ខែធ្នូនិងខែមករា មានអំណោយផលសម្រាប់បន្លែ បន្លែគ្រប់មុខនឹងប្រមូលផល ដូច្នេះកសិករត្រូវរៀបចំផែនការដាំយ៉ាងណាកុំឲ្យជាន់មុខដំណាំគ្នាច្រើនពេក ជាពិសេសត្រសក់
ព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព .ស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំសហការី និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំព្រែកអាជី ចុះពិនិត្យ តាមដាន ណែនាំបច្ចេកទេសដាំដុះ និងការប្រមូលផលដំណាំត្រសក់ចំណាររបស់កសិករជាសមាជិកបណ្ដុំអាជីវកម្មនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ស្ថិតនៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
-កសិករ ហេង ឆាំ (ទូរស័ព្ទលេខ 071 57 90 898) កំពុងប្រមូលផលលើផ្ទៃដី ៧ ០០០ម៉ែត្រការ៉េ អាចប្រមូលផលបានចន្លោះពី ១ ៣០០គ.ក្រ ទៅ ១ ៥០០គក្រ/ថ្ងៃ លក់បានតម្លៃ ១ ៥០០រៀល/គ .ក្រ។
-កសិករ ហ៊ន់ ជឿន (ទូរស័ព្ទលេខ 097 46 46 562) បានប្រមូលផលអស់រយៈពេល ១៥ថ្ងៃមកហើយ លើផ្ទៃដី ៣ ០០០ម៉ែត្រការ៉េ បានប្រមូលផលចន្លោះ ៦ថ្ងៃដំបូង ៥០០គ.ក្រ/ថ្ងៃ លក់បានតម្លៃ ២ ០០០រៀល/គ.ក្រ ការប្រមូលផលបន្តបន្ទាប់ ៣០០គ.ក្រ/ថ្ងៃ លក់បានតម្លៃ ១ ៥០០រៀល/គ .ក្រ។
កសិករទាំង ២រូបខាងលើ បានបង្ហាញសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះដំណាំត្រសក់ទទួលបានផលផ្កាផ្លែច្រើន និងតម្លៃល្អប្រសើរ ទោះបីក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩។
ក្នុងឱកាសនោះ មន្រ្តីជំនាញ បានចុះពិនិត្យ ណែនាំ និងជំរុញឲ្យកសិករអនុវត្តតាមបទដ្ឋានបច្ចេកទេសកសិកម្មថ្មី ដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណក់ទឹក ដោយបញ្ជូលជីតាមបំពងទុយោ ប្រើប្រាស់គម្របកៅស៊ូគ្របរង កាត់បន្ថយការចំណាយកម្លាំងពលកម្មក្នុងការកម្ចាត់ស្មៅចង្រៃ និងការប្រើប្រាស់ថ្នាំពុលកសិកម្មកម្ចាត់សត្វល្អិតនិងកត្តាចង្រៃឲ្យសមស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកបរិភោគផងដែរ។
ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានក្រើនរំឭកដល់ប្រធានបណ្តុំ អាជីវកម្មនិងកសិករ ឲ្យធ្វើការដាំដុះបន្លែរដូវកាលបន្ទាប់ឲ្យមានផែនការ ជៀសវាងជាន់គ្នាច្រើនពេកបណ្តាលឲ្យជុញ តម្លៃធ្លាក់ចុះដូចឆ្នាំកន្លង ទៅ។ ខែធ្នូនិងខែមករា មានអំណោយផលសម្រាប់បន្លែ បន្លែគ្រប់មុខ នឹងប្រមូលផល ដូច្នេះកសិករត្រូវរៀបចំផែនការដាំយ៉ាងណាកុំឲ្យជាន់មុខដំណាំគ្នាច្រើនពេក ជាពិសេសត្រសក់។