ការដាំបន្លែក្នុងផ្ទះសំណាញ់ងាយស្រួលដាំជាងនៅខាងក្រៅ ដោយចំណេញទាំងទឹក ជី ថ្នាំ កម្លាំងពលកម្ម និងងាយរកទីផ្សារ
ចេញ​ផ្សាយ ២៧ តុលា ២០២១
100
ក្នុងបេសកកម្មព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១នេះ កញ្ញា នី ស្រីលីស មន្ត្រីទីផ្សារនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បានចុះពិនិត្យតាមដានពីវឌ្ឍនភាពនៃការដាំបន្លែក្នុងផ្ទះសំណាញ់របស់កសិករ យ៊ន់ ប៉ុន នៅភូមិក្បាលអូរ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ដែលជាសមាជិកបណ្តុំអាជីវកម្មផលិតបន្លែទួល សូភី គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ទទួលបានផ្ទះសំណាញ់ ១ខ្នង ទំហំ ១០ម៉ែត្រគុណនឹង ២៥ម៉ែត្រ សម្រាប់ដាំដុះបន្លែបង្ហាញដល់សមាជិកក្នុងបណ្តុំ និងគ្រួសារកសិករផ្សេងៗទៀតទាំងក្នុងភូមិនិងក្រៅភូមិ។
ក្នុងទឹកមុខញញឹម រីករាយជាមួយអ្វីដែលគ្រួសារគាត់ទទួលបាន កសិករ យ៊ន់ ប៉ុន មានអាយុ៥១ឆ្នាំ បានរៀបរាប់ថា គ្រួសារគាត់ទទួលបានផ្ទះសំណាញ់នៅដើមឆ្នាំ២០២១ ហើយមកដល់ខែតុលានេះ គាត់ មិនដែលទុកផ្ទះសំណាញ់ឲ្យទំនេរឡើយដោយ បានដាំនិងប្រមូលផលបន្លែស្ពៃ ចំនួន ៣ដងមកហើយ ដោយក្នុងមួយវគ្គៗដំណាំដាំបន្លែ ២ ទៅ ៣មុខ មានដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងសាលាដ។ ការដាំលើកទី១និងលើកទី២ គាត់ ទទួលបានផលបន្លែប្រមាណ ៣០០គីឡូក្រាមក្នុងមួយលើកៗតែប៉ុណ្ណោះ ដោយសារតែគាត់មិនសូវមានបទពិសោធន៍ដាំក្នុងផ្ទះសំណាញ់ និងលក់បានតម្លៃ ២ ៥០០រៀល/គីឡូក្រាម។ ដោយឡែក ការដាំបន្លែនៅលើកទី៣នេះ គាត់ទទួលបានផលរហូតដល់ជាង ៥០០គីឡូក្រាម និងលក់បានតម្លៃ ៣ ៥០០រៀល/គីឡូក្រាម។ សរុបថវិកាដែលទទួលបានពីការដាំបន្លែក្នុងផ្ទះសំណាញ់ទាំង ៣លើក ចំនួនប្រមាណ ៣ ២៥០ ០០០រៀល។
សម្រាប់ពេលនេះ គាត់បានដាំបន្លែស្ពៃក្រញាញ់ជាលើកទី៤ ចំនួន ៧រង បានរយៈពេល ១៥ថ្ងៃហើយ ដែលគ្រោងនឹងប្រមូលផលនៅដើមខែវិច្ឆិកាខាងមុខ និងសង្ឃឹមថាទទួលបានទិន្នផលខ្ពស់ដូចលើកទី៣ដែរ។
ឆ្លងតាមការដាំដំណាំបន្លែក្នុងផ្ទះសំណាញ់មួយរយៈកន្លងមកនេះ គាត់ បានបង្ហាញចំណាប់អារម្មណ៍ថា ការដាំបន្លែក្នុងផ្ទះសំណាញ់ងាយស្រួលដាំជាងនៅខាងក្រៅ ដោយចំណេញទាំងទឹក ជី ថ្នាំ កម្លាំងពលកម្ម និងងាយរកទីផ្សារ។ រីឯការលក់ដូរ ក៏មានការងាយស្រួលក្នុងការលក់ ដោយ មានការគាំទ្រច្រើនពីអ្នកបរិភោគ ហើយក៏បានលក់ទៅឲ្យអ្នកប្រមូលទិញក្នុងឃុំ ដោយមានកិច្ចសន្យាផលិតកម្មកសិកម្មច្បាស់លាស់។
ចំនួនអ្នកចូលទស្សនា
Flag Counter