ប្រគល់សម្ភារនិងពូជបន្លែជូនសម្បទានិកចំនួន ៣គ្រួសារ សម្រាប់អនុវត្តបង្ហាញបច្ចេកទេសផលិតកម្មបន្លែ
ចេញ​ផ្សាយ ២៦ តុលា ២០២១
80
ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក សហការជាមួយលោក ណុប ណាង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកមេមត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានឃុំជាំក្រវៀន និងលោកមេភូមិស្រែលើសែនជ័យ
បានប្រគល់សម្ភារនិងពូជបន្លែជូនសម្បទានិកចំនួន ៣គ្រួសារ សម្រាប់អនុវត្តបង្ហាញបច្ចេកទេសផលិតកម្មបន្លែ ក្នុងនោះរួមមាន ស៊ីទែនទឹក ស្បៃបាំងសួនបន្លែ សំណាញ់ទ្រើង ត្រេបណ្ដុះកូនបន្លែ ប្រព័ន្ធស្រោចស្រព (ទីប ទុយោសាច ទុយោដំណក់ទឹក វ៉ានដំណក់ទឹក) ប្លាស្ទិចគ្របរងដំណាំ គ្រាប់ពូជបន្លែ (ត្រសក់ចំណារ សណ្ដែកកួរ ត្រប់ ស្ពៃ ...) ។
ជាមួយគ្នានោះដែរ ក៏បានចែកគ្រប់ពូជបន្លែទាំងនេះ ជូនដល់សម្បទានិកចំនួន៧គ្រួសារបន្ថែមទៀត សម្រាប់យកទៅដាំជាលក្ខណៈគ្រួសារ ឬសួនបន្លែតាមផ្ទះជាដើម។
ស្របពេលជាមួយគ្នានេះ មន្ត្រីជំនាញបាននាំយកពាក្យសួរសុខទុក្ខ និងការផ្ដាំផ្ញើរពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយការខិតខំប្រប្រែងរបស់របស់មន្ត្រីជំនាញ និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា សូមឲ្យសម្បទានិកដែលទទួលបានសម្ភារទាំងនេះ អនុវត្តការងារដាំដុះបន្លែឲ្យបានល្អសម្រាប់ជាគម្រូដល់សម្បទានិកផ្សេងទៀត និងជួយឲ្យមានជីវភាពប្រសើរជាងមុន បើទោះបីជាអ្វីដែលបានផ្ដល់ឲ្យនេះ មិនអាចធ្វើឲ្យក្លាយជាអ្នកមាន តែបើយកទៅអនុវត្តដោយការយកចិត្តទុកដាក់ ទៅតាមបច្ចេកទេស និងការណែនាំរបស់មន្ត្រីជំនាញ ជីវភាពនឹងល្អប្រសើរ។
ក្នុងនេះដែរ លោក អ៊ូច យឿន មេឃុំជាំក្រវៀន បានមានប្រសាសន៍និងការផ្ដាំផ្ញើរទៅកាន់សម្បទានិក ឲ្យខិតខំប្រឹងប្រែងជួយខ្លួនឯងបន្លែមទៀត បើទោះបីជារាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ បានជួយសម្ភារនិងការអនុវត្តផ្ទាល់ក៏ដោយ បើគ្មានការចូលរួមសហការនិងការយកចិត្តទុកដាក់ពីបងប្អូនទេនោះ ការអនុវត្តក៏មិនទទួលបានផ្លែផ្កានោះឡើយ។
បន្ទាប់ពីបានប្រគល់សម្ភារ និងពូជបន្លែដល់សម្បទានិករួច មន្ត្រីជំនាញបានបន្តការចុះតាមដាន ត្រួតពិនិត្យ ជំរុញ និងផ្ដល់បច្ចេកទេសបន្ថែមទៀតពីការដាំដុះដំណាំបន្លែដល់សម្បទានិក។
ចំនួនអ្នកចូលទស្សនា
Flag Counter