ការពង្រីកខ្លួនកាន់តែធំ ឱកាសកាន់តែច្រើន តែទាមទារសមត្ថភាព មធ្យ័តភាព និងសុក្រឹតភាព
ព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមផ្តល់នូវគោលគំនិតតម្រង់ទិសមួយចំនួនដល់តំណាងសហគមន៍កសិកម្ម ដែលស្ម័គ្រចិត្តរួមគ្នា បង្កើតសហភាពសហគមន៍កសិកម្មក្នុងខេត្តត្បូងឃ្មុំ ដែលមានសហគមន៍កសិកម្មចំនួន ១០ ចូលរួម ហើយត្រូវពិភាក្សាព្រាងលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងនាពេលនេះ មុនដាក់ចូលមហាសន្និបាតកំណើតដំបូងរបស់ខ្លួន ពិនិត្យនិងអនុម័តនាពេលខាងមុខ។
ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម តម្រង់ទិសកសិផល ទៅកាន់ទីផ្សារប្រកបដោយនិរន្តរភាព រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវយន្តការប្រមូលផ្តុំកម្លាំងផលិត ដោយបញ្ចូលនូវបច្ចេកទេសកសិកម្មថ្មីៗ ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ធានានូវកំណើននិងគុណភាពផលិតផល ដែលឆ្លើយតបភាពតម្រូវរបស់ទីផ្សារនិងនិរន្តរភាពទីផ្សារ តួយ៉ាងដូចជាការបង្កើត ក្រុមផលិតកម្មកសិកម្ម បណ្តុំអាជីវកម្មកសិកម្ម សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម និងសម្ព័ន្ធសហគមន៍កសិកម្ម។ ក្រុមផលិតកម្មកសិកម្ម បណ្តុំអាជីវកម្មកសិកម្ម មិនមានបទដ្ឋានគតិយុត្តណាគាំទ្រនោះទេ តែ សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម និងសម្ព័ន្ធសហគមន៍កសិកម្ម គាំទ្រដោយច្បាប់ ដែលនឹងក្លាយជានីតិបុគ្គលមួយ ត្រូវបំពេញតួនាទីយ៉ាងសកម្មចូលរួមជំរុញការផលិតនិងដោះស្រាយរាល់បញ្ហារបស់កសិករ ជាតំណាងក្រុមកសិករ ក្នុងចចារទីផ្សារកសិផលជាមួយគ្រប់ភាគីពាក់ព័ន្ធ។ ការគ្រោងបង្កើតសហភាពសហគមន៍កសិកម្ម នាពេលនេះ ក្នុងនាមមន្ទីរ សូមគាំទ្រទាំងស្រុង តែសូមឲ្យការពិភាក្សាលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងសហភាព ត្រូវតែឆ្លើយតបនឹងតម្រូវការរបស់ក្រុមកសិករដែលជាសមាជិករបស់យើង ហើយឆ្លុះបញ្ចាំងឲ្យឃើញពីភាពជាតំណាងរបស់ក្រុមកសិករ ដ៏ជាក់លាក់ ប្រាកដប្រជា ខ្លាំង រឹងមាំ និងទុកចិត្តពីដៃគូរកស៊ីរបស់យើង ប្រកបដោយថាមពល។ ការបង្កើតបានសហភាពសហគមន៍កសិកម្ម មានទំហំការងារកាន់តែងធំ ការទទួលខុសត្រូវកាន់តែទូលាយ និងជាឱកាស ក្នុងសម័យសាកលភាវូបនីយកម្មនិងពាណិជ្ជូបនីយកម្ម តែបញ្ហាប្រឈមក៏ខ្លាំងដែរ ដែលទាមទារនូវមធ្យ័តភាព សុក្រឹតភាព និងសមត្ថភាពគ្រប់គ្រង ដែលឈរលើគោលការណ៍ច្បាប់ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ជាពិសេស ការបត់បែន ទន់ភ្លន់ និងការសម្របបាន ទៅនឹងសភាពការណ៍ជាក់ស្តែង។