ទឹក ភ្លើង នឹងរួមចំណែកទំនើបកម្មកសិកម្មនិងសម្រាលបន្ទុកចំណាយក្នុងផលិតកម្មដំណាំរបស់កសិករ
រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានសហការជាមួយមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូររាំងឪ អញ្ជើញចុះពិនិត្យដំណើរការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំអាយុកាលខ្លី(បន្លែ) សម្រាប់កសិករដាំបន្លែក្នុងសហគមន៍កសិកម្មកសិកម្មអូររាំងឪមានជ័យ ស្ថិតក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្រោចស្រពនេះ ត្រូវបានរៀបចំឡើងដោយប្រើប្រាស់ទឹកអណ្តូង បូមដាក់ក្នុងអាងស្តុកទឹកចំនួនពីរ មុនបង្ហូរទៅកាន់ក្បាលដីចម្ការបន្លែរបស់កសិករផ្ទាល់តែម្តង។ តាមគម្រោង ប្រព័ន្ធផ្គត់ផ្គង់ទឹកនេះ មានសមត្ថភាពផ្គត់ផ្គង់ទឹកដោយស្វ័យប្រវត្តិដល់គ្រួសារកសិករ ៤០គ្រួសារ សម្រាប់ស្រោចស្រពលើផ្ទៃដីប្រមាណ ៣០ហិកតា។
សូមជូនជម្រាបថា ដើម្បីរួមចំណែកកាត់បន្ថយថ្លៃដើមផលិតដំណាំបន្លែ របស់កសិករក្នុងខេត្តត្បូងឃ្មុំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចាត់ចែងអនុវត្តផ្ទាល់ដោយនាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានចាត់ចែងរៀបចំកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្រោចស្រពស្វ័យប្រវត្តិដល់ដីចម្ការកសិករផ្ទាល់ចំនួន ២កន្លែង ដែលត្រូវគ្រប់គ្រងប្រើប្រាស់ដោយសហគមន៍កសិកម្មផ្ទាល់តែម្តង។ គម្រោង ក៏បានសម្របសម្រួលតបណ្តាញអគ្គីសនី ជូនដល់ដីចម្ការកសិករផងដែរ ដែលឆ្លើយតបទៅនឹងទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា មានទឹក មានភ្លើង មានផ្លូវ ដល់ដីស្រែកសិករនិងលើកកម្ពស់កម្រិតយល់ដឹងប្រជាកសិករពីបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ពេលនោះផងដែរ លោកប្រធានមន្ទីរ បានអញ្ជើញចុះពិនិត្យដំណាំឆៃថាវនិងជួបជាមួយសមាជិកសហគមន៍កសិកម្មអូររាំងឪ ដែលបានដាំដុះឆៃថាវ ចំនួន ៧គ្រួសារ ស្មើនឹងផ្ទៃដីសរុបចំនួន ៤ហិកតា អាចចាប់ផ្ដើមប្រមូលផលចាប់ពី ចុងខែមករា ឆ្នាំ២០២២ ក្នុងបរិមាណប្រមាណ ១២០តោន។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានធ្វើការណែនាំតម្រង់ទិសបន្ថែមដល់កសិករជាសមាជិកសហគមន៍កសិកម្ម ដូចជា ៖
-សមាជិកសហគមន៍កសិកម្ម ត្រូវចេះរៀបចំផែនការដាំដុះឲ្យបានត្រឹមត្រូវ ប្រមូលផលមានជាប្រចាំ និងតម្រង់ទិសការលក់ដូរមានលក្ខណៈប្រមូលផ្ដុំគ្នា រហូតឈានដល់កិច្ចសន្យាមួយច្បាស់លាស់ជាមអ្នកទិញ
-ណែនាំកសិករប្រើប្រាស់ប្រព័ន្ធស្រោចស្រព ដោយប្រើប្រាស់ប្រព័ន្ធសាច ប្រព័ន្ធដំណក់ ដើម្បីបានចំណេញពេលវេលា កម្លាំងពលកម្ម និង អាចសន្សំសំចៃទឹកបានផងដែរ
-ការប្រើប្រាស់ថ្នាំពុល ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងតាមការណែនាំរបស់មន្រ្តីជំនាញ
-ពេលប្រើប្រាស់ថ្នាំពុលកសិកម្ម ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពខ្លួនឯង និងអ្នកបរិភោគ
-សហគមន៍ ត្រូវស្វែងរកដីរបស់សហគមន៍ ដើម្បីកសាងសំណង់រូបវ័ន្តកសិកម្មថែមទៀត គាំទ្រដល់ដំណើរការអភិវឌ្ឍក្នុងសហគមន៍។
ត្រូវការឆៃថាវពីស្រុកអូររាំងឪ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 097 72 90 103