ថ្ងៃព្រហស្បត៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២
សម្រាប់ខេត្តត្បូងឃ្មុំ ខែមីនា អាចនិយាយបានថាជាខែចុងក្រោយនៃការប្រមូលផលដំឡូងមី ហើយក៏ជាឱកាសល្អសម្រាប់កសិករ រក្សាទុកដើមពូជដំឡូងមីសម្រាប់ដាំបន្ត។
ដូច្នេះ ក្នុងអត្ថបទនេះ នឹងផ្តល់គោលគំនិតខ្លះសម្រាប់អ្នកដាំដំឡូងមី ដែលត្រូវជ្រើសរើសដើមពូជពីក្នុងចម្ការរបស់ខ្លួន នូវដើមពូជមានសុខភាពល្អ មិនមានរងជំងឺនិងសត្វល្អិតចង្រៃ។
ការជ្រើសរើសដើមពូជដំឡូងមី
ជាកត្តាមួយយ៉ាងសំខាន់ក្នុងចំណោមកត្តាផ្សេងៗទៀតក្នុងការដំាដុះដំណាំ អាចជួយបង្កើនផលិតភាព និងគុណភាពដំណាំឲ្យការតែល្អប្រសើរ។
ការប្រើប្រាស់ពូជមានគុណភាពល្អ ដំណាំមានការលូតលាស់ល្អស្មើគ្នា ធន់ទៅនឹងការបំផ្លាញពីសត្វល្អិតចង្រៃ ជំងឺ ការប្រែប្រួលអាកាសធាតុ កាត់បន្ថយការប្រើប្រាស់ដើមពូជ មានមើមធំៗ ទិន្នផលខ្ពស់ ហើយកម្រិតជាតិម្សៅ(DC)ក៏ខ្ពស់។
ដូចនេះ កសិករដែលតែងរក្សាទុកដើមពូជដោយខ្លួនឯងពីក្នុងចម្ការ គប្បីជ្រើសរើសដើមពូជដំឡូងមី តាមរបៀបដូចតទៅ ៖ -កសិករគប្បីចុះចម្ការដំឡូងមី ពិនិត្យមើលនិងជ្រើសរើសដើមដំឡូងមីដែលមានសុខភាពល្អ មិនមានការបំផ្លាញពីជំងឺ និងសត្វល្អិតចង្រៃ ហើយប្រើខ្សែចងសម្គាល់តាមដើមនីមួយៗជាចំណាំ
-ដើមដំឡូងមីត្រូវទុកពូជ ត្រូវកាប់ឲ្យបានមុនការប្រមូលផលយកមើម ពី១-៧ថ្ងៃ។
-ដើមពូជដំឡូងមី ត្រូវកាប់យកមករក្សាទុក ដោយជមដើមពូជពី ២០០ដើមទៅ៣០០ដើម/ជម រួចទុកដាក់ក្បែរដើមឈើ ដើម្បីកាត់បន្ថយការបំភាយទឹកពីក្នុងដើមពូជដំឡូងមី និងធានាថាមានខ្យល់ចេញចូលគ្រប់គ្រាន់។ ជមដើមពូជ ត្រូវរក្សាទុកនៅឆ្ងាយពីទីតាំងចម្ការនិងកន្លែងដីមានសំណើមខ្ពស់ ព្រមទាំងរុំគ្របគល់ដើមពូជដំឡូងមីឲ្យបានល្អ ដោយប្រើស្លឹកឈើ ចំបើង ឬ គល់ជញ្ជាំង។
ស្រាវជ្រាវនិងរៀបចំចងក្រងដោយលោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មខេត្តត្បូងឃ្មុំ ទូរសព្ទលេខ ០៨៨ ៥៣ ៥១ ៣៣៣/088 53 51 333