មកដល់ភូមិជី ត្រូវការជីអាចទាក់ទងទិញបាន
ចេញ​ផ្សាយ ២៨ មេសា ២០២២
197

រសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខនិងពិនិត្យការដាំដុះជីគ្រប់មុខរបស់កសិករឈ្មោះ សុខុម (ទូរសព្ទលេខ 088 53 77 465 ) ដែលបានប្រកបមុខរបរដាំជីដូចជា ជីរណា ជីស្លឹកម្លូ ជីនាងវង និងម្អម លើផ្ទៃដី ៩ ០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិរកាឃ្នួចជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បងស្រី សុខុម កំពុងដកស្មៅបណ្ដើរ រៀបរាប់បណ្ដើរ ពីការដាំដុះជីគ្រប់មុខ ដែលគាត់បានដាំដុះអស់រយៈពេល ១០ឆ្នាំមកហើយ ដែលមុនដំបូងឡើយមានតែគ្រួសារគាត់តែប៉ុណ្ណោះបានដាំដុះប្រភេទជីទាំងនេះលើផ្ទៃដី ៣០អារ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ មានប្រមាណ ២៥គ្រួសារ លើផ្ទៃដីប្រមាណ ៣០ហិកតា។ គាត់បានបន្តរៀបរាប់ទៀតថា ចំពោះដំណាំជីគ្រប់មុខ ងាយស្រួលក្នុងការដាំដុះ ហើយការប្រមូលផលវិញ អាចប្រមូលផលបានរយៈពេលពេញមួយឆ្នាំ មិនសូវប្រឈមនឹងសត្វល្អិតប៉ុន្មានទេ ចំពោះទីផ្សារវិញ មិនមានបញ្ហាកកស្ទះទេ ទោះបីជួបវិបត្តិកូវិដអស់រយៈពេលជាង ២ឆ្នាំកន្លងមកក្តី។ តម្លៃទីផ្សារនៅតែល្អប្រសើរ ប៉ុន្តែជី ថ្នាំ មានតម្លៃកើនឡើងធ្វើឲ្យផលិតកម្មរបស់ពួកគាត់មានផលចំណេញធ្លាក់ចុះបន្តិច។
ក្នុងការចុះពិនិត្យចម្ការ លោកប្រធានមន្ទីរ បានធ្វើការណែនាំតម្រង់ដល់កសិករគួររៀបចំលើករង ឬ ឆូតរង ដើម្បីងាយស្រួលក្នុងការថែទាំ សម្អាតស្មៅ និងការប្រមូលផល។ កសិរកគួរជ្រើសរើសជីកំប៉ុស្តជីលាមកគោ ដាក់ក្នុងស្រែ រក្សាបានគុណភាពដី បង្កើនជីជាតិដី គុណភាព សុវត្ថិភាពបន្លែ មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ថែមទាំងចំណេញថវិកាបានមួយចំនួន។
សូមជម្រាបជូនថា​ នៅក្នុងឃុំជីគរ កសិករដាំដុះជីគ្រប់មុខ ទាំង ២៥គ្រួសារ អាចផ្គត់ផ្គង់ជីបានក្នុងរង្វង់ ១ ០០០គីឡូក្រាម/ថ្ងៃ ទៅកាន់ផ្សារសួង។

ចំនួនអ្នកចូលទស្សនា
Flag Counter