ព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក សុខ សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកតំបែរ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់ទុនសហវិនិយោគ (ជីនិងថ្នាំកសិកម្ម ) ជូនដល់សមាជិកបណ្តុំអាជីវកម្មផលិតដំឡូងមី ភូមិគោកស្រុក នៅឃុំគោកស្រុក ស្រុកតំបែរ ចំនួន ៣៥គ្រួសារ ដោយមានការចូលរួមអមដំណើរពីលោកអភិបាលរងស្រុកតំបែរ លោកអនុប្រធានការិយាល័យ ធនធានធម្មជាតិ និងបរិស្ថានស្រុកតំបែរ លោកមេឃុំគោកស្រុក នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានរាយការណ៍សង្ខេបពីការបង្កើតបណ្តុំអាជីវកម្មផលិតដំឡូងមីភូមិគោកស្រុក ជូនអង្គពិធី ជ្រាបថា បណ្តុំនេះ បង្កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដែលមានសមាជិកសរុប៣៥ គ្រួសារ ដោយមានរចនាសម្ព័ន្ធ ប្រធានបណ្តុំ ១រូប អនុប្រធានបណ្តុំ១រូប និងប្រធាន អនុប្រធានក្រុមចំនួន ៣រូប ទៀត។ មុននឹងបង្កើតបណ្តុំអាជីវកម្មនេះ មន្ត្រីជំនាញទទួលបន្ទុក បានផ្សព្វផ្សាយពីគោលបំណង និងអត្ថប្រយោជន៍នៃការចូលរួមជាមួយគម្រោងនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់អាជ្ញាធរភូមិ ឃុំ និងប្រជាកសិករនៅទីនោះ។
អត្ថប្រយោជន៍ដែលទទួលពីកម្មវិធីទៀតនោះ មានដូចជា ៖
-ការបណ្តុះបណ្តាល ផ្សព្វផ្សាយពីបច្ចេកទេសដាំដុះដំឡូងមី
-ការចុះដកស្រង់បទពិសោធន៍ជោគជ័យ របស់កសិករនៅក្នុងខេត្ត
-សម្របសម្រួលការធ្វើកិច្ចសន្យាទិញលក់ដំឡូងមី រវាងសមាជិកបណ្តុំ ជាមួយអ្នកប្រមូលទិញដំឡូងមី។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានមានមតិសំណេះសំណាលក្នុងអង្គពិធីថា កម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ ដែលជាគម្រោងមួយរបស់រាជរដ្ឋាភិបាល ដឹកនាំអនុវត្តដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាភ្នាក់ងារអនុវត្តផ្ទាល់នៅមូលដ្ឋាន សហការជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់។
តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ របស់រាជរដ្ឋាភិបាលនេះ ខេត្តត្បូងឃ្មុំ នៅឆ្នាំ ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយ រដ្ឋបាលមូលដ្ឋាន រៀបចំបណ្តុំអាជីវកម្មបាន ៤៩បណ្តុំ មានសមាជិក ២០៨១គ្រួសារ ក្នុងស្រុក ក្រុងទាំង៧ ស្មើ ២៩ ឃុំ/សង្កត់ ដែលរួមមានបណ្តុំអាជីវកម្មបន្លែ បណ្តុំអាជីវកម្មមាន់ស្រែ បណ្តុំអាជីវកម្មស្រូវចំណី បណ្តុំអាជីវកម្មស្រូវពូជ បណ្តុំអាជីវកម្មដំឡូងមី បណ្តុំអាជីវកម្មត្រី កង្កែប។ ហើយនៅឆ្នាំ២០២១នេះ មន្ទីរ បានសហការជាមួយរដ្ឋបាលមូលដ្ឋាន រៀបចំបណ្តុំអាជីវកម្មបាន ៣៩បណ្តុំ មានសមាជិក ១២៣២គ្រួសារ ក្នុងស្រុក ក្រុងទាំង៧ ស្មើ ៣៣ ឃុំ/សង្កាត់ ដែលរួមមានបណ្តុំអាជីវកម្មបន្លែ បណ្តុំអាជីវកម្មមាន់ស្រែ បណ្តុំអាជីវកម្មស្រូវចំណី បណ្តុំអាជីវកម្មស្រូវពូជ បណ្តុំអាជីវកម្មដំឡូងមី បណ្តុំអាជីវកម្មត្រី កង្កែប បណ្តុំអាជីវកម្មស្វាយកែវរមៀត បណ្តុំអាជីវកម្មក្រូចថ្លុង និងបណ្តុំអាជីវកម្មពោតចំណីសត្វ។
ក្នុងដំណើរការគម្រោងនេះ កម្មវិធីនឹងផ្តល់ទុនសហវិនិយោគ ទៅតាមទំហំផែនការអាជីវកម្មរបស់សមាជិកបណ្តុំម្នាក់ៗ ជាក់ស្តែងក្នុងថ្ងៃនេះ កម្មវិធី នឹងផ្តល់ទុនសហវិនិយោគ ជាជីនិងថ្នាំកសិកម្ម សម្រាប់សមាជិកបណ្តុំអាជីវកម្មទាំង ៣៥គ្រួសារ ដោយមួយគ្រួសារ នឹងទទួលបាន ជី២បេ និងកំចាត់ស្មៅ ៣ដប។
ទុនសហវិនិយោគផ្តល់ជូននាពេលនេះ ជាការរួមចំណែកដោះស្រាយ កាត់បន្ថយចំណាយក្នុងផលិតកម្មនិងជាការចង់បង្ហាញពីប្រសិទ្ធភាពនៃការបញ្ជ្រាបបច្ចេកទេសកសិកម្មថ្មីផង។
លោក សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរ បានមានមតិសំណេះសំណាលនិងជម្រាបជូនបងប្អូនប្រជាពលរដ្ឋជាសមាជិកបណ្តុំ ជ្រាបថា ជីនិងកសិកម្ម នេះ ជាការរួមចំណែកដោះស្រាយការលំបាកក្នុងការទិញធាតុចូលកសិកម្មសម្រាប់ផលិតកម្មដំឡូងមី និងបង្កើនប្រាក់ចំណូលគ្រួសារកសិករ ក្នុងសភាពការណ៍វិបត្តិនៃជំងឺឆ្លងរាលដាលកូវីដ ១៩។ ទុនសហវិនិយោគក្នុងផលិតកម្មកសិកម្ម ជាការរួមចំណែកដោះស្រាយបន្ទុកចំណាយផងនិងជាការធ្វើបង្ហាញពីប្រសិទ្ធភាពបច្ចេកទេសផង ដែលនេះជាការយកចិត្តទុកដាក់គិតគូរ ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
ដូច្នេះ សូមសមាជិកបណ្តុំអាជីវកម្ម ប្រឹងប្រែង អនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំបច្ចេកទេសពីមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់បង្កបង្កើតឲ្យក្លាយជាចំណូល និងជាដើមទុនពង្រីកទំហំផលិតកម្មដំឡូងមី ឲ្យទទួលបានបរិមាណផលច្រើន ។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានសំណូមពរបងប្អូន ត្រូវយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ ១៩ និងសូមបងប្អូន មាមីង មានសុខភាពល្អ ប្រកបរបរទទួលទានបានល្អប្រសើរ ជាពិសេសជៀសផុតពីជំងឺឆ្លងកូវីដ ១៩ ទាំងអស់គ្នា និងត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។