នៅរសៀល ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្ដុះបណ្ដាលពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្ដរភាព(SRP) ដល់សមាជិកសហគមន៍កសិកម្មសាមគ្គីមានជ័យ នៅភូមិត្រាចជ្រុំ ឃុំចក ស្រុកអូររាំងឪ ដោយមានកសិករចូលរួម ២៧នាក់ ក្នុងនោះស្រី ២៦នាក់ ដែលសម្របសម្រួលឧទ្ទេសបច្ចេកទេសដោយលោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោក ចាន់ រដ្ឋា មន្ត្រីការិយាល័យកសិកម្ម ធនធាមធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុកអូររាំងឪ។
ការខិតខំក្នុងការសំណេះសំណាលជាមួយបងប្អូនសិក្ខាកាម លោកប្រធានមន្ទីរ បានលើកឡើងពីតម្រូវការចាំបាច់ក្នុងការអនុវត្តតាមបទដ្ឋានបច្ចេកទេសទើបធ្វើឲ្យការដាំដុះរបស់យើងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយចំណាយ និងទទួលបានទិន្នផលល្អ។ ការរៀបចំដី ជ្រើសរើសពូជ ការថែទាំ(កម្ចាត់កត្តាចង្រៃនិងផ្តល់សារធាតុចិញ្ចឹម) ការប្រមូលផល ចំណូល ជាដំណាក់កាលដែលយើងត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបាន បើមិនដូច្នេះទេ ការខិតខំអស់រយៈពេលជាច្រើនខែ នឹងក្លាយជាបំណុលទៅវិញ។ ហេតុនេះហើយ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រដោយមូលនិធិអាកាសធាតុបៃតង តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី សម្របសម្រួកអនុវត្តផ្ទាល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានគ្រោងផែនការសកម្មភាពឆ្នាំ២០២១ នឹងផ្តល់ការបណ្តុះបណ្តាល ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្ដរភាព (SRP) ចំនួន ២៦ក្រុម ក្នុងសហគមន៍កសិកម្ម ចំនួន៨ ដែលមានកសិករ ៧៨០នាក់ មកពីស្រុកតំបែរ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានគោលបំណង៖
-ផ្តល់នូវចំណេះដឹងបច្ចេកទេសផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាពដល់កសិករ
-ផ្តល់វិធីសាស្រ្តប្រមូលទិន្នន័យសូចនាករ ក្នុងការវាយតម្លៃផលិតកម្ម ដំណាំស្រូវប្រកបដោយនិរន្តភាព។
ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្ដរភាព (SRP) គឺជាការរួមសហការរវាងដៃគូពាក់ព័ន្ធជាច្រើន ដើម្បីជំរុញការ ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពទាំងនៅទីវាល និងក្នុងខ្សែច្រវាក់តម្លៃស្រូវ-អង្ករ។ ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្ដរភាព (SRP) ផ្តល់យន្តការ(ស្តង់ដារ)ជាច្រើន ដើម្បីលើកកម្ពស់ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព។ ស្តង់ដារផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព(SRP) ត្រូវបានបង្កើតឡើងផ្អែកលើអាទិភាព ដែលបានកំណត់នៅក្នុងសូចនាករ ១២ចំណុច ដែលបំពេញបន្ថែមដោយប្រធានបទសំខាន់ៗ ជាច្រើនសម្រាប់ការទទួលយកនៅក្នុងគោលដៅទីផ្សារដែលមានសក្ដានុពល។ ដើម្បីសម្រេចបានផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព(SRP) គ្រូឧទ្ទេសត្រូវផ្តល់ការបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗរួមមាន ៖
១.តើអ្វីទៅជាផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព(SRP)
២.ស្តង់ដារ និងលក្ខខណ្ឌតម្រូវរបស់ (SRP)
៣.លក្ខណៈរូបសាស្រ្តនិងដំណាក់កាលលូតលាស់នីមួយៗរបស់ដំណាំស្រូវ
៤.កាគ្រប់គ្រងស្រែ/កសិដ្ឋានក្នុងផលិតកម្មSRP
៥.សកម្មភាពមុនពេលដាំដុះ
៦.ទឹកនិងការគ្រប់គ្រងទឹក
៧.ការគ្រប់គ្រងសារធាតុចិញ្ចឹម ស្តង់ដារ SRP
៨.ការគ្រប់គ្រងសមាសភាពចង្រៃ ស្តង់ដារ SRP
៩.សុខភាពនិងសុវត្ថិភាព
១០.សិទ្ធការងារ ១១.បច្ចេកទេសប្រមូលផលនិងក្រោយពេលប្រមូលផល
នាឱកាសនោះ លោកប្រធានមន្ទីរ ក៏បានជម្រាបពីការធ្វើបង្ហាញផលិតកម្មដំណាំស្រូវប្រកបដោយនិរន្ដរភាព (SRP) ចំនួន ១កន្លែងក្នុងភូមិសាស្ត្រនេះ ដើម្បីជាតឹកតាងផ្សារភ្ជាប់ជាមួយផ្នែកទ្រឹស្តី។ ក្នុងភូមិសាស្ត្រនេះ ក៏មានការធ្វើបង្ហាញផលិតកម្មពូជស្រូវ ផ្កាមាលតី ២បង្ហាញ ដើម្បីផ្សព្វផ្សាយបន្តដល់កសិករ។ ស្រូវមានសក្តានុពលក្នុងស្រុកអូររាំងឪ សម្រាប់ការវាយតម្លៃផ្ទាល់របស់ខ្ញុំ ស្រូវផ្ការំដួល របស់យើងមានរស់ជាតិឆ្ងាញ់ ហើយយើងត្រូវនាំគ្នាបង្ហាញពីគុណតម្លៃរសជាតិស្រូវពីស្រុកយើង ពីខេត្តយើង ដើម្បីឲ្យអ្នកប្រើប្រាស់បានស្គាល់ផងដែរ។ ជាបញ្ចប់ ខ្ញុំ បានស្នើឲ្យបងប្អូន ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ត្រូវយកចិត្តទុកដាក់ក្នុងការរៀនពីវគ្គនេះនិងវគ្គបន្តបន្ទាប់ កុំឲ្យផ្លាស់ប្តូរគ្នា និងយកទៅអនុវត្តតាមបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយបន្តដល់កសិករដទៃទៀត ដើម្បីទាំងអស់គ្នា ដើម្បីភូមិដ្ឋានយើង រីកចម្រើនទាំងអស់គ្នា។