ពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារកសិករសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែឃុំអំពិលតាពក ៣០គ្រួសារ
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
100
ក្នុងឆ្នាំ២០២០ ប្រជាជនកម្ពុជា បរិភោគសាច់សត្វសរុបប្រមាណ ៣០១ពាន់តោន ដែលផលិតកម្មក្នុងស្រុកមានលទ្ធភាពអាចផ្គត់ផ្គង់សាច់បានប្រមាណ ២៥៦ពាន់តោន ឬ ស្មើ ៨៥% ដែលទាមទារការនាំចូលសត្វ សាច់សត្វបន្ថែម ដើម្បីបង្គ្រប់តម្រូវការ។ ដូច្នេះ ការចូលរួមចិញ្ចឹមសត្វរបស់បងប្អូនប្រជាកសិករ នឹងអាចរួមចំណែកកាត់បន្ថយការនាំចូលសត្វពីខាងក្រៅប្រទេស។ ក្នុងវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ រាជរដ្ឋាភិបាល បានពិនិត្យឃើញថា វិស័យកសិកម្ម បានដើរតួជាអាទិភាពក្នុងការរក្សាប្រភពចំណូលរបស់គ្រួសារកសិករ ក៏ដូចជារក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ ក្នុងពេលដែលវិស័យមួយចំនួនទៀត ត្រូវកកស្ទះ ដូចជាវិស័ួទេសចរណ៍ជាដើម។ ដើម្បីរួមចំណែកដោះស្រាយការលំបាកក្នុងការចំណាយលើថ្លៃដើមផលិតនិងដើម្បីបង្ហាញពីប្រសិទ្ធភាពនៃការផ្តល់បច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈគម្រោង " កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកសធាតុ" ដឹកនាំសម្របសម្រួលទូទាំងប្រទេសដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនៅថ្នាក់មូលដ្ឋានសម្របសម្រួលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយរដ្ឋបាលមូលដ្ឋាន ចងក្រងជាបណ្តុំអាជីវកម្ម ដើម្បីជំរុញកំណើនផលិតកម្ម ហើយផ្សារភ្ជាប់កសិផលទៅកាន់ទីផ្សារជាក់លាក់ គម្រោងបានផ្តល់ទុនសហវិនិយោគដល់កសិករជាសមាជិកបណ្តុំទៅតាមទំហំផលិតកម្ម បន្ថែមទៅលើការបណ្តុះបណ្តាលបច្ចេកទេស។ នេះជាការគិតគូរដល់សុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនពីថ្នាក់ដឹកនាំ។ ហេតុនេះ សូមបងប្អូន យកចិត្តទុកដាក់និងមានការប្តេជ្ញាចិត្តខ្ពស់ ចិញ្ចឹមមាន់ដោយអនុវត្តត្រឹមត្រូវតាមបច្ចេកទេសដែលមន្ត្រីជំនាញផ្តល់ជូន ឲ្យទទួលបានផលល្អ ជាប្រភពចំណូលទ្រទ្រង់ជីវភាពគ្រួសារផងនិងជាដើមទុនពង្រីកអាជីវកម្មបន្តផង។ នេះជាប្រសាសន៍របស់ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារកសិករសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែឃុំអំពិលតាពក ៣០គ្រួសារ នៅភូមិត្រពាំងឬស្សី ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
តាមការពិភាក្សាពីទំហំទុនសហវិនិយោគរបស់មន្ត្រីសម្របសម្រួលនិងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែឃុំអំពិលតាពក គឺសមាជិកគ្រួសារបណ្តុំនីមួយៗ នឹងទទួលបានចំណីមាន់ ១ការ៉ុងនិងកូនមាន់ពូជពី ៤០ទៅ៥០ក្បាល។
សូមជម្រាបជូនថា តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកសធាតុ របស់រាជរដ្ឋាភិបាលនេះ ខេត្តត្បូងឃ្មុំ នៅឆ្នាំ២០២០ មន្ទីរ បានសហការជាមួយរដ្ឋបាលមូលដ្ឋាន រៀបចំបណ្តុំអាជីវកម្មបាន ៤៩បណ្តុំ មានសមាជិក ២០៨១គ្រួសារ ក្នុងស្រុក ក្រុងទាំង៧ ស្មើ ២៩ ឃុំសង្កត់ ដែលរួមមានបណ្តុំអាជីវកម្មបន្លែ បណ្តុំអាជីវកម្មមាន់ស្រែ បណ្តុំអាជីវកម្មស្រូវចំណី បណ្តុំអាជីវកម្មស្រូវពូជ បណ្តុំអាជីវកម្មដំឡូងមី បណ្តុំអាជីវកម្មត្រី កង្កែប ហើយនៅឆ្នាំ២០២១នេះ មន្ទីរ បានសហការជាមួយរដ្ឋបាលមូលដ្ឋាន រៀបចំបណ្តុំអាជីវកម្មបាន ៣៩បណ្តុំ មានសមាជិក ១២៣២គ្រួសារ ក្នុងស្រុក ក្រុងទាំង៧ ស្មើ ៣៣ ឃុំសង្កាត់ ដែលរួមមានបណ្តុំអាជីវកម្មបន្លែ បណ្តុំអាជីវកម្មមាន់ស្រែ បណ្តុំអាជីវកម្មស្រូវចំណី បណ្តុំអាជីវកម្មស្រូវពូជ បណ្តុំអាជីវកម្មដំឡូងមី បណ្តុំអាជីវកម្មត្រី កង្កែប បណ្តុំអាជីវកម្មស្វាយកែវរមៀត បណ្តុំអាជីវកម្មក្រូចថ្លុង និងបណ្តុំអាជីវកម្មពោតចំណីសត្វ។
ចំនួនអ្នកចូលទស្សនា
Flag Counter