នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់
ខ្ពស់ឯកឧត្តមបណញឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំសហគមន៍កសិកម្មក្នុងធុរកិច្ចកសិកម្ម ដែលបានសម្របសម្រួលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំនិងមានការគាំទ្រថវិកាពីសហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់(DGRV)។ ស្ថិតក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ឆ្លើយតបទៅនឹងតម្រូវការការយល់ដឹងពីបទ ពិសោធន៍នៃធុរកិច្ចក្នុងរបត់នៃការវិវឌ្ឍន៍ពាណិជ្ជូបនីយកម្មនិងសាកលភាវូបនីយកម្មឯកឧត្តមពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា សហគមន៍កសិកម្ម បាននិងកំពុងដើរតួយ៉ាងសំខាន់ នៅក្នុងការជំរុញផលិតកម្មកសិកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មកសិកម្ម ពាណិជ្ចូបនីយកម្មកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច រក្សាកំណើនសេដ្ឋកិច្ចជាតិនិងចំណូលគ្រួសារកសិករ។ យោងតាមច្បាប់ស្តីពីសហគមន៍កសិកម្ម បានចង្អុលបង្ហាញថា សហគមន៍កសិកម្ម គឺ ជានីតិបុគ្គលឯកជនមានលក្ខណៈជាសហគ្រាសសេដ្ឋកិច្ចកសិកម្ម ដែលបង្កើតឡើងដោយរូបវន្ត បុគ្គលមួយក្រុម តាមការស្ម័គ្រចិត្តរួមគ្នាបង្កើតដើមទុន រួមគ្នាធ្វើជាម្ចាស់ និងរួមគ្នាគ្រប់គ្រងតាម លក្ខណៈប្រជាធិបតេយ្យ ដើម្បីពង្រីកសមត្ថភាពផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិ ពាណិជ្ជកម្ម ឬសេវាកម្មពាក់ព័ន្ធនឹងផលិតកម្មកសិកម្ម សំដៅលើកកម្ពស់សេដ្ឋកិច្ច សង្គម និង វប្បធម៌របស់សមាជិក។ នេះបានន័យថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាកសិករ ដែលប្រាក់ចំណូលពឹងផ្អែកពីកសិកម្ម តាមរយៈការផ្តល់អំណាចក្នុងការបង្កើនផលិតភាពកសិកម្ម អំណាចក្នុងការរកដៃគូធុរកិច្ច អំណាចក្នុងការចចារស្តង់ដារ គុណភាពកសិផលនិងតម្លៃ គឺក្រោម រូបភាពសហគមន៍កសិកម្មនេះតែម្តង។ ពាក្យថា សហគ្រាសសេដ្ឋកិច្ចកសិកម្ម មានន័យប្រហាក់ ប្រហែលក្រុមហ៊ុនឯកជនមួយ ដែលក្រុមហ៊ុនឯកជននេះ ទទួលបានការគាំទ្រយ៉ាងច្រើនទាំង ធនធានមនុស្សនិងថវិកាពីរដ្ឋ ពីដៃគូអភិវឌ្ឍន៍ និងគម្រោងនានា។ រាជរដ្ឋាភិបាល ដែលមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការនិងជាអ្នកដឹកនាំសម្របសម្រួល គាំទ្រ ផ្ទាល់ បានចាត់ទុកថា សហគមន៍កសិកម្ម ជាដៃគូមិនអាចខ្វះបានក្នុងការកសាងទំនាក់ទំនង រកស៊ីជាមួយវិស័យឯកជន ស្របតាមយន្តការ រដ្ឋ ឯកជន សហគមន៍កសិកម្ម។ ទន្ទឹមនេះ ក្នុង នាមរដ្ឋបាលខេត្ត ក៏បានមើលឃើញតួនាទីកាន់តែសំខាន់ឡើងរបស់សហគមន៍កសិកម្ម ក្នុងការ ជំរុញផលិតកម្មកសិកម្ម រក្សាតម្លៃកសិផល និងប្រាក់ចំណូលរបស់កសិករ។
ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃនៃអង្គសិក្ខាសាលានេះ ឯកឧត្តមអភិបាលរងខេត្ត បានផ្តល់អនុសាសន៍តម្រង់ទិសមួយចំនួនដូចតទៅ ៖
១-ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ រៀនសូត្រពីបទ ពិសោធន៍ការងារធុរកិច្ចកសិកម្មជោគជ័យល្អៗ ដែលសហគមន៍កសិកម្មក្នុងខេត្តរបស់យើង មួយចំនួនសម្រេចបានជោគជ័យកន្លងមក ដើម្បីជាទុនសម្រាប់យកទៅអនុវត្តបន្តក្នុងធុរកិច្ច កសិកម្មរបស់ខ្លួន។
២-ស្នើឱ្យមានកិច្ចពិភាក្សារួមក្នុងអង្គសិក្ខាសាលាពីបញ្ហាប្រឈមក្នុងដំណើរការធុរកិច្ច កសិកម្ម ដែលសហគមន៍កសិកម្មបានជួបប្រទះកន្លងមក រកដំណោះស្រាយ និងទិសដៅ អនុវត្តបន្ត។
៣-ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ពេលរៀបចំកម្មវិធីមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន សូមឱ្យមានការពិភាក្សាជាមួយសមាជិក ធ្វើយ៉ាងណារក្សាទុកភាគចំណេញបញ្ចូលក្នុងមូលនិធិ អភិវឌ្ឍន៍ មុខជំនួញសហគមន៍ឲ្យបានច្រើន ដើម្បីពង្រីកមុខជំនួញឲ្យបានច្រើន។ ក្នុងន័យខាង លើនេះ ចង់ប្រៀបធៀបថា “ ឈើមួយដើមបើដើមមានសុខភាពល្អរឹងមាំ នោះមែកនិង ស្លឹក ក៏មានសុខភាពល្អដែរ តែបើដើមមិនរឹងមាំ នោះមែកនិងស្លឹកនឹងជ្រុះ រប៉ាត់រប៉ាយតាមនោះដែរ “។
៤-សហគមន៍កសិកម្មយើងនៅក្មេងខ្ចីណាស់ ដូចនេះមន្ទីរកសិកម្ម មន្ទីរ អង្គភាពជំនាញ ពាក់ព័ន្ធ រដ្ឋបាលដែនដី ត្រូវបន្តគាំពារ បណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេស ណែនាំ តម្រង់ទិស អនុវត្តឲ្យបានជាប្រចាំ ជាពិសេសជំរុញការផលិតតាម ស្តង់ដាផសិតផលកសិកម្ម ឱ្យចេញជារូបរាង ដើម្បីកែលម្អរគុណភាពកសិផលឲ្យបានល្អជាងមុន ព្រមទាំងអនុវត្តផលិត កម្មតាមកិច្ចសន្យា ដែលយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារដល់ផលប្រយោជន៍របស់ ភាគីអ្នកផលិត និងប្រមូលទិញកសិផល។