តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បង្ហាញថា នៅឆ្នាំ២០២១ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់សេវាបច្ចេកទេសកសិកម្មថ្មី ដល់ប្រជាកសិករ អាជីវករ សេវាករ សហគមន៍កសិកម្ម បណ្តុំកសិករ និងក្រុមកសិករនៅ ៦៤ឃុំ សង្កាត់ ក្នុងក្រុង ស្រុកទាំង៧ ធ្វើឲ្យផលិតកម្មដំណាំនិងផលិតកម្មសត្វមានកំណើនល្អប្រសើរ។ ប៉ុន្តែដំណាំស្រូវរដូវប្រាំងចុងឆ្នាំ២០២១ ខូចខាតមួយចំនួនដោយសារជំនន់ទឹកភ្លៀងនិងជំនន់ទឹកទន្លេមេគង្គដែលជន់ឡើងខុសប្រក្រតី តែត្រូវបានស្តារឡើងវិញទាំងស្រុងដោយមានអន្តរាគមន៍ពូជស្រូវពីគម្រោងស្បៀងបម្រុងកម្ពុជារបស់រាជរដ្ឋាភិបាល។ ករណីផ្ទុះជំងឺដុំពកស្បែកគោ ក្របី ត្រូវបានពិនិត្យព្យាបាលជូនកសិករនិងលុបបំបាត់បានទាំងស្រុង។ បរិមាណផលជលផល មានការថយចុះដោយសារជំនន់ទឹកទន្លេមេគង្គតូចគ្របដណ្តប់លើដែននេសាទបានប្រមាណតែ ២៥%ប៉ុណ្ណោះ។ ទោះយ៉ាងណាតម្លៃផលិតផលកសិកម្មក្នុងវិស័យកសិកម្មទាំងមូលដែលសម្រេចបាននៅឆ្នាំ២០២១ មានតម្លៃទំហំ ៤៨២,៩៧លានដុល្លាអាមេរិក ដែលបានចូលរួមចំណែកក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិនិងជាប្រភពចំណូលសម្រាប់គ្រួសារកសិករទោះក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។
១- ការងារកសាងសមត្ថភាព
- បញ្ជូនមន្រ្តីទៅបណ្តុះបណ្តាលក្នុងខេត្ត ១៧រូប ក្នុងនោះស្រី ៦រូប និងក្រៅខេត្ត ៨រូប
- បណ្តុះបណ្តាល ត្រួតពិនិត្យ តាមដាន ណែនាំតម្រង់ទិសបច្ចេកទេសកសិកម្មថ្មីដល់កសិករបាន ៥២៣វគ្គ/លើក មានកសិករចូលរួមសរុប ៧ ៧០៦នាក់ ក្នុងនោះស្រី ២ ៩០៤នាក់
- ផ្សព្វផ្សាយតាមបណ្តាញសង្គម ជាអត្ថបទនូវព្រឹត្តិការណ៍ការងារនិងឃ្លីបវីដេអូបច្ចេកទេសបាន ៧៣១ព័ត៌មាន មានអ្នកតាមដាន(មើល)សរុប ១៨ ៤១៦ដង
- ចែកសៀវភៅបច្ចេកទេសកសិកម្មដល់មន្ត្រី កសិករ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំចំនួន ១០៥ក្បាល។
២- ផលិតកម្មដំណាំ
ខេត្តត្បូងឃ្មុំ មានផ្ទៃដីផលិតកម្មដំណាំសរុប ១៧៧ ៨៥៧ហិកតា ផ្តល់បរិមាណផលដំណាំសរុប ១ ៥១២ ៦៨៥តោន កើនឡើងចំនួន២,៨៨%ធៀបឆ្នាំ២០២០ ដែលតម្លៃផលិតផលកសិកម្មពីអនុវិស័យដំណាំមានទំហំប្រមាណ ២៧០,៥៥លានដុល្លាអាមេរិក។ ក្រៅពីទុកហូបនិងទុកពូជ ខេត្តត្បូងឃ្មុំនៅសល់ស្រូវប្រមាណ ៨៣ ៣២៤តោន ដែលគិតជាអង្ករ ស្មើចំនួន ៥៣ ៣២៧តោន សម្រាប់លក់ចេញទៅក្រៅខេត្ត ដែលមានតម្លៃប្រមាណ ១៨លានដុល្លាអាមេរិក។
៣- ផលិតកម្មកៅស៊ូ
ទូទាំងខេត្តមានផ្ទៃដីដាំដុះកៅស៊ូសរុប ៨៥ ២១៥ហិកតា(កៅស៊ូក្រុមហ៊ុន ៣១ ៩៥៧ហិកតា និងកៅស៊ូគ្រួសារ ៥៣ ២៥៨ហិកតា) ក្នុងនោះផ្ទៃដីកំពុងចៀរជ័រចំនួន ៦៨ ៤៣៣ហិកតា ដែលបានផ្តល់ជ័រសរុបប្រមាណ ៨១ ៦០៥តោន(ជ័រស្ងួត) កើនឡើង១៥,២៩% ធៀបឆ្នាំ២០២០ ដែលតម្លៃផលិតផលកសិកម្មពីអនុវិស័យកៅស៊ូមានទំហំប្រមាណ ១២០,៧៧លានដុល្លាអាមេរិក កើនលើសចំនួន ៥៥% ធៀបឆ្នាំ២០២០។
៤- ផលិតកម្មសត្វ
ការចិញ្ចឹមសត្វជាលក្ខណៈកសិដ្ឋានមានការកើនឡើង ដែលមានសត្វសរុប ២ ៧៣១ ៦០០ក្បាល ដែលផ្តល់បរិមាណផលប្រមាណ ១៩ ៧៦៣តោន កើនឡើងចំនួន ១៧,៦៥% ធៀបនឹងឆ្នាំ២០២០ ដែលតម្លៃផលិតផលកសិកម្មពីអនុវិស័យផលិតកម្មសត្វមានទំហំប្រមាណ ៥៧,១៥លានដុល្លាអាមេរិក។ កសិដ្ឋានចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មសរុបចំនួន ១២៣កន្លែង(២៦៤រោង) ស្មើនឹង ១២៧៣ ៧៤០ក្បាល និងការចិញ្ចឹមសត្វតាមបច្ចេកទេសជាលក្ខណៈគ្រួសារសរុប ៧១កន្លែង មានសត្វចំនួន ១៧ ៧០៧ក្បាល។
៥- ការងារសហគមន៍កសិកម្ម
សម្របសម្រួលរៀបចំបង្កើតសហគមន៍កសិកម្មថ្មីចំនួន ២សហគមន៍ បូកយោងសរុប ៣២សហគមន៍ មាន ចំនួន ២ ៣១១គ្រួសារ ក្នុងនោះស្រី ៧៨១គ្រួសារ។
៦- ការងារនីតិកម្មកសិកម្ម
- អធិការកិច្ចដេប៉ូលក់ដុំលក់រាយថ្នាំកសិកម្មនិងជីកសិកចំនួន ២៨លើក
- បានបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ ថ្នាំកសិកម្មនិងជីកសិកម្មដល់អាជីវករ និងកសិករដែលកំពុងឬមានបំណងធ្វើអាជីវកម្ម បានចំនួន ១វគ្គ អ្នកចូលរួមសរុបចំនួន ៥២នាក់។
៧- ការងារព្រៃឈើ
- ទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ បានចំនួន ២៩ករណី ក្នុងនោះ ពិន័យអន្តរកាណ៍ ចំនួន ១៦ករណី និងបញ្ជូនទៅតុលាការចំនួន ១៣ករណី
- បណ្ដុះកូនឈើសរុប ៣១ ៦៩៥ដើមនិងបានចែកចាយកូនឈើដល់សាលារៀន វត្តអារាម និងប្រជាពលរដ្ឋ ដាំដុះអាស្រ័យផល ចំនួន ១៨ ៧៤០ដើម។
៨. ការងារជលផល
- ផលិតផលនេសាទនៅទូទាំងខេត្ត ទទួលបានបរិមាណផលប្រមាណ ១៦ ៦២៩តោន ក្នុងនោះ ផលត្រីពីការនេសាទចំនួន ៨ ៣៩០តោននិងពីការចិញ្ចឹមចំនួន ៨ ០៨០តោន ដែលតម្លៃផលិតផលកសិកម្មពីអនុវិស័យជលផលមានទំហំ ៣៣,៥លានដុល្លារអាមេរិក។
- សហគមន៍នេសាទមានចំនួន ១៤សហគមន៍ សហគមន៍ស្រះជម្រកត្រី មានចំនួន ១៥សហគមន៍ និង កន្លែង អភិរក្សជលផល មានចំនួន ៩កន្លែង
- បង្រ្កាបបទល្មើសជលផលបានចំនួន ៥៨ករណី ក្នុងនោះដកហូតឃាត់ទុកវត្ថុតាងបំផ្លាញចោលវត្ថុតាងនៅ នឹងកន្លែង ៥៥ករណីនិងបញ្ជូនទៅតុលាការចំនួន ៣ករណី។