ព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសារធាតុចិញ្ចឹម ជីវជាតិដី បច្ចេកទេសផលិត និងវេចខ្ចប់ជីកំប៉ុស្តសម្រាប់លក់លើទីផ្សារ របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(ខ.ផ.ភ) ដែលប្រព្រឹត្តនៅសហគមន៍កសិកម្មទងធ្លករីកចំរើន ឃុំធ្លក ស្រុករំដួល ខេត្តស្វាយរៀង។
ជីឡជីវឧស្ម័ន ជាសមាសធាតុផ្សំដ៏សំខាន់ក្នុងការលាយផ្សំផលិតជាជីកំប៉ុស្ត៍គ្រាប់។ ជីឡជីវឧស្ម័ន មានសមត្ថភាពចាប់ទឹកនិងបង្កើនជីជាតិដីល្អប្រសើរ ជាពិសេសធ្វើឲ្យដីមានទម្រង់ល្អ និងសម្បូរពពួកមីក្រូសារពាង្គកាយ។ ជីឡជីវឧស្ម័ន មានគុណភាពនិងផលប្រយោជន៍ សម្រាប់ជាជីធម្មជាតិ មានសារធាតុចិញ្ចឹមបំប៉នដល់ដំណាំគ្រប់ប្រភេទ មិនតែប៉ុណ្ណោះ ជីឡជីវឧស្ម័ន បានចូលរួមចំណែកក្នុងការថែរក្សាលំនឹងបរិស្ថាននិងលើកកម្ពស់គុណភាពដី។
លោក ប្រធានសហគមន៍កសិកម្មទងធ្លករីកចំរើន បានរៀបរាប់ថា នៅក្នុងសហគមន៍ បានកែច្នៃជីឡជីវឧស្ម័ន មកជាជីគ្រាប់ និងធ្វើការវេចខ្ជប់សម្រាប់លក់ជូនបងប្អូនប្រជាកសិករអស់រយៈពេល ២ឆ្នាំមកហើយ។ ការប្រើប្រាស់ជីឡកន្លងមក បានឲ្យឃើញថា វាមានគុណភាពល្អសម្រាប់កែប្រែគុណភាពដីពីគ្មានជីជាតិមកមានជីជាតិវិញ និងជួយឲ្យដំណាំលូតលាស់បានល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ហើយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។ តាមបទពិសោធន៍របស់សហគមន៍ ក្នុងការផលិតជីគ្រាប់ក្នុងបរិមាណ ១០០គ.ក្រ ដែលមានផ្ទុកសារថាតុចិញ្ចឹម N 6% P6% K7,3% ត្រូវមានសមាសធាតុរួមផ្សំ ដូចជា ៖
-ធ្យូងអង្កាម ១៥%
-ជីឡ ២០%
-កំបោរស ២%
-ដីដំបូក ៥%
-ជីផែនដី ៤០% និងកាកសំណល់បានពីការផលិតផ្សិត ២០%។