ចុះពិនិត្យដំណើរការរៀបចំមណ្ឌលចត្តាឡីស័ក្តិបន្ថែមនៅវិទ្យាល័យតេជោ ហ៊ុន សែន នៅស្រុកក្រូ​ចឆ្មារ
ចេញ​ផ្សាយ ៣១ សីហា ២០២១
102

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរ អង្គភាពជំនាញ ចុះពិនិត្យសមិទ្ធផលដែលជាអំណោយសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមមាន ៖ 
១-ការជួសជុលឡើងវិញទំនប់អាងទឹកបឹងកាដេរ ដែលមានប្រវែង ៧ ៥០០ម។ បឹងកាដេរ បានផ្តល់សក្តានុពលទឹកសម្រាប់ស្រោចស្រពដំណាំ ជាជម្រកមច្ឆជាតិ សត្វស្លាបទឹក ជាតំបន់ការពារធម្មជាតិ អភិរក្សធនធានធម្មជាតិផង និងជាតំបន់ទេសចរណ៍ធម្មជាតិផង។
២-ការស្តារឡើងវិញនិងពង្រីកបន្ថែមប្រព័ន្ធប្រឡាយ ដែលអាចស្រោចស្រពលើដីស្រែប្រមាណជាង ១ ៥០០ហិកតា នៅចំណុចបារាយណ៍-បឹងកាដេរ ហើយអាចបង្កើនរដូវបង្កបង្កើនផលរហូតដល់ទៅ ៣ដង/ឆ្នាំ។
៣-ទំនប់ស្ទាក់ទឹកព្រែកតាកុច ដែលអាចតម្កល់ទឹកសម្រាប់ស្រោចស្រពនៅរដូវប្រាំង បានកាន់តែច្រើន និងអាចជួយផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពស្រូវនៅភូមិសាស្ត្របារាយណ៍-បឹងកាដេរផងដែរ។
៤-សំណង់អគារពិនិត្យនិងព្យាបាលជំងឺកម្ពស់ ៤ជាន់ ក្នុងមន្ទីរពេទ្យស្រុកក្រូចឆ្មារ ដែលគ្រោងដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០២១នេះ។
ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះ ជាចំណងដៃរបស់សម្តេចតេជោ សម្រាប់ជនរួមជាតិទាំងមូល ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារតែម្តង។
បន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅឃុំរកាខ្នុរ ហើយបានសួរសុខទុក្ខបងប្អូនដែលអញ្ជើញមកចាក់វ៉ាក់សាំង ហើយបានណែនាំដល់បងប្អូន ត្រូវបន្តថែរក្សាសុខភាព ជាពិសេស ប្រកាន់ខ្ជាប់វិធានសុខាភិបាល ៣ការពារ ៣កុំ ទោះបីបានចាក់វ៉ាក់រួចហើយក្តី តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋនិងផ្តល់ការចាក់វ៉ាក់សាំងដោយមិនគិតថ្លៃអ្វីទាំងអស់។ កម្មវិធីចុងក្រោយថ្ងៃនេះ ឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យដំណើរការរៀបចំមណ្ឌលចត្តាឡីស័ក្តិបន្ថែមនៅវិទ្យាល័យតេជោ ហ៊ុន សែន កំពង់ទ្រាស ដើម្បីទទួលបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ បន្តអនុវត្តវិធានចត្តាឡីស័ក្តិ មុនត្រឡប់ទៅកាន់លំនៅដ្ឋាន ជាប្រយោជន៍តាមដាន ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ចូលទៅក្នុងសហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter