ការចុះពិនិត្យក្តាប់វឌ្ឍនភាពនៃការប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណាំបន្លែដោយប្រើប្រព័ន្ធពន្លឺព្រះអាទិត្
ចេញ​ផ្សាយ ២៨ មីនា ២០២២
93

នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២
ទឹក ផ្លូវ កន្លែងប្រមូលផ្តុំកសិផល និងបច្ចេកទេស ជាយន្តការគន្លឹះដែលថ្នាក់ដឹកនាំយកចិត្តទុកដាក់រៀបចំផ្តល់ជូនដល់ប្រជាកសិករ
លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី សហការជាមួយរដ្ឋបាលឃុំគោកស្រុក បានអញ្ជើញចុះសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក ចំនួន ១៩នាក់ ក្នុងនោះស្រី២នាក់ ដើម្បីពិនិត្យក្តាប់វឌ្ឍនភាពនៃប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណាំបន្លែប្រើប្រព័ន្ធពន្លឺព្រះអាទិត្យ ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក តេន ទុំ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មបៃតងគោស្រុក បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសាងសង់និងដាក់ឲ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្រោចស្រពបន្លែប្រើប្រព័ន្ធពន្លឺព្រះអាទិត្យនេះ បូមទឹកចេញពីអណ្តូងចំនួន៣ ដាក់ក្នុងស្រះស្តុកទឹក មុនបង្ហូរទៅកាន់ដីចម្ការបន្លែរបស់កសិករ។ ប្រើប្រព័ន្ធនេះកំពុងដំណើរការយ៉ាងល្អ មានភាពងាយស្រួលជាងទម្លាប់ពីមុនដែលប្រើម៉ាស៊ីនសម្រាប់បូមទឹកស្រោចស្រព ធ្វើឲ្យកសិករត្រូវចំណាយច្រើននិងជួបបញ្ហាខ្វះទឹកនៅរដូវប្រាំងជាពិសេសក្នុងខែមិនា និងខែមេសា។ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់បន្លែឲ្យទីផ្សារក្នុងស្រុក និងក្រៅស្រុក បង្កលក្ខណៈងាយស្រួលដល់ការដាំដុះបន្លែ កាត់បន្ថយថ្លៃដើមផលិត ចំណេញពេលវេលា បង្កើនការដាំដុះបានពេញមួយឆ្នាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាននាយកដ្ឋានវិស្វកម្មកសិកម្នៃអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បានរៀបចំប្រព័ន្ធពន្លឺព្រះអាទិត្យបូមទឹកសម្រាបើស្រោចស្រពផ្ទៃដីដាំបន្លែរបស់កសិករ៣០គ្រួសារ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានជម្រាបជូនបងប្អូនប្រជាកសិករថា គម្រោងនេះ គឺមានគោលបំណងផ្តល់ភាពងាយស្រួលដល់កសិករតាមរយៈការតភ្ជាប់បណ្តាញទឹកដល់ដីចម្ការកសិករតែម្តង មិនចំណាយថវិកាច្រើនសម្រាប់បូមទឹកស្រោចស្រព ចំណេញពេលវេលា និងតម្រង់ទិសឲ្យកសិករចេះសន្សំសំចៃទឹកស្រោចស្រព។ ក្នុងជំហានដំបូង ប្រព័ន្ធស្រោចស្រពនេះ មិនអាចផ្គត់ផ្គង់ទឹកដល់ចម្ការកសិករក្នុងពេលតែមួយព្រមគ្នាបានទេ សហគមន៍កសិកម្ម ត្រូវរៀបចំផែនការផ្គត់ផ្គង់ទឹកដោយការឆ្លាស់វេនគ្នា និងប្រើប្រាស់ប្រព័ន្ធតំណក់ទឹកក្នុងការស្រោចស្រពដែលចំណាយទឹកតិច នឹងផ្តល់ផលចំណេញយ៉ាងច្រើនសម្រាប់កសិករ។ កសិករត្រូវជឿជាក់លើបច្ចេកវិទ្យានេះនិងចូលរួមអនុវត្ត ដើម្បីកាត់បន្ថយចំណាយ បង្កើនចំណូល។
ក្នុងនោះដែរ លោកប្រធានមន្ទីរក៏បានផ្តល់ការតម្រង់ទិសដល់អ្នកចូលរួមនៅទីនោះដូចជា៖
-ចំពោះការដាំដុះដំណាំត្រសក់ ត្រូវប្រើទុយោតំណក់ទឹកនិងដាំតែ១ជួរ(កុំដាំ២ជួរ) ប្រសិនជាមានពេលទំនេរ អាចទៅមើលគំរូកសិករនៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលអនុវត្តទទួលបានជោគជ័យ
-ការលក់បន្លែត្រូវចេះប្រមូលផ្តុំគ្នាលក់ចេញពីអគារប្រមូលផ្តុំ ទៅឲ្យឈ្មួញប្រមូឡទិញណាមួយនៅទីនោះ ដើម្បីរក្សាគុណភាពតម្លៃនិងនិរន្តរភាពទីផ្សារ ប្រសើរជាលក់នៅតាមចម្ការដែលប្រឈមនឹងការបង្អាប់ថ្លៃ។ការវេចខ្ចប់បន្លែ មានសារៈសំខាន់ណាស់ក្នុងការទឹក់ទងអ្នកទិញ
-សហគមន៍កសិកម្ម ត្រូវណែនាំកសិករនៅក្នុងភូមិឲ្យដាំបន្លែនៅជុំវិញផ្ទះកុំទុកដីទំនេរចោល និងយកទៅលក់នៅអាគារប្រមូលផ្ដុំរបស់សហគមន៍ និងធ្វើយ៉ាងណាឲ្យស្រុកតំបែរក្លាយកន្លែងផ្គត់ផ្គង់បន្លែអតិបរមាសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក
-ទាក់ទងនឹងគុណភាពបន្លែ ត្រូវផលិតតាមគោលការណ៍សុវត្ថភាព GAP រឺគោលការណ៍ផ្សេងទៀត ដើម្បីបែងចែកគ្នាឲ្យបានច្បាស់លាស់ តាមតម្រូវការទីផ្សារ និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់
-ត្រូវចិញ្ចឹមសត្វបន្ថែមដូចជាមាន់ ទា ក្រៅពីការដាំដុះបន្លែ ដើម្បីបង្កើនប្រាក់ចំណូល ជាពិសេសយកលាមកសត្វ មកធ្វើជាជី កាត់បន្ថយការទិញជីគីមីមកប្រើ ដែលមានតម្លៃខ្ពស់
-ត្រូវពិនិត្យលើទីតាំងណាមួយ ដើម្បីអនុវត្តការដាំដុះដំណាំអភិរក្ស ដើម្បីបង្កើនជីជាតិ ដោយដាំប្រភេទរុក្ខជាតិគម្រប់ដី កាត់បន្ថយការហូរច្រោះជីជាតិដី កាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម ។ល.ល។
-ផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ការចេញចូលពីដីចម្ការរបស់សហគមន៍។ ដូច្នេះស្នើដល់សហគមន័កសិកម្ម ត្រូវរកដំណោះស្រាយពីផលប៉ះពាល់ ដោយព្យាយាមឲ្យម្ចាស់ដីបរិច្ចាគដីសម្រាប់សាងសង់ផ្លូវ៊។ កន្លងមក មានប្រជាពលរដ្ឋមួយចំនួនធំបានយល់ព្រមឲ្យដីធ្វើផ្លូវ តែនៅមានប្រជាពលរដ្ឋចំនួន ៣គ្រួសារទៀតមិនយល់ព្រមបរិច្ចាគដី លោកប្រធានមន្ទីរ បានសំណូមពរ ដល់អាជ្ញាធរឃុំ ត្រូវជំរុញការដោះស្រាយបំពេញតម្រូវការរបស់ប្រជាកសិករ ដោយទៅពន្យល់ពីអត្ថប្រយោជន៍នៃការសាងសង់ផ្លូវនេះឲ្យគាត់បានយល់ច្បាស់ ដើម្បីឈានទៅដល់ការសាងសង់នៅពេលឆាប់ៗខាងមុខនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter