សហគមន៍កសិកម្ម ត្រូវពង្រឹងសមត្ថភាពឲ្យក្លាយជាអ្នកផលិតពូជដំឡូងមី សម្រាប់ជូនសមាជិកដាំដុះ
ព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ អង្គភាពអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន(CFAVC) ខេត្តត្បូងឃ្មុំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគាំទ្រថវិកាពី មូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្របសម្រួលរៀបចំទិវាចម្ការបង្ហាញ ផលិតកម្មពូជដំណាំដំឡូងមី៨១ របស់កសិករ សេង សំបាត់ នៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំ ១០ ០០០ម៉ែត្រការ៉េ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហេង ប៊ុននី អនុប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស តំណាងលោកបណ្ឌិត សំ ឆោមសង្ហារ អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន លោក លោក ធីវ វណ្ណធី ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ជាប្រធានអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងស្រុកក្រូចឆ្មារ លោក លោកស្រី អនុប្រធាន និងមន្ត្រីការិយាល័យ នៃអគ្គនាយកដ្ឋានកសិកម្ម លោកមេឃុំ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាភិបាល សមាជិកសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ និងកសិករដាំដំឡូងមី សរុប ៤៥នាក់ ក្នុងនោះស្រី ១២នាក់។
អនុវត្តតាមផែនការ គម្រោងខ្សែច្រវាក់ផលិតកម្មដោយ ភាតរៈបរិស្ថាន(CFAVC) បានផ្តល់ការអនុវត្តបង្ហាញផលិតកម្មពូជដំណាំដំឡូងមី ចំនួន ៥បង្ហាញ/គ្រួសារ លើផ្ទៃដី ៥ហិកតា នៅក្នុងស្រុកតំបែរ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រើប្រភេទពូជដំណាំដំឡូងមី ៨១ និងពូជរ៉ាក់យ៉ង៩ ដែលជាប្រភេទពូជដាំ និងបន្សុទ្ធដោយស្ថានីយ៍ផលិតពូជដំណាំឧស្សាហកម្មចម្ការលើ ស្រុកចម្ការលើ ខេត្តកំពង់ចាម។ ការអនុវត្តបង្ហាញផលិតកម្មពូជដំឡូងមី និងទិវាបង្ហាញនេះក្នុងគោលបំណង៖
-ផ្តល់ពូជដំឡូងមីដែលមានគុណភាពល្អ ធន់នឹងជំងឺ ទទួលទិន្នផលខ្ពស់ ហើយធន់នឹងអាកាសធាតុលើចម្ការកសិករគំរូ ដើម្បីពួកគាត់បានពូជល្អទៅពង្រីក និងផ្សព្វផ្សាយបន្តដល់កសិករក្នុងសហគមន៍និងតំបន់របស់គាត់
-ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រពន្ធ័ផលិតកម្ម និងការផ្គត់ផ្គង់ពូជដំឡូងមីប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។
តាមការតាមដាន សិក្សាលើពូជដំណាំដំឡូងមី ៨១ ដែលធ្វើបង្ហាញនេះ គឺមានភាពធន់នឹងជំងឺម៉ូសាអ៊ិក(CMD) និងបន្សាំបានល្អ ទៅនឹង ការប្រែប្រួលអាកាសធាតុ ផ្តល់ជាបច្ច័យល្អសម្រាប់ការជ្រើសរើសរក្សាទុកជាពូជសម្រាប់ការដាំដុះ ពង្រីកពូជនិងផលិតកម្ម។