ការអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យការប្រមូលផលដំណាំត្រសក់ចំណារនិងត្រប់ស្រួយរបស់កសិករ
ចេញ​ផ្សាយ ១៨ មីនា ២០២២
76

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ចប់កម្មវិធីចែកអង្ករនៅស្រុកពញាក្រែក
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យការប្រមូលផលដំណាំត្រសក់ចំណារនិងត្រប់ស្រួយរបស់កសិករ ស៊ីន ផល និងភរិយា យឿន សល់ (088 58 58 421) ស្ថិតនៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលកំពុងប្រមូលផលដំណាំត្រសក់ចំណារលើផ្ទៃដី ២ ៥០០ម៉ែត្រការ៉េ អាចប្រមូលផលបានជាមធ្យម ៥០០គ.ក្រ/ថ្ងៃ លក់បានតម្លៃ ៨០០រៀល/គ.ក្រ និងត្រប់ស្រួយ ចាប់ផ្ដើមប្រមូលផលបណ្ដើរៗ លើផ្ទៃដី ១ ៥០០ម៉ែត្រការ៉េ អាចប្រមូលផលបានចន្លោះពី ៥០ ទៅ ១០០គ.ក្រ/ថ្ងៃ លក់បានតម្លៃ ១ ០០០រៀល/គ.ក្រ។
ក្នុងការចុះពិនិត្យចម្ការរបស់កសិករ ស៊ីន ផល និងភរិយា យឿន សល់ បានរៀបរាប់ថា កាលពីមុនពួកគាត់មិនបានអនុវត្តតាមបច្ចេកទេសនោះទេ ដែលត្រូវចំណាយកម្លាំងពលកម្មក្នុងការថែទាំ ការប្រើប្រាស់ទឹកស្រោចស្រពច្រើន និងការប្រើប្រាស់ជីខ្ជះខ្ជាយជាដើម ហើយការទទួលទិន្នផលក៏មិនសូវបានល្អទេ។បន្ទាប់ពីអនុវត្តតាមការបង្ហាត់បង្រៀននិងការណែនាំបច្ចេកទេសកសិកម្មថ្មីពីមន្រ្តីជំនាញមក ពួកគាត់បានដាំដុះត្រសក់ចំណារតែមួយជួរ ប្រើកៅស៊ូគ្របរង ទុយោដំណក់ ធ្វើឲ្យត្រសក់លូតលាស់បានល្អ ឆាប់ធំ មានសុខភាពល្អ ងាយស្រួលគ្រប់គ្រង និងមិនមានស្មៅដុះ ងាយស្រួលក្នុងការបង្ហូរជីតាមទុយោ និងអាចសន្សំសំចៃទឹកបានថែមទៀត ហើយការចំណាយលើកម្លាំងពលកម្ម ជី តិចជាងមុន។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានសំដែងការកោតសរសើរដល់កសិករទាំងពីររូបដែលចាប់យកបច្ចេកទេសដែលមន្ត្រីជំនាញបានណែនាំ ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុនិងភាពមិននឹងននៃសេដ្ឋកិច្ចបច្ចុប្បន្ន។ វិបត្តិកូវីដ១៩និងសង្គ្រាមនៅប្រទេសអ៊ុយគ្រែន ពិតជាធ្វើឲ្យធាតុចូលកសិកម្មឡើងថ្លៃ។ ដូច្នេះការអនុវត្តតាមស្តង់ដារបច្ចេកទេស កាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្មខ្ជះខ្ជាយនិងជំនួសមកវិញនូវធាតុចូលដែលអាចកែច្នៃបានដោយខ្លួនឯងពីសារធាតុនៅជុំវិញខ្លួនពិតជាចាំបាច់។ ធានាឲ្យការដាំដុះនេះ មាននិរន្តរភាពនិងរក្សាបានចំណូល កសិករត្រូវបន្តនិងចាប់ផ្តើមសកម្មភាពមួយចំនួនដូចខាងក្រោម ៖
-ត្រូវបន្តអនុវត្តតាមការណែនាំបច្ចេកទេសពីមន្រ្តីជំនាញនិងថែទាំប្រព័ន្ធស្រោចស្រព
-ពិចារណាដាំរុក្ខជាតិគម្របដីដូចជាសណ្កបាយ សង្ក្រង់ស្វា....មុនដាំដំណាំដែលត្រូវដាំ ដើម្បីឲ្យដីមានជីជាតិ ដីធូរល្អ រក្សាសំណើមដី និងផលប្រយោជន៍ផ្សេងៗទៀត
-កែច្នៃកាកសំណល់ផ្សេងៗ បន្ទាប់ពីប្រមូលផលនិងវត្ថុធាតុដើមជុំវិញខ្លួន ដើម្បីកែច្នៃធ្វើជាជីកំប៉ុស្ត ជំនួសជីគីមីបានមួយចំនួនធំ ព្រមទាំងកែលម្អដីឲ្យផុសល្អ
-ត្រូវចិញ្ចឹមសត្វ មាន់ ទា ជ្រូក គោ ដើម្បីយកលាមកមកជំនួសជីគីមី។ ជាពិសេសការចិញ្ចឹមគោ ក្របី ជ្រូក ហើយធ្វើឡជីវឧស្ម័ន ដែលនឹងផ្តល់ផលប្រយោជន៍ដូចជា ចំហេះសម្រាប់ដាំស្ល បំភ្លឺ ហើយអាចផលិតជីធម្មជាតិ ជួយកាត់បន្ថយការប្រើប្រាស់ជីគីមី
-ត្រូវចងក្រងជាក្រុមផលិត ឬ សហគមន៍កសិកម្ម ហើយរៀបចំផែនការផលិត ឆ្លើយតបការតម្រូវរបស់ទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter