ចុះធ្វើអង្កេតស្ទង់ទិន្នផលស្រូវកណ្តាល លើស្រែបង្ហាញផលិតកម្មពូជស្រូវ ផ្ការំដួល និងពូជស្រូវ ផ្កាមាលតី របស់កសិករនៅស្រុកអូររាំងឪ
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០២១
140
លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជាមន្ត្រីក្សេត្រសាស្ត្រ នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះធ្វើអង្កេតស្ទង់ទិន្នផលស្រូវកណ្តាល លើស្រែបង្ហាញផលិតកម្មពូជស្រូវ ផ្ការំដួល និងពូជស្រូវ ផ្កាមាលតី របស់កសិករនៅឃុំដំរិល ស្រុកអូររាំងឪ នាព្រឹកថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងការអង្កេតវាស់ស្ទង់ទិន្នផលនេះ មន្ត្រីជំនាញ បានជ្រើសរើសសំណាកចំនួន ៣កន្លែងផ្សេងៗ ក្នុងមួយស្រែបង្ហាញ ដែលសំណាកនីមួយៗ មានទំហំ ៤ម៉ែត្រការ៉េ ដោយទទួលបានលទ្ធផលដូចតទៅ ៖
១.កសិករ សួន រដ្ឋ នៅភូមិសំស្មែរ បង្ហាញផលិតកម្មពូជស្រូវ ផ្ការំដួល លើផ្ទៃដី ១ ៥០០ម៉ែត្រការ៉េ ទទួលបាន ៖
+សំណាក់ទី១ គ្រាប់ស្រូវទម្ងន់ ២,០០គ.ក្រ សំណើម ១៩,៧០%
+សំណាក់ទី២ គ្រាប់ស្រូវទម្ងន់ ១,៧៤គ.ក្រ សំណើម ២៤.១០%
+សំណាក់ទី៣ គ្រាប់ស្រូវទម្ងន់ ១,៦៨គ.ក្រ សំណើម ២១,៣០%
ដូច្នេះទិន្នផលមធ្យមពូជស្រូវ ផ្ការំដួល សម្រាប់ ៖
-ស្រូវសើម(សំណើម ២១,៧០%) បាន ៤ ៥១៧គក្រ/ហត
-ស្រូវស្ងួត(សំណើម ១៣%) បាន ៤ ០៦៥គក្រ/ហត។
២.កសិករ ទឹម ភាង នៅភូមិចន្លោង បង្ហាញផលិតកម្មពូជស្រូវ ផ្កាមាលតី លើផ្ទៃដី ៣ ០០០ម៉ែត្រការ៉េ ទទួលបាន ៖
+សំណាក់ទី១ គ្រាប់ស្រូវទម្ងន់ ១,៩៦គ.ក្រ សំណើម ២០,៣០%
+សំណាក់ទី២ គ្រាប់ស្រូវទម្ងន់ ១,៦៦គ.ក្រ សំណើម ២១.០០%
+សំណាក់ទី៣ គ្រាប់ស្រូវទម្ងន់ ១,៧០គ.ក្រ សំណើម ២៤,៤០%
ដូច្នេះទិន្នផលមធ្យមពូជស្រូវ ផ្កាមាលតី សម្រាប់ ៖
-ស្រូវសើម(សំណើម ២១,៩០%) បាន ៤ ៤៣៣គក្រ/ហត -ស្រូវស្ងួត(សំណើម១៣%) បាន ៤ ០២២គក្រ/ហត។
ការសន្និដ្ឋាន ពូជស្រូវផ្ការំដួល ជាប្រភេទស្រូវដែលពេញនិយមសម្រាប់ប្រជាកសិករ បានផ្តល់ទិន្នផលខ្ពស់ ធន់ទៅនឹងទឹកជំនន់បានល្អ គុណភាពអង្ករល្អប្រសើរ អង្ករថ្លាវែងរលូន បាយទន់ឆ្ងាញ់ ថែមទាំងមានក្លិនក្រអូបប្រណិតទៀតផង។ ពិសេសទៀតនោះប្រភេទអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ចំណែកពូជស្រូវផ្កាមាលតី ជាពូជស្រូវកណ្តាលប្រកាន់រដូវ ត្រូវបានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ នៅដើមឆ្នាំ២០១៨ ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ជាប្រភេទមានគុណភាពអង្ករល្អប្រសើរ ធន់ទ្រាំនឹងភាពរាំងស្ងួតមធ្យម ទឹកជំនន់បានល្អ និងការដួលដើម ការដាំដុះមានការបន្សាំបានល្អទៅនឹងការប្រែប្រួលអាកាសធាតុ។
តាមរយៈការធ្វើបង្ហាញឃើញថា ពូជស្រូវទាំងពីរ មានភាពសុទ្ធខ្ពស់ ចេញកួ ផ្កាស្រុះគ្នាល្អ ហើយប្រជាកសិករក្នុងតំបន់ក្រៅតំបន់ មានការចាប់អារម្មណ៍ និងបានស្នើសុំទិញពូជស្រូវពីកសិករអនុវត្តបង្ហាញ យកទៅដាំដុះពង្រីកបន្ត។
បញ្ហាប្រឈម រយៈពេលចាប់ពីស្រូវចាប់ផ្តើមចេញកួ ផ្កា ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យពិបាកក្នុងការកាត់ពូជលាយ ការប្រមូលផល និងការហាលសម្ងួត។
ចំនួនអ្នកចូលទស្សនា
Flag Counter