នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមពិធីសំណេះសំណាលនិងចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មបន្លែគោកស្រុករុងរឿង ចំនួន ៣៩គ្រួសារ ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ចើញចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកតំបែរ លោកក្រុមប្រឹក្សាឃុំ លោកមេភូមិ និងសហការី។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានជម្រាបដល់កសិករជាសមាជិកបណ្ដុំ បានឲ្យដឹងថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាគម្រោងរបស់រាជរដ្ឋាភិបាល សម្របសម្រួលដឹកនាំអនុវត្តនៅទូទាំងប្រទេសដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយអនុវត្តផ្ទាល់នៅមូលដ្ឋានដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ ការសម្របសម្រួលរៀបចំបណ្តុំអាជីវកម្មផលិតបន្លែនេះឡើង ក្នុងគោលបំណងប្រមូលផ្តុំសក្តានុពលផលិតកម្មទាំងបរិមាណ គុណភាព សុវត្ថិភាព និងទីផ្សារ ដើម្បីពង្រីកទំហំទីផ្សារនិងលើកកម្ពស់តម្លៃបន្លែ បង្កើនប្រាក់ចំណូលរបស់គ្រួសារកសិករ។ តាមរយៈគម្រោងនេះ និងតម្រូវការក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់សមាជិកបណ្តុំ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ គម្រោងបានរួមចំណែកទុនសហវិនិយោគជាសម្ភារៈមានដូចជា ទុយោសាច គ្រាប់ពូជ និងឧបករណ៍សម្រាប់វាស់សំណើម និងPHរបស់ដី។ អ្វីទាំងនេះជាការចូលរួមចំណែកមួយក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដើម្បីដាំដុះឲ្យបានពេញមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារមានស្ថេរភាព។
សូមជម្រាបជូនថា ក្នុងនៅក្នុងភូមិគោកស្រុក ឃុំគោកស្រុក មានសក្តានុពលខ្លាំងលើដំណាំខ្ទឹមស្លឹក បន្ទាប់ពីកម្មវិធីបានអនុវត្តរយៈពេល ២ឆ្នាំកន្លងមក កសិករបានយល់ដឹងកាន់តែច្បាស់ពីការចងក្រងជាបណ្ដុំ ទទួលបានបច្ចេកទេសដាំដុះ ហើយបានដាំដុះដំណាំបន្លែផ្សេងៗទៀត។ តាមរយៈកម្មវិធីខាងលើ បានផ្ដល់ឃអគារប្រមូលផ្ដុំកសិផលចំនួន ១ខ្នង និងផ្ទះសំណាញ់ ចំនួន ៧ខ្នង ដែលកសិករអាចដាំដុះបានពី ៤ដង ទៅ ៥ដង ក្នុងមួយឆ្នាំ។