ព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២
សហគមន៍កសិកម្មចំនួន ២ (ពីរ) ឡើងទៅ អាចបង្កើតបានសហភាពសហគមន៍កសិកម្មមួយ ដើម្បីប្រមូលផ្តុំកម្លាំងផលិតកម្ម មធ្យោបាយផលិតកម្ម និងពង្រីកសមត្ថភាពនៅក្នុងផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម ឬ សេវាកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ខ្ញុំបានចូលរួមជាគណៈអធិបតីបើកមហាសន្និបាតកំណើតដំបូងសហភាពសហគមន៍កសិកម្ម ជាមួយលោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដែលអង្គមហាសន្និបាតអញ្ជើញចូលរួមជាកិត្តិយសផងដែរពីលោកអភិបាលរងស្រុកពញាក្រែក លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកមេឃុំកណ្តោលជ្រុំ លោកនាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិម្ម និងមានការចូលរួមពីលោក លោកស្រីតំណាងសហគមន៍កសិកម្មទាំ ៨សហគមន៍ ដែលស្ម័គ្រចិត្តចូលរួមបង្កើតជាសហភាពសហគមន៍កសិកម្ម សរុបអ្នកចូលរួមចំនួន ៤៥នាក់ ក្នុងនោះស្រីចំនួន ៤នាក់។
ការស្ម័គ្ររួបរួមគ្នាចងក្រងបង្កើតជាសហភាពសហគមន៍កសិកម្ម របស់សហគមន៍កសិកម្មទាំងប្រាំបី សឲ្យឃើញពីទស្សនវិស័យវែងឆ្ងាយ នៃពាណិជ្ជូបនីយកម្មកសិកម្មក្នុងបរិបទសាកលភាវូបនីយកម្ម ឈរលើគោលការណ៍ច្បាប់ បទដ្ឋានគតិយុត្ត ស្មារតី និងឆន្ទៈច្បាស់លាស់។ សហគមន៍កសិកម្មចំនួន ២ (ពីរ) ឡើងទៅ អាចបង្កើតបានសហភាពសហគមន៍កសិកម្មមួយ ដើម្បីប្រមូលផ្តុំកម្លាំងផលិតកម្ម មធ្យោបាយផលិតកម្ម និងពង្រីកសមត្ថភាពនៅក្នុងផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម ឬ សេវាកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ដូច្នេះពីតណាស់ វិសាលភាពការងារកាន់តែធំ ការសម្រេចចិត្តក៏កាន់តែទាមទារការគិតគូរហ្មត់ចត់ ឆ្លើយតបទៅនឹងគោលបំណងសមាជិកនិងតម្រូវការពិតប្រាកដរបស់សហភាព។ លក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងសហភាព ដើរតួនាទីសំខាន់ណាស់ ជាផែនទីក្នុងការតត្រង់ផ្លូវដល់ថ្នាក់ដឹកនាំសហភាព ក្នុងការគ្រប់គ្រង ដឹកនាំ និងដាក់ចេញនូវផែនការសកម្មភាពអនុវត្តដ៏ត្រឹមត្រូវ។ សមាជិកសហភាព នឹងធ្វើការវាស់វែងសមត្ថភាពគ្រប់គ្រង ដឹកនាំ តាមរយៈលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងនេះឯង។ ខ្ញុំសូមឲ្យអអ្គសន្នបាតពិចារណាកំណត់ប្រភេទមុខរបរបែបចំហរ ទំះហំប្រាក់ភាគហ៊ុន ប្រាក់សមាជិកភាព ការបែងចែកភាគលាភ និងការប្រើប្រាស់ទុនរបស់សហគាព។ ដូច្នេះស្នើឲ្យសមាជិក សមាជិកានៃអង្គសន្និបាត ពិនិត្យហើយ ពិនិត្យទៀត មុនធ្វើការសម្រេច។
ឆ្លៀតក្នុងឱកាសនោះ ខ្ញុំបានសំណូមពរដល់សហគមន៍កសិកម្មទាំង៨ ដែលនឹងស្ម័គ្រចិត្តរួមគ្នាបង្កើតសហភាពនាពេលនេះ ត្រូវពង្រឹងសហគមន៍របស់ខ្លួន ជាពិសេសត្រូវរៀបវចំមហាសន្និបាតប្រចាំឆ្នាំឲ្យបាន ព្រោះថាមហាសន្និបាតនេះ នឹងបង្ហាញឲ្យឃើញពីតម្លាភាពសម្រាប់សមាជិក និងផ្តល់ឱកាសឲ្យសមាជិកជួយផ្តល់យោបល់ដើម្បីពង្រីកសមិទ្ធផលនិងដោះស្រាយបញ្ហាប្រឈមដែលជយបក្នុងការអនុវត្តកន្លងមក។ បើសហគមន៍ រឹងមាំ នោះសហភាពគ៏នឹងរឹងមាំតាមនោះដែរ បើសហគមន៍ទន់ខ្សោយ សហភាពនឹងមិនទទួលបានជោគជ័យនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តតេចតេជោ ហ៊ុន សែន ណាយករដ្ឋមន្ត្រី បានគាំទ្រយ៉ាងខ្លាំងនិងលើកទឹកចិត្តយ៉ាងច្រើនចំពោះសហគមន៍កសិកម្ម ហើយបានកំណត់ថា សហគមនប៍កសិកម្ម ជាតួអង្គមួយក្នុងយន្តការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច រដ្ឋ ឯកជន អ្នកផលិត(សហគមន៍កសិកម្ម)។ នៅឆ្នាំ២០២១ វិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំបានចូលរួមចំណែកសេដ្ឋកិច្ចក្នុងខេត្តប្រមាណ ៤៩០លានដុល្លា ស្ទើរ១/៣នៃទំហំសេដ្ឋកិច្ចខេត្តសរុប។ ដូច្នេះ សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម ត្រូវតែសកម្មភាពជាងនេះ ដើម្បីជំរុញកំណើនទំហំផលិតកម្មឲ្យបានច្រើនជាងនេះ។