នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២កម្មវិធីទី១ លោកប្រធានមន្ទីរបានដឹកនាំមន្ត្រីជំនាញ អមដំណើរឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាអិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនស្មាតអាក្រូ ចុះពិនិត្យទីតាំងសម្រាប់ដាំសាកល្បងដំណាំគម្របដីក្នុងចម្ការដំឡូងមីរបស់កសិករ នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ និងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ តាមការពន្យល់ ពិភាក្សា ជាមួយកសិករអំពីអត្ថប្រយោជន៍ដំណាំគម្របដីរួចមក កសិករ ៣នាក់ បានស្ម័គ្រចិត្តចូលរួមជាមួយក្រុមការងារដាំដំណាំគម្របដីនេះលើផ្ទៃដី ២,៥ហិកតា ដោយប្រើពូជសង្ក្រង់ស្វា។
តាមការរៀបរាប់ពីតំណាងក្រុមហ៊ុនស្មាតអាហ្គ្រូ បង្ហាញថា សង្ក្រង់ស្វា ជាដំណាំមួយប្រភេទ អាចស្រូបអាស៊ូតពីបរិយាកាសផ្តល់ជីជាតិដល់ដី ធ្វើឲ្យដីផុស រក្សាសំណើម ហើយវាមានអាយុកាលតែ ៤៥ថ្ងៃប៉ុណ្ណោះ ដែលសមស្របសម្រាប់ដំណាំដំឡូងមីដែលកសិករត្រូវដាំនៅអំឡុងខែមីនា ឬ មេសា ឬ ឧសភា ជារដូវកាលចាប់ផ្តើមដាំដំឡូងមីនៅខេត្តត្បូងឃ្មុំ។ ដំណាំគម្របដីនេះ មានច្រើនប្រភេទអាស្រ័យទៅតាមប្រភេទដំណាំ។
ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ចាប្រមាញ់ និងនេសាទ បានសំដែងនូវការកោតសរសើរកសិករទាំងបីនាក់ ដែលយល់ព្រមសហការជាមួយគម្រោងកសិកម្មអភិរក្ស ដាំដំណាំគម្របដី ដែលវាឆ្លើយតបទៅនឹងស្ថានភាពនៃការប្រែប្រួលអាកាសធាតុនិងថ្នាំ ជីកសិកម្ម កំពុងមានតម្លៃកើនឡើង។
ឯកឧត្តម បានបង្ហាញពីអត្ថប្រយោជន៍នៃដំណាំគម្របដីនេះរួមមាន ៖
-រុក្ខជាតិនោះស្រូបអាស៊ូតពីបរិយាកាស បញ្ជូនទៅឬស ហើយរលាយទៅក្នុងដីបង្កើនជីជាតិអាស៊ូតទៅឲ្យដី កាត់បន្ថយការប្រើប្រាស់ជីគីមី(ជីអ៊ុយរ៉េ ឬ ជី ស)
-ធ្វើឲ្យមានចន្លោះខ្យល់ដោយសារឬសរុក្ខជាតិពេលវាងាប់ទៅ
-រក្សាសំណើមដី
-បង្កើតមមោកដីកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ
-រួមចំណែកស្រូបកាបោានពីបរិយាកាស(កាត់បន្ថយជាតិពុល)
-ផ្តល់ផលប្រយោជន៍ជាចំណីសត្វ
-ចម្ការឃ្មុំ
-បង្កើតទេសភាពសម្រាប់ទេសចរណ៍ ជាដើម។
ជាការឆ្លើយតបក្នុងការចូលរួមរបស់កសិករ ឯកឧត្តម នឹងសម្របសម្រួលឲ្យក្រុមហ៊ុនស្មាតអាហ្គ្រូ ផ្តល់គ្រាប់ពូជសង្គ្រង់ស្វា ដើម្បីដាំដុះក្នុងពេកដ៏ខ្លីនេះឲ្យទាន់រដូវដាំដុះរបស់កសិករ ហើយសំណូមពរដល់កសិករយកចិត្តទុកដាក់ថែទាំដើម្បីរង់ចាំមើលលទ្ធផលទាំងអស់គ្នា។
ទន្ទឹមនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់មន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានចំណាប់អារម្មណ៍ខ្ពស់លើកសិកម្មអភិរក្សនេះ និងស្នើឲ្យមន្ទីរជួយតាមដានតម្រង់ទិសកសិករ ដើម្បីបង្ហាញពីប្រសិទ្ធភាពពិតប្រាកដជូនដល់ប្រជាកសិករ ទាញចំណាប់អារម្មណ៍មកលើដំណាំគម្របដីនេះ ពង្រីកវិសាលភាពឲ្យបានកាន់តែធំ រួមចំណែកកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ។