នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២
កម្មវិធីទី២ លោកប្រធានមន្ទីរបានដឹកនាំមន្ត្រីជំនាញ អមដំណើរឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនស្មាតអាក្រូ ចុះពិនិត្យការដាំដំណាំគម្របដី(ស្តាយឡូ)ក្នុងចម្ការកៅស៊ូរបស់ក្រុមហ៊ុនចំការកៅស៊ូមេមត់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
តាមការរៀបរាប់ពីលោក គីម វុទ្ធី តំណាងក្រុមហ៊ុនចំការកៅស៊ូមេមត់ បានរៀបរាប់ថា នៅឆ្នាំ២០២១ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនស្មាតអាហ្គ្រូ ដាំដំណាំមួយប្រភេទឈ្មោះថា ស្តាយឡូ
លើផ្ទៃដី ៣៥០ហិកតា ដែលមកដល់ពេលនេះមានរយៈពេល១០ខែមកហើយ ហើយនៅឆ្នាំ២០២២នេះ គ្រោងបន្តដាំលើផ្ទៃដី ៩៥០ហិកតាថែមទៀត។ ការចាប់ផ្តើមដាំដំណាំស្តាយឡូនេះ ដោយក្រុមហ៊ុនយល់ថា ដំណាំនេះនឹង ៖
-ស្រូបអាស៊ូតពីបរិយាកាស បញ្ជូនទៅឬស ហើយរលាយទៅក្នុងដីបង្កើនជីជាតិអាស៊ូតទៅឲ្យដី កាត់បន្ថយការប្រើប្រាស់ជីគីមី(ជីអ៊ុយរ៉េ ឬ ជី ស)
-ធ្វើឲ្យមានចន្លោះខ្យល់ដោយសារឬសរុក្ខជាតិពេលវាងាប់ទៅ ព្រោះរុក្ខជាតិស្តាយឡូនេះ ឬសរបស់វាចាក់ចូលក្នុងដីរហូតដល់ជម្រៅ ២ម៉ែត្រ
-រក្សាសំណើមដីបានល្អ ទោះនៅរដូវប្រាំង
-បង្កើតមមោកដីកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ទប់ស្កាត់ការហូរច្រោះ
-មិនមានស្មៅដុះ ព្រោះរុក្ខជាតិស្តាយឡូនេះ ដុះលូតលាស់លឿន និងអាចប្រជែងឈ្នះស្មៅ
-ផ្តល់គ្រាប់អាចពង្រីកការដាំដុះ ដោយមិនចំណាយទិញទៀតទេ។
តែក៏មានផលវិបាកដែរ ព្រោះវាទាក់ទាញសត្វល្អិតមួយចំនួន ដែលយើងត្រូវប្រើថ្នាំពុលការពារ។ ការដាំដំណាំស្តាយឡូនេះ អាចប្រើបាននៅពេលកៅស៊ូមានអាយុត្រឹមបួនឆ្នាំប៉ុណ្ណោះ។
ក្នុងឱកាសនោះឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ចាប្រមាញ់ និងនេសាទ បានសំដែងនូវការកោតសរសើរដល់ក្រុមហ៊ុន ដែលយកយន្តការដាំដំណាំគម្របដីក្នុងផលិតកម្មកៅស៊ូនេះនិងបានសំណូមពរដល់លោកតំណាងក្រុមហ៊ុនជួយផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដំណាំគម្របដីនេះដល់អ្នកដទៃ ដើម្បីពង្រីកវិធីសាស្ត្រកែលម្អគុណភាពដីឲ្យបានទូលាយ រួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើតភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការហូរច្រោះដី។