ទោះបីក្នុងវិបត្តិកូវីដ១៩ ក៏ប្រជាកសិករដាំបន្លែ ចិញ្ចឹមសត្វ សម្រាប់ជាធាតុផ្សំក្នុងរបបអាហារប្រចាំថ្ងៃនិងប្រាក់ចំណូលគ្រួសារ
ចេញ​ផ្សាយ ០៦ ធ្នូ ២០២១
120
ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោក ចាន់ រដ្ឋា មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូររាំងឪ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បានចុះសួរសុខទុក្ខ និងពិនិត្យការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ការចិញ្ចឹមមាន់ស្រែរបស់សមាជិកបណ្ដុំអាជីវកម្ម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) តាមកម្មវិធីដូចតទៅ ៖
១-កសិករ ស៊ុប សំអាត (ទូរស័ព្ទលេខ 097 63 24 669) ស្ថិតនៅភូមិដូនទេស និងកសិករ យ៉ុង ប៉ុន (ទូរស័ព្ទលេខ 071 23 25 085) ស្ថិតនៅភូមិក្បាលអូរ ឃុំទួលសូភី ស្រុកអូររាំងឪ ជាសមាជិកបណ្ដុំអាជីវកម្ម បានដាំដុះស្ពៃក្រញាញ់ នៅក្នុងផ្ទះសំណាញ់ ទំហំ ១០ម៉ែត្រx៣៦ម៉ែត្រ ហើយអាចប្រមូលផលបានចន្លោះពី ៤០០-៥០០គ.ក្រ លក់បានតម្លៃ ៣ ៥០០រៀល/គ.ក្រ។ ចាប់ពីទទួលបានផ្ទះសំណាញ់ ពីកម្មវិធី គាត់ប្រមូលផលបាន ៤ដងរួចមកហើយ។ កសិករទាំងពីរគ្រួសារ បានសំដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ព្រោះទទួលបានទិន្នផលខ្ពស់ បន្លែមិនមានការបំផ្លាញពីសត្វល្អិតចង្រៃ ពីទឹកភ្លៀង តម្លៃក៏ល្អប្រសើរ ជាពិសេសបន្លែមានគុណភាពល្អ លក់បានតម្លៃថ្លៃជាងបន្លែដាំនៅខាងក្រៅ និងអាចដាំដុះបានពេញមួយឆ្នាំ។
២-កសិករ ងិន សុខឃីម (ទូរស័ព្ទលេខ 097 60 49 093) បានចិញ្ចឹម មាន់ស្រែចំនួន ៧៥ក្បាល ដែលមានមេបា ចំនួន ១៥ក្បាល និងមាន់ សាច់ ចំនួន ៦០ក្បាល អាចលក់បានតម្លៃ ១៩ ០០០រៀល/គ.ក្រ និងកសិករ ងិន ឈឿន (088 52 48 359) បានចិញ្ចឹមមាន់ស្រែ ចំនួន ៥០ក្បាល អាចលក់បានតម្លៃ ១៧ ០០០រៀល/ក្បាល ស្ថិតនៅភូមិទំពាំង ឬស្សី ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ កសិករខាងលើ បានថ្លែងអំណរអរគុណចំពោះកម្មវិធី ដែលបានផ្ដល់កូនមាន់ស្រែ ចំណី និងបានបង្ហាត់បង្រៀនពីបច្ចេកទេសចិញ្ចឹមមាន់ ធ្វើឲ្យការចិញ្ចឹមមាន់ មិនមានជួបហានិភ័យជំងឺនោះទេ ហើយទទួលបានប្រាក់ចំណូល រួមចំណែកដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។
តាមការចុះពិនិត្យមើលក្នុងការចិញ្ចឹមមាន់ស្រែរបស់កសិករទាំងពីរគ្រួសារ បានបង្ហាញឲ្យឃើញថា កសិករបានយកចិត្តទុកដាក់ការចិញ្ចឹមមាន់ស្រែ ទាំងការថែទាំ ការរៀបចំទ្រុង ការសម្អាតលាមកមាន់ក្នុងទ្រុង និងមាន់មានសុខភាពល្អ និងបានណែនាំឲ្យជ្រើសរើសសម្រាំងមេបាពូជសម្រាប់ពង្រីកផលិតកម្មបន្ថែមទៅមុខ។
៣-កម្មវិធីទី៣ បានបន្តចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពដំណាំបន្លែរបស់កសិករ នៅភូមិទួលចង្វារ ឃុំគងជ័យ ស្រុកអូររាំងឪ បាននិងកំពុងដាំដុះ និងប្រមូលផលស្ពៃក្រញាញ់ ស្ពៃតឿ សាលាដ និងស្ពៃខៀវ លក់បានតម្លៃ ២ ០០០រៀលទៅ៣ ០០០រៀល/គ.ក្រ។
បន្លែនៅទួលចង្វារ មានកសិករ ចំនួន ១២គ្រួសារ ដាំលើផ្ទៃដីសរុប ១ហិកតា ៣០អារ ដែលបានដាំដុះបន្លែស្លឹកពេញមួយឆ្នាំ។ កសិករ បានថ្លែងអំណរអរគុណជូនចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានជួយសម្រួលតបណ្ដាញអគ្គិសនីចូលមកដល់ចម្ការ និងបានផ្ដល់ម៉ូទ័របូមទឹកចំនួន ១គ្រឿង/គ្រួសារ នាពេលកន្លងមក ធ្វើឲ្យការដាំដុះបន្លែមានភាពងាយស្រួល ចំណាយលុយភ្លើងតិចជាងចំណាយប្រេង ស្រ្តីអាចធ្វើបានងាយ ធ្វើឲ្យ ទទួលបានប្រាក់ចំណូលល្អប្រសើរជាងមុន។
ចំនួនអ្នកចូលទស្សនា
Flag Counter