រសៀលថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២
ទំនើបកម្មកសិកម្ម ស្ថិតក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ ប្រជាពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ប្រជាពលរដ្ឋមានចំណូលកម្រិតខ្ពស់
ជាក់ស្តែងការរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដោយប្រើបន្ទះស្រូបពន្លឺព្រះអាទិត្យ ត្រូវបានតម្លើងជូនប្រជាកសិករ ក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលគាំទ្រពីកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមផែនការ ប្រព័ន្ធនេះ នឹងផ្តល់ទឹកសម្រាប់កសិករស្រោចស្រពដំណាំបន្លែដាំដុះនៅទីនោះ ៣០គ្រួសារ។
តាមមន្ត្រីជំនាញគម្រោងនេះ មានគោលបំណងផ្តល់ភាពងាយស្រួលដល់កសិករតាមរយៈការតភ្ជាប់បណ្តាញទឹកដល់ដីចម្ការកសិករតែម្តង មិនចំណាយថវិកាសម្រាប់បូមស្រោចស្រព ចំណេញពេលវេលា និងតម្រង់ទិសឲ្យកសិករចេះសន្សំសំចៃទឹកស្រោចស្រព។ ប្រព័ន្ធរៀបចំនេះ មិនអាចផ្គត់ផ្គង់ទឹកដល់កសិករក្នុងពេលតែមួយព្រមគ្នាបានទេ សហគមន៍កសិកម្មនៅទីនោះ ត្រូវរៀបចំផែនការផ្គត់ផ្គង់ទឹកដោយការឆ្លាស់វេនគ្នា និងប្រើប្រាស់ប្រព័ន្ធតំណក់ទឹកក្នុងការស្រោចស្រព។
ជម្រើសក្នុងការប្រើប្រាស់ប្រព័ន្ធតំណក់ទឹក នឹងផ្តល់ផលចំណេញយ៉ាងច្រើនសម្រាប់កសិករ។ កសិករ ត្រូវជឿជាក់លើបច្ចេកវិទ្យានេះ និងចូលរួមអនុវត្ត ដើម្បីកាត់បន្ថយចំណាយ បង្កើនចំណូល។