ដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ និងចង់ឲ្យផលិតផលទុរ៉េន មានទីផ្សារនៅលើឆាកអន្តរជាតិ
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០២២
94
ព្រឹកថ្ងៃសៅរ៍១២រោច ខែបុស្ស ឆ្នាំឆ្លូវ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២
ដើម្បីទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ និងចង់ឲ្យផលិតផលទុរ៉េន មានទីផ្សារនៅលើឆាកអន្តរជាតិ ពិសេសទីផ្សារប្រទេសចិន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនូវយន្តការគន្លឹះ ៣ចំណុច សម្រាប់កសិករដាំទុរ៉េន ៖
ទី១- ចំពោះម្ចាស់ចម្ការត្រូវចងក្រងបណ្តុំផលិត ឬសហគមន៍ទុរ៉េននៅតាមតំបន់នីមួយៗដែល មានសក្តានុពល។ កត្តានេះ វានឹងធ្វើឲ្យឈ្មួញ ឬទីផ្សារក្រៅប្រទេសក្តាប់បាននូវផ្ទៃដីដាំដុះ ផ្ទៃដីប្រមូលផល និងបរិមាណផលដែលមានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារ។ យកសិទ្ធិ និងអំណាចរបស់បណ្តុំ ឬសហគមន៍តវ៉ា ចរចាតម្លៃជាមួយដៃគូ ចុះកុងត្រា ឬ ធ្វើកិច្ចសន្យាផលិត សំខាន់ជាងនេះ គឺអាចទទួលបានការបណ្តុះបណ្តាលបច្ចេកទេសនិងលទ្ធភាពទទួលបានឥណទានពីប្រភពផ្សេងៗ។ល។
ទី២- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួរៀបចំសម្របសម្រួលការងារលើចំណុចទី១ ខាងលើឲ្យបានរលូន និងឆាប់តាមដែលអាចធ្វើទៅបាន។
ទី៣- មានវត្តមានឯកឧត្តមប្រតិភូ ងិន ឆាយ លោករដ្ឋមន្រ្តីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិន ធ្វើទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិនសិក្សាពីបែបបទនិងឯកសារតម្រូវទាំងបច្ចេកទេសនិងច្បាប់។ គួរសហការជាមួយក្រុមហ៊ុននាំចេញស្វាយ ឬ ចែកអំបូងលឿង ដើម្បីស្វែងយល់បន្ថែមអំពីលទ្ធភាពនាំចេញទុរ៉េនកម្ពុជា ទៅកាន់ទីផ្សារចិន នាពេលអនាគតដ៏ខ្លី។ មួយវិញទៀត អគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើបច្ចុប្បន្នភាពផ្ទៃដីដាំដុះទុរ៉េននិងទិន្នផលនៅទូទាំងប្រទេស ព្រមជាមួយគ្នាក៏ត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវអំពីបច្ចេកទេសដាំដុះ ជំងឺ សត្វល្អិត និងបច្ចេកទេសកែច្នៃ ទុកដាក់សមស្របតាម ស្តង់ដារ CamGAP ជាពិសេសស្តង់ដារទីផ្សារនាំចេញ។
ការផ្តល់ជូនយន្តការ បានធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រី ចុះពិនិត្យចម្ការទុរ៉េនរបស់កសិករ សុខ ឡេង(០៨៨ ២២ ៧៧៧ ៩៩) នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំនិងសំណេះសំណាលជាមួយកសិករដាំទុរ៉េន នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២នេះ។
ចំនួនអ្នកចូលទស្សនា
Flag Counter