ពិនិត្យដំណើរការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំអាយុកាលខ្លី(បន្លែ) សម្រាប់កសិករដាំបន្លែក្នុងសហគមន៍កសិកម្មកសិកម្មអូររាំងឪមានជ័យ
ចេញ​ផ្សាយ ០៣ មករា ២០២២
82
ប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពដំណាំបន្លែ ជួយកាត់បន្ថយចំណាយថ្លៃដើមផលិត ចំណេញពេលវេលា ពង្រីកទំហំផលិតកម្ម បង្កើនចំណូលគ្រួសារ កសិករ
ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំអាយុកាលខ្លី(បន្លែ)សម្រាប់កសិករដាំបន្លែក្នុងសហគមន៍កសិកម្មកសិកម្មអូររាំងឪមានជ័យ ស្ថិតក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្រោចស្រពនេះ ត្រូវបានរៀបចំឡើងដោយប្រើប្រាស់ទឹកអណ្តូង បូមដាក់ក្នុងអាងស្តុកទឹកចំនួន ២ មុនបង្ហូរទៅកាន់ក្បាលដីចម្ការដាំបន្លែរបស់កសិករផ្ទាល់តែម្តង។ តាមគម្រោង ប្រព័ន្ធផ្គត់ផ្គង់ទឹកនេះ មានសមត្ថភាពផ្គត់ផ្គង់ទឹកដោយស្វ័យប្រវត្តិដល់គ្រួសារកសិករ ៤០គ្រួសារ សម្រាប់ស្រោចស្រពលើផ្ទៃដីប្រមាណ ៣០ហិកតា។
សូមជូនជម្រាបថា ដើម្បីរួមចំណែកកាត់បន្ថយថ្លៃដើមផលិតដំណាំបន្លែ របស់កសិករក្នុងខេត្តត្បូងឃ្មុំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចាត់ចែងអនុវត្តផ្ទាល់ដោយនាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានចាត់ចែងរៀបចំកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្រោច ស្រពស្វ័យប្រវត្តិ ដល់ដីចម្ការកសិករផ្ទាល់ចំនួន ២កន្លែង ដែលត្រូវគ្រប់ គ្រងប្រើប្រាស់ដោយសហគមន៍កសិកម្មផ្ទាល់តែម្តង។
លោក ហាន សុខមឿន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ជួសមុខឲ្យសមាជិកទាំង ៤០គ្រួសារ បានបង្ហាញពីសេចក្តីសប្បាយរីករាយចំពោះការរៀបចំនេះនិងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន ដែលបានគិតគូរដោះស្រាយការលំបាករបស់ប្រជាកសិករ និងរិះរកគ្រប់មធ្យោបាយជួយឧបត្ថម្ភ គាំទ្រ ដើម្បីកសិករបានចំណូលកាន់តែប្រសើរ។
រូបភាពដោយ លោក សន មិនា
ចំនួនអ្នកចូលទស្សនា
Flag Counter