នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០២១និងទិសដៅអនុវត្តឆ្នាំ២០២២ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។
ជាកិច្ចចាប់ផ្តើមឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានដឹកនាំ សម្របសម្រួល គាំទ្រដល់រាល់សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ជំរុញផលិតកម្មកសិកម្មរហូតទទួលបានលទ្ធផលគួរជាទីមោទន ដែលឆ្លើយតបទៅនឹងគោលនយោបាយនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម។ ហើយក៏សូមថ្លែងអំណរគុណចំពោះមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលបានគាំទ្រនិងសហការក្នុងរាល់សកម្មភាពកន្លងមក ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលចូលរួមអនុវត្តសកម្មភាពផលិតកម្មកសិកម្មយ៉ាងសស្រាក់សស្រាំ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំដែងនូវក្តីសង្ឃឹមថា សមិទ្ធផលជាច្រើនទៀតនឹងកើតមានឡើង ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តនិងគណៈអភិបាលខេត្ត។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺផ្តោតលើផលិតភាពកសិកម្ម ពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម យន្តូបនីយកម្មកសិកម្ម ដែលនឹងធ្វើឲ្យកំណើនក្នុងវិស័យកសិកម្មកាន់តែខ្ពស់។ ជាក់ស្តែងមកដល់ឆ្នាំ២០២១នេះ តម្លៃផលិតកម្មកសិកម្មមានទំហំប្រមាណ ១៨ពាន់លានដុល្លា។
ជាការផ្តាំផ្ញើ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តអនុវត្តការងារឲ្យស្របតាមផែនការយុទ្ធសាស្ត្រដែលមាន ស្តាប់តាមការណែនាំតម្រង់ទិសជាប្រចាំពីគណៈអភិបាលខេត្ត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយឯកឧត្តម បានប្រៀបធៀប ខេត្តដូចជាម្តាយ ក្រសួង ដូចជាឪពុក ដើម្បីចូលរួមសម្រេចយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។