នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានចូលរួមកម្មវិធីធ្វើបង្ហាញការព្រោះស្រូវដោយឧបករណ៍ព្រេាះគ្រាប់ពូជ Eli seeder នៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលរៀបចំដោយការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយក្រុមហ៊ុន Agri smart innovation co.Ltd ។ ក្នុងកម្មវិធីនេះ មានការចូលរួមពីលោកមេឃុំឈូក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ លោកមេភូមិបារាយណ៍ និងកសិករចំនួន ២០នាក់ ដែលកម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយឲ្យបានទូលំទូលាយពីការប្រើប្រាស់គ្រឿងយន្តកសិកម្មថ្មីៗដល់បងប្អូនប្រជាកសិករ ដើម្បីកាត់បន្ថយចំណាយនិងបង្កើនទិន្នផលស្រូវ។
សម្រាប់ឧបករណ៍ព្រោះគ្រាប់ស្រូវ Eli seeder នេះ បានដើរតួយ៉ាងសំខាន់ដោយជំនួសកម្លាំងពលកម្មដែលកំពុងមានចំនួនកាន់តែថយចុះក្នុងវិស័យកសិកម្ម។
មុខងារសំខាន់ៗរបស់ឧបករណ៍ព្រោះគ្រាប់ស្រូវ Eli seeder គឺព្រោះគ្រាប់ស្រូវចេញជាជួរៗ ដោយប្រើប្រាស់ពូជតិច ត្រឹមតែ ៦០ ទៅ ១០០គ.ក្រ ក្នុង១ហ.ត ហើយប្រើពេលវេលាសម្រាប់ព្រោះ មកត្រឹមតែ១ម៉ោង ទៅ២ម៉ោង ក្នុង១ហ.ត។ ងាយស្រួលក្នុងការថែទាំ កាត់ពូជលាយ និងកាត់បន្ថយពពួកសត្វល្អិតនិងស្មៅចង្រៃបំផ្លាញ នៅក្នុងផលិតកម្មស្រូវពូជ និងផលិតកម្មស្រូវចំណី។ ក្រៅពីនេះឧបករណ៍នេះគេអាចប្រើសម្រាប់បាចជី បាញ់ថ្នាំកម្ចាត់សត្វល្អិតចង្រៃ ពពួកស្មៅចង្រៃ និងកម្ចាត់ជំងឺផ្សេងៗលើដំណាំស្រូវផងដែរ។