ចុះពិនិត្យ វាយតម្លៃអំពីប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តគម្រោងក្នុងផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
122
" សូមកោតសរសើរកសិរទាំង ៥គ្រួសារ ដែលបានចូលរួមអនុវត្តបានយ៉ាងល្អនិងផ្តល់ប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ មិនតែប៉ុណ្ណោះ ប្អូនៗ បានចែករំលែកចំណេះដឹងនិងបទពិសោធន៍ទទួលបានពីគម្រោងដល់កសិករឯទៀត ព្រមទាំងបានចងក្រងកសិករជាក្រុមផលិត ជួយគ្នាទៅវិញទៅមកបានយ៉ាងល្អ ធ្វើឲ្យមិនមានការរាំងស្ទះកូនមាន់និងមាន់សាច់ដែលបានពីផលិតកម្មរបស់ខ្លួន។ នេះជាអ្វី ដែលគម្រោងចង់បាន ជាពិសេសម្ចាស់ជំនួយ ប្រជាជនជប៉ុន រាជរដ្ឋាភិបាលជប៉ុន រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានឃើញប្រជាកសិករបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់និងទទួលបានផលមកវិញពីការចិញ្ចឹមមាន់ស្រែនេះ។ ជាការផ្តាំផ្ញើ សុំបន្តចែករំលែកចំណេះដឹង បទពិសោធន៍ ពង្រីកក្រុមផលិតឲ្យបានធំ រួចផ្សារភ្ជាប់ទៅកាន់ទីផ្សារមាន់ស្រែធំៗនិងផ្សារកសិផលសុវត្ថិភាពជាដើម។ ទន្ទឹមនេះ ត្រូវទាក់ទងនិងពិភាក្សាជាប្រចាំជាមួយមន្ត្រីជំនាញនៃមន្ទីរនិងការិយាល័យផលិតកម្មនិងបសុព្យាបាល ក្នុងករណីមានបញ្ហាប្រឈម ជំងឺ ទីផ្សារ ជាដើម " ប្រសាសន៍ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគាំទ្រមូលនិធិដោយរាជរដ្ឋាភិបាលជប៉ុន ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យ វាយតម្លៃអំពីប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តគម្រោងក្នុងផ្នែកសុខភាពសត្វនិងផលិតកម្មសត្វ " ការធ្វើឲ្យប្រសើរឡើងពូជមាន់ក្នុងស្រុកនិងការលើកកម្ពស់ផលិតភាព តាមរយៈការអនុវត្តបង្ហាញក្នុងបរិបទនៃការប្រែប្រួលអាកាសថាតុនៅកម្ពុជា " ក្នុងខេត្តត្បូងឃ្មុំ ដែលដឹកនាំអនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ កាលពីធ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។
សូមជម្រាបជូនថា គម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៦ ហើយខេត្តត្បូងឃ្មុំ ទទួលបានការអនុញ្ញាតពីគម្រោងជ្រើសរើសកសិករធ្វើបង្ហាញចិញ្ចឹមមាន់ស្រែ ២០គ្រួសារ ក្នុងនោះការចិញ្ចឹមមាន់ស្រែភ្ញាស់យកកូន ៨គ្រួសារ និងចិញ្ចឹមមាន់ស្រែយកសាច់ ១២គ្រួសារ។ ក្នុងគោលបំណងសម្រេចទិសដៅរបស់គម្រោង បង្កើតការងារ បង្កើនចំណូលគ្រួសារកសិករ និងបង្ហាញពីខ្នាតគំរូនែបច្ចេកទេសផលិតកម្មមាន់ស្រែ គម្រោង បានបើកការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ ការធ្វើជំនួួញ ការកត់ត្រាដល់កសិករជាអ្នកធ្វើបង្ហាញ កសិករមានចិញ្ចឹមមាន់ក្បែរកសិករធ្វើបង្ហាញ និងកសិករចិញ្ចឹមមាន់ពីតំបន់ផ្សេងៗ សរុប៣០០នាក់ ផ្សារភ្ជាប់ជាមួយការធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ទាំងកសិករបង្ហាញនិងមន្ត្រីជំនាញសម្របសម្រួលគម្រោង។ ព្រមជាមួយគ្នានេះ គម្រោង បានផ្តល់ទុនសហវិនិយោគដល់គ្រួសារកសិករធ្វើបង្ហាញជាទ្រុងគំរូម៉ូឌែលតែមួយ ធ្វើអំពីដែក មាន់ពូជ ទូភ្ញាស់ និងសម្ភារៈចិញ្ចឹមមួយចំនួនទៀត។
បងប្អូនកសិករទាំង ៤គ្រួសារ មានសេចក្តីរីករាយ ពេញចិត្ត ចំពោះសមិទ្ធផលទទួលបបាននិងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការតែងគិតគូរគ្រប់កាលៈទេសៈ ក្នុងការលើកស្ទួយជីវភាពកសិករតាមរយៈការផ្តល់បច្ចេកទេស ទុន ជាពិសេសប្រជាជនជប៉ុន រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយបង្កើតជាគម្រោងនេះឡើង ជួយដល់ប្រជាពលរដ្ឋកម្ពុជា។
ចំនួនអ្នកចូលទស្សនា
Flag Counter