន់ ស្មានអាចទទួលបានប្រមាណ ៣០តោន។ គាត់បានរៀបរាប់ទៀតថា ទោះបីទើបប្រមូលផលឆ្នាំទី១ គាត់មិន មានការព្រួយបារម្ភទីផ្សារនោះទេ ព្រោះប្រជាពលរដ្ឋជាច្រើន បាន មកដល់ទិញទុរេនរបស់គាត់ដល់ចម្ការ ញាំ ហើយបានឲ្យតម្លៃថា មានរសជាតិឆ្ងាញ់ សល់តិចតួចណាស់ត្រូវលក់ទៅកាន់អ្នកលក់ បន្ត។ តែទោះជាយ៉ាងណា គាត់បានសំណូមពរដល់មន្ទីរជំនាញ ជួយធ្វើយ៉ាងណាឲ្យចម្ការរបស់គាត់មានការទទួលស្គាល់ ដឹងឭ តាមច្បាប់ ដើម្បីធានាការជឿជាក់ពីអ្នកហូប។
តាមការពិនិត្យផ្ទាល់នេះ បានបង្ហាញថា ចម្ការរបស់លោក ថារី រៀបចំបានល្អ មានសណ្តាប់ធ្នាប់ អនាម័យ ដើមទុរេនមានសុខភាពល្អ គួរឲ្យចាប់អារម្មណ៍។ ឆ្លើយតបសំណូមពរនេះ មន្ទីរ នឹងយកទៅពិភាក្សាជាមួយមន្ត្រីជំនាញ ដើម្បីឲ្យមានការចុះបញ្ជីនិងការបញ្ជាក់ពីគុណភាព សុវត្ថិភាព ស្របតាមច្បាប់និងបទដ្ឋានបច្ចេកទេស។
សូមជម្រាបជូនថា ខេត្តត្បូងឃ្មុំ ដាំទុរេនលើផ្ទៃដីប្រមាណ ៦៥០ហិកតា ក្នុងនោះកំពុងប្រមូលផលប្រមាណជាង ៣០០ហិកតា ដែលចាប់ផ្តើមប្រមូលផលពេញបន្ទុកចាប់ពីដើមខែមិថុនាដល់ចុងខែកក្កដា។