នៅព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការគាំទ្រពីកម្មវិធីកាវ៉ាក់(CAVAC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការយល់ដឹងពីជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី និងវិធានការគ្រប់គ្រងនៅប្រទេសកម្ពុជា ក្រោមអធិបតីភាពលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីមន្ត្រីជំនាញមន្ទីរកសិកម្ម មន្រ្តីជំនាញកសិកម្មស្រុក និងក្រុមប្រឹក្សាឃុំពាក់ព័ន្ធ ដែលមានសមាជិកចូលរួមសរុប ២០នាក់ ដែលឧទ្ទេសនាមប្រធានបទដោយលោក កង សារ៉េត ប្រធានការិយាល័យការពារដំណាំ នៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងសហការី។
តាមរបាយការណ៍របស់លោក កង សារ៉េត ប្រធានការិយាល័យការពារ ដំណាំ បានឲ្យដឹងថា ជំងឺម៉ូសាអិចលើដំណាំដំឡូងមី ជាជំងឺមួយដែល គ្មានថ្នាំកសិកម្មអាចព្យាបាលនោះទេ ហើយប្រសិនបើកើតលើដំណាំ ដំឡូងមីក្នុងកម្រិតធ្ងន់ធ្ងរ អាចធ្វើឲ្យទិន្នផលដំឡូងមីបាត់បង់ រហូត ដល់៨០%។ ជំងឺនេះ កើតឡើងតាមរយៈដើមពូជដំឡូងមី ដែលផ្ទុក ជំងឺស្រាប់ និងតាមរយៈភ្នាក់ងារចម្លងជំងឺ ដូចជាសត្វល្អិត(រុយស)។
ថ្លែងនៅក្នុងពិធីសំណេះសំណាលបើកវគ្គបណ្តុះបណ្តាលនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបង្ហាញពីកិច្ចសហការល្អនាពេលកន្លងមកជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមចំណែកដាក់ចេញវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី ក្នុងខេត្តត្បូងឃ្មុំ ជាពិសេសកម្មវិធីកាវ៉ាក់។ នេះ ជាឱកាសល្អមួយទៀត សម្រាប់សិក្ខាកាមដែលបានចូលរួមទាំងអស់ ដែលនឹងទទួលបាន ចំណេះដឹងជាក់លាក់ពីសញ្ញាណនិងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ហេតុនេះ សិក្ខាកាម ត្រូវយកចិត្តទុកដាក់ក្រេបយកចំណេះ ដឹងពីគ្រូឧទ្ទេស ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ ធ្វើការផ្សព្វផ្សាយបន្តនៅ មូលដ្ឋានដល់បងប្អូនប្រជាកសិករដែលកំពុងប្រកបរបរដាំដុះដំឡូងមីនេះ កាត់បន្ថយហានិភ័យខូចខាត បាត់បង់ចំណូលដល់ក្រុមគ្រួសារ។ ដូចដែលលោក កង សារ៉ាត់ ជម្រាបហើយថា " ជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី គ្មានថ្នាំកសិកម្មអាចព្យាបាលទេ តែយើងអាចបង្ការនិងទប់ស្កាត់បាន " ដូច្នេះ មានតែវិធានការការពារ ជាការប្រសើរ គឺ ពូជសុទ្ធ ស្អាតល្អ និងទប់ស្កាត់ កម្ចាត់សត្វល្អិតជាភ្នាក់ងារចម្លង រុយស។