ខេត្តត្បូងឃ្មុំ៖ ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការដឹកនាំកម្មវិធី ASPIRE និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) អមដំណើរដោយមន្ត្រីនិងទីប្រឹក្សានៃលេខាធិការដ្ឋានកម្មវិធី មន្ត្រីជំនាញនិងទីប្រឹក្សានៃអនុកម្មវិធីខេត្ត បានចុះត្រួតពិនិត្យវឌ្ឍនភាព ប្រសិទ្ធភាព គុណភាព បញ្ហាប្រឈម នៃការអនុវត្តកម្មវិធីដែលដឹកនាំអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចំណុចដែលមានការផ្លាស់ប្តូរបន្ទាប់ពីចូលរួមអនុវត្តជាមួយកម្មវិធីនិងតម្រូវការបន្ថែមរបស់កសិករជាសមាជិកបណ្តុំ។ឆ្លើយតបគោលបំណងរបស់គណៈប្រតិភូ ក្រុមការងារកម្មវិធីនៃមន្ទីរ បានសម្របសម្រួលរៀបចំកម្មវិធីដូចតទៅ ៖
១• បទបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី បញ្ហាប្រឈម និងការស្នើសុំអនុសាសន៍តម្រង់ទិសសម្រាប់កែលម្អនិងអនុវត្តក្នុងឆ្នាំបន្ទាប់
២• ការចុះត្រួតពិនិត្យផ្ទាល់តាមបណ្តុំអាជីវកម្ម រួមមាន ៖
២•១•បណ្តុំអាជីវកម្មបន្លែគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរដែលក្នុងកម្មវិធី ប្រតិភូ បានជួបសំណេះសំណាល ពិនិត្យស្វែងយល់ពីការទិញលក់បន្លែរវាងសមាជិកបណ្តុំនិងអ្នកប្រមូលទិញ និងបន្តពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់កសិករ ឈ្មោះ តេន អូន ទូរស័ព្ទ ០៩៧ ២៥៧ ៤៦៦៥។
២•២• បណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែស្មោញមានជ័យនិងបណ្តុំអាជីវកម្មបន្លែល្ងៀងមានជ័យ ក្នុងឃុំល្ងៀង ស្រុកត្បូងឃ្មុំ ប្រតិភូ បានជួបសំណេះសំណាលជាមួយកសិករចិញ្ចឹមមាន់ស្រែ ព្រមទាំងបានពិនិត្យផ្ទាល់ទ្រុងមាន់ មាន់ របស់ប្រធានបណ្តុំ លោកស្រី ហ៊ិន ស៊ឹមហ៊ាន ទូរស័ព្ទ ០៩៧ ៧៨៧៩ ២៥១ និងកសិករសាយភាយពីបណ្តុំ ឈ្មោះ រ៉ន រិទ្ធ ទូរស័ព្ទ ០៧១ ២២២ ៦៣៥៣។ បន្ទាប់មក ប្រតិភូ បានចុះជួបសំណេះសំណាលសមាជិកបណ្តុំបន្លែនិងពិនិត្យផ្ទាល់ចម្ការត្រសក់ដែលកំពុងប្រមូលផលរបស់កសិករ ឈ្មោះសួន ដេត ទូរសព្ទ ០៩៧ ៧០១ ៦៨២៦។
២•៣• បណ្តុំអាជីវកម្មស្រូវចំណី ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលប្រតិភូ បានជួបសំណេះសំណាលជាមួយសមាជិកបណ្តុំនិងពិនិត្យស្រែដែលកំពុងលូតលាស់។
ជាលទ្ធផល ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធី បានសំដែងនូវការអបអរសារទរចំពោះលទ្ធផលដែលសម្រេចបានល្អដោយមន្ទីរ ក្នុងការអនុវត្តផែនការសកម្មភាពនិងថវិកាឆ្នាំ២០២១ និងបានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ៖
√ត្រូវជួយកសិករឲ្យឈ្នះលើការប្រែប្រួលអាកាសធាតុ
√ត្រូវបញ្ចូលនូវបច្ចេកទេសថ្មី ដើម្បីជំរុញសមត្ថភាពផលិត
√ត្រូវជួយឲ្យកសិករទទួលបាននូវប្រាក់ចំណូលខ្ពស់ជាងមុន តាមរយៈការលក់ផលិតផលកសិកម្ម
√ត្រូវជួយឲ្យកសិករលែងធ្វើការដាំដុះប្រកាន់រដូវ
√ត្រូវមានផែនការដាំដុះសម្រាប់ធ្វើអាជីវកម្មតាមតម្រូវការទីផ្សារ។