ចូលកម្មវិធីទី៣ លោកប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនស្មាតអាក្រូ ចុះពិនិត្យការដាំសាកល្បងដំណាំគម្របដីប្រភេទសណ្ដែកផ្កា (Arachis Repens)ក្នុងចម្ការម្រេច។ លោក លឹម លាង ជាកសិករដាំដំណាំម្រេច នៅភូមិជាច ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាំសាកល្បងដំណាំគម្របដីអចិន្ត្រៃយ៍ជាប្រភេទដំណាំសណ្ដែកផ្កា (Arachis Repens)នេះ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ក្នុងចម្ការម្រេចលើផ្ទៃដី ០,២ហិកតា ដើម្បីធ្វើការប្រៀបធៀបលើចម្ការមួយផ្នែកទៀតដែលមិនប្រើដំណាំគម្របដី។ រហូតមកដល់ពេលនេះសណ្តែកផ្កា ទទួលបានការថែទាំ និងលូតលាស់ល្អប្រសើរដោយចាប់ផ្តើមកកើតកំពកប្ញស។ តាមការតាមដានពិនិត្យជាប្រចាំកសិកររូបនេះ បានរៀបរាប់ទៀតថា នៅក្នុងរដូវប្រាំងនេះ លោកសង្កេតឃើញថា ការដំណាំគម្របដីនេះ វាបានជួយកាត់បន្ថយរយៈពេល និងបរិមាណទឹកសម្រាប់ស្រោចស្រព រក្សាសំណើមដីបានយូរ កាត់បន្ថយស្មៅចង្រៃក្នុងចម្ការ និងកាត់បន្ថយការហូរច្រោះជីជាតិដី។ បើទោះបីជាលោកមើលឃើញថាការដាំដំណាំគម្របដីក្នុងចម្ការម្រេចរបស់គាត់បានផ្តល់នូវអត្ថប្រយោជន៍ក៏ពិតមែន ប៉ុន្តែលោកនៅតែបន្តការតាមដានការលូតលាស់ និងការផ្តល់សារធាតុចិញ្ចឹមទៅឲ្យដីនិងដំណាំ ព្រមទាំងកត្តាវិជ្ជមានផ្សេងៗទៀតដែលមានឥទ្ធិពលលើដំណាំមុននឹងពង្រីកការដាំដុះបន្ថែម និងផ្សព្វផ្សាយដល់កសិករដ៏ទៃទៀត ព្រោះវាជាវិធីសាស្រ្តដាំដុះបែបថ្មីក្នុងការកែលម្អជីជាតិដី។