សម្បទានិក ៥គ្រួសារ ទទួលបានសម្ភារសម្រាប់ចិញ្ចឹមមាន់និងពូជមាន់ ដើម្បីចំណូលបន្ថែមនិងអាហារូបត្ថម្ភ ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ ១៩
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
123
រសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី ដោយមាន កិច្ចសហការពីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេមត់ និងអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បី សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) បានប្រគល់ សម្ភារចិញ្ចឹមមាន់និងពូជមាន់ដល់សម្បទានិកចំនួន ៥គ្រួសារ នៅភូមិ ស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្រាប់ចិញ្ចឹម បង្ហាញពីបច្ចេកទេសផង រកប្រាក់ចំណូលផង និងអាហាររូបត្ថម្ភផង ដោយ ១គ្រួសារ ទទួលបានចំណីមាន់ចំនួន ១បាវ កូនមាន់ ១០០ក្បាល ស្នូកទឹក ២ ស្នូកចំណី ២ និង៤គ្រួសារ ទៀតទទួលបានមាន់មេបាចំនួន ២០ក្បាល ស្នូកទឹក២ ស្នូកចំណី២ ក្នុងមួយគ្រួសារ។ ក្នុងនោះផងដែរ គ្រួសារនីមួយៗ ទទួលបានទុនបដិភាគបន្ថែមទៀត សម្រាប់ការសាង សង់ទ្រុង ដូចជាស័ង្កសីនិងឈើជាដើម។ ទាំងអស់នេះ ជាដើមទុនដំបូង របស់សម្បទានិក សម្រាប់យកទៅពង្រឹងនិងពង្រីកទំហំផលិតកម្មបន្ថែម ទៀតទៅថ្ងៃមុខ ។
នេះ ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិកា ក្នុងការជួយសម្រប សម្រួលនិងចុះអនុវត្តផ្ទាល់ បានសម្រេចរៀបចំការចិញ្ចឹមមាន់ បង្ហាញបន្ថែម ៥គ្រួសារទៀត។
ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរនិងសហការី រួមជាមួយ សម្បទានិក បានដាំដើមទៀបចំនួន ១៥០ដើម នៅបរិវេណអគារ សហគមន៍និងសាលារៀន ដើម្បីទុកឲ្យសម្បទានិកនៅតំបន់នោះ អាស្រ័យផល នៅពេលបានផ្លែផ្កា។
បន្ទាប់មកទៀត លោកប្រធានមន្ទីរ និងសហការី បានបន្តចុះពិនិត្យ និង ណែនាំបច្ចេកទេសបន្ថែម លើការចិញ្ចឹមត្រីអណ្តែងក្នុងអាងប្លាស្ទិច ការដាំត្រសក់ចំណារ និងការចិញ្ចឹមមាន់ របស់សម្បទានិកផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter