ផ្តើមពីប្រមូលទិញគោមកបំប៉ន ក្លាយជាកសិករជំនាញបង្កាត់គោបែបសិប្បនិម្មិត
ចេញ​ផ្សាយ ២១ មេសា ២០២២
107
រសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមដំណើរដោយលោក សេង សោភា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានចុះសួរសុខទុក្ខ និងពិនិត្យដំណើរការបង្កាត់ពូជគោបែបសិប្បនិម្មិតរបស់ម្ចាស់កសិដ្ឋាន ហួត លាង (០៩៧ ៣៨ ៦៨ ៨៩៨) នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានចិញ្ចឹមគោបំប៉នជារៀងរាល់ខែក្នុងចំនួនពី ៥០០ក្បាល ទៅ ៦០០ក្បាល ហើយបានដាំដុះស្មៅចំណីសត្វលើផ្ទៃដីប្រមាណ ៧,៥ហិកតា ដើម្បីជាចំណីផ្សំជាមួយវត្ថុធាតុដើមផ្សេងទៀត។
កសិករ ហួត លាង បានរៀបរាប់ថា កន្លងមកគាត់ប្រមូលទិញគោពីគ្រប់ទីកន្លែងមកបំប៉នដែលជាប្រភេទគោក្នុងស្រុកផ្តល់សាច់តិច។ ដោយបានឃើញពីអត្ថប្រយោជន៍ក្នុងការចិញ្ចឹមគោ តាមលក្ខណៈបច្ចេកទេសនិងការបង្កាត់ពូជគោដោយសិប្បនិម្មិត ដែលអាចឲ្យយើងជ្រើសរើសពូជល្អៗហើយផ្តល់សាច់ច្រើន រូបគាត់ត្រូវបានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តត្បូងឃ្មុំ ជួយសម្របសម្រួលចូលរួមបណ្តុះបណ្តាលពីបច្ចេកទេសបង្កាត់គោតាមបែបសិប្បនិម្មិត ហើយបានយកមកសាកល្បងក្នុងកសិដ្ឋាននេះតែម្តង។ វិធីបង្កាត់ពូជសិប្បនិម្មិតនេះ ជួយធ្វើឲ្យកូនគោ ដែលកើតមក មានគ្រោងឆ្អឹងធំ ឆាប់ធំធាត់ មិនងាយឈឺ គ្មានជំងឺតពូជ ចំណេញពេលវេលា និងទទួលបានចំណូលប្រសើរជាង។ រហូតមកដល់ពេលនេះ គាត់បង្កាត់បែបសិប្បនិម្មិតបានចំនួន ៤៩ក្បាលមកហើយ ដែលពេលនេះកូនគោបានកើតមួយក្បាល ហើយនឹងកើតបន្តបន្ទាប់នៅសប្តាហ៍ក្រោយ។
ក្នុងឱកាសនោះផងដែរ ខ្ញុំ សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក ហួត លាង និងបានជំរុញបន្ថែមទៀតក្នុងការអនុវត្តបង្កាត់ពូជគោបែបសិប្បនិមិ្មត្ត ដោយទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនោះ ការធ្វើជីវសុវត្ថិភាពក្នុងកសិដ្ឋាននិងការចាក់ថ្នាំបង្ការជំងឺ មានសារៈសំខាន់ណាស់។ ជាពិសេសពេលដែលមានបញ្ហាបច្ចេកទេស សូមទំនាក់ទំនងមកខាងភ្នាក់ងារសុខភាពសត្វភូមិ ឬ មន្រ្តីជំនាញ ពិគ្រោះ។
ចំនួនអ្នកចូលទស្សនា
Flag Counter