ថ្ងៃពុធ ៨កើត ខែជេស្ឋ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២
ត្រូវប្រើជីតាមគោលការណ៍បច្ចេកទេស ក្នុងពេលដែលជីកំពុងមាន តម្លៃខ្ពស់ ជៀសវាងការប្រើប្រាស់ជីខ្ជះខ្ជាយនិងដើម្បីកាត់បន្ថយ ការចំណាយថ្លៃដើមផលិត
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចុះប្រគល់ធាតុចូល កសិកម្ម (ជីកសិកម្ម15-15-15 ) និងណែនាំបច្ចេកទេសបន្ថែម ដល់កសិករ ៩បង្ហាញ/៩គ្រួសារ នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ឃុំគោកស្រុក ស្រុកតំបែរ និងឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលសម្របសម្រួលនិងតាមដានអនុវត្តផ្ទាល់ដោយមន្ត្រីអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
តាមផែនការសកម្មភាពឆ្នាំ២០២២ របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) នឹងធ្វើការអនុវត្តបង្ហាញពីផលិតកម្មពូជដំណាំដំឡូងមី ចំនួន ១៥បង្ហាញ/គ្រួសារ លើផ្ទៃដី ១៥ហិកតា រួមមានប្រភេទពូជ រ៉ាក់យ៉ង៧២(ហៅ៨១) ពូជរ៉ាក់យ៉ង៩ និងពូជHauy Bong60 នៅក្នុងស្រុកតំបែរ ស្រុកក្រូចឆ្មារ ស្រុកមេមត់ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ការអនុវត្តបង្ហាញសម្រេចបាន ១៣បង្ហាញ ស្មើនឹង ៨៦,៦៧%នៃផែនការ។
ការធ្វើបង្ហាញផលិតកម្មពូជដំណាំដំឡូងមី ក្នុងគោលបំណង ៖
១.ជំរុញឲ្យកសិករផលិតពូជល្អសម្រាប់ខ្លួនឯងនិងផ្សព្វផ្សាយចែកចាយបន្តដល់កសិករក្នុងសហគមន៍និងតំបន់ខ្លួនឯង។
២.ផ្តល់ពូជដំឡូងមីដែលមានគុណភាពល្អ ធន់នឹងជំងឺ ទទួល ទិន្នផលខ្ពស់ ហើយធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
៣.ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធផលិតកម្មនិងការផ្គត់ផ្គង់ពូជដំឡូងមីប្រកបដោយនិរន្តរភាព។
នាឱកាសនោះ ក្រុមការងារ បានផ្តល់នូវការណែនាំបន្ថែម ដល់ កសិករដែលទទួលអនុវត្តបង្ហាញដូចជា ៖
-អនុវត្តការប្រើប្រាស់ជីស្របតាមបច្ចេកទេសស្របតាមតួនាទី សារធាតុចិញ្ចឹមរបស់ជីដូចជា អាសូត(N) ផូស្វ័រ(P) និងប៉ូតាស្យូម (K)។ បរិមាណជីត្រូវប្រើអាស្រ័យតាមដំណាក់កាលលូតលាស់ នីមួយៗ របស់ដំឡូងមីនិងធ្វើការលុបកប់ទៅក្នុងដីឲ្យបានត្រឹមត្រូវ ដើម្បីឲ្យសារធាតុចិញ្ចឹមរលាយចូលទៅក្នុងដីបានល្អ -ត្រូវតែចុះពិនិត្យចម្ការជាប្រចាំ ដោយពិនិត្យលើការលូតលាស់ លើវត្តមានសត្វល្អិតចង្រៃ(រុយស…ពីងពាងក្រហម) ជំងឺ ម៉ូសាអ៉ិកលើដំណាំដំឡូងមី(CMD)ជាដើម…។