កាលពីថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានគណៈកម្មការតម្រង់ទិសសម្ព័ន្ធកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា(CACIC SC&EB) បានដឹកនាំថ្នាក់ដឹកនាំក្រសួង អង្គភាពជំនាញ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សម្បទានិកដីសម្បទានសេដ្ឋកិច្ច សហគមន៍កសិកម្ម កសិករ សរុប ៦៣នាក់ សហការជាមួយក្រុមហ៊ុនស្មាតអាហ្គ្រោ(SmartAgro) ចុះពិនិត្យវឌ្ឍនភាពនៃការធ្វើបង្ហាញនិងការដាំដំណាំគម្របដីរបស់កសិករនិងក្រុមហ៊ុនចម្ការកៅស៊ូក្នុងខេត្តត្បូងឃ្មុំ ក្នុងគោលបំណងបង្ហាញពីអត្ថប្រយោជន៍នៃដំណាំគម្របដី ជំរុញនិងលើកទឹកចិត្តដល់គ្រប់ភាគីផលិតកម្មកសិកម្មបញ្ចូលសកម្មភាពដំណាំគម្របដី ដើម្បីកែលម្អគុណភាព សុខភាពដី និងកាត់បន្ថយចំណាយលើគ្រប់ធាតុចូលក្នុងផលិតកម្ម។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងារបានចុះពិនិត្យទីតាំងអនុវត្តដំណាំគម្របដី ៣កន្លែងរួមមាន ៖
១-ការដាំដំណាំគម្របដីសម្រាប់ផលិតកម្មដំឡូងមីរបស់កសិករ តេន ទុំ (០៩៧៤៤៤៧៣១៤)នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលប្រើពូជរុក្ខជាតិគម្របដី ៣ប្រភេទ គឺ សង្ក្រង់ស្វា ស្នោ ស្មៅពោត លើផ្ទៃដី ១ហិកតា។ រុក្ខជាតិទាំងបីប្រភេទនេះ មានអាយុកាល ៤៥-៥០ថ្ងៃ ដែលយើងអាចពង្រាបឬភ្ជួរ ច្របល់ទៅក្នុងដី ដើម្បីកែលម្អសុខភាពដីនិងគុណភាពដី។ ប្រភេទរុក្ខជាតិនេះ មិនមានអាយុកាលខ្លី ហើយមិនអាចដាំក្រោមម្លប់បានទេ។
២-ការដាំដំណាំគម្របដីប្រភេទរុក្ខជាតិស្តាយឡូ ក្នុងចម្លោះរងដើមកៅស៊ូអាយុក្រោម ៣ឆ្នាំ របស់ចំការកៅស៊ូមេមត់(នាយកបច្ចេកទេសនិងផលិតកម្មក្រុមហ៊ុន ០៩១៧៣១៥៣៨៩) ដែលពីឆ្នាំ២០២១មកដល់បច្ចុប្បន្នបានដាំលើផ្ទៃដី ៥០០ហិកតា ក្នុងស្រុកមេមត់។ តាមផែនការក្រុមហ៊ុននឹងពង្រីកការដាំ៥០០ហិកតាបន្ថែមទៀតនៅឆ្នាំ២០២២នេះ។ រុក្ខជាតិស្តាយឡូនេះ មានអាយុកាលវែងតាមរយៈការបំបែកគុម្ពជាបន្ត តែមិនអាចនៅក្រោមម្លប់បានទេ។
៣-ការដំណាំគម្របដីប្រភេទសណ្តែកក្នុងចន្លោះគុម្ពម្រេចរបស់កសិករ លីម លាង (០៩៧៨៤៤៨៨៩៧)នៅភូមិជាច ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលកំពុងសាកល្បងលើផ្ទៃដី ០,២៥ហិកតា ធៀបនឹងម្រេចដែលមិនបានដាំជាប់គ្នានោះ ១,១៥ហិកតា។ ប្រភេទរុក្ខជាតិនេះ មានអាយុកាលវែង តាមរយៈការបំបែកគុម្ពបន្តគ្នា ហើយអាចរស់នៅក្រោមម្លប់មធ្យមបាន។
យោងតាមការរៀបរាប់ពីមន្ត្រីជំនាញ ការដាំដំណាំគម្របដីផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ផលិតកម្មកសិកម្មនិងបង្កើតភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជា ៖
១- ទប់ស្កាត់ការហូរច្រោះមមោករបស់ដី ដែលបើមិនមានការទប់ស្កាត់បានទាន់ពេលវេលាដីអស់ជីជាតិ ហឹរ មិនអាចដាំដុះបាន
២- បង្កើតបានកម្ទេចកម្ទី បង្កជាមមោកដី ឡើងវិញ
៣- រក្សាសំណើមទឹកទាំងក្នុងដីនិងលើដី តាមរយៈគម្របរុក្ខជាតិនោះនិងរក្សាទឹកតាមរន្ធឬសរុក្ខជាតិគម្របដីដែលងាប់ជាបន្តបន្ទាប់នោះ
៤- បង្កើតរន្ធខ្យល់តាមរយៈរន្ធឬសដែលងាប់ ផ្តល់អុកស៊ីសែនដល់ដី
៦- រួមចំណែកសារធាតុចិញ្ចឹម(អាស៊ូត)ដល់ដីតាមរយៈការស្រូបកាបោនពីបរិយាកាសជាដើម...
និយាយរួម ដំណាំគម្របដី ដើរតួនាទីសំខាន់ក្នុងការកែលម្អសុខភាពដីនិងគុណភាពដី ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។