ព្រឹកថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយលោកប្រធានក្រុមប្រឹក្សាស្រុកក្រូចឆ្មារ លោកអភិបាលស្រុកករូចឆ្មារ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ មេឃុំ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសត្វគោ ឈឺជំងឺដុះពកស្បែកនិងការពិនិត្យព្យាបាលជំងឺគោ ជូនប្រជាពលរដ្ឋ ពីសំណាក់មន្រ្តីជំនាញសុខភាពសត្វនិងផលិតកម្មសត្វនៅឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពជំងឺគោ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកក្រូចឆ្មារ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងមានគោឈឺ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចាត់មន្ត្រីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងថ្នាំព្យាបាលនិងសម្ភារៈបរិក្ខាបសុព្យាបាល ដើម្បីរួមចំណែកព្យាបាលគោឈឺដោយជំងឺដុំពកស្បែកគោ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ ហើយសូមកោតសរសើរដល់មន្ត្រីជំនាញបសុព្យាបាលនិងភ្នាក់ងារសុខភាពសត្វភូមិ ដែលបានប្រឹងប្រែងស្រាវជ្រាវនិងពិនិត្យព្យាបាលជំងឺគោ ដែលកើតជំងឺដុំពកលើស្បែកគោ នៅទូទាំងខេត្ត ជូនបងប្អូនប្រជាកសិកររហូតមកដល់ពេលនេះ។ នេះ ជាទុក្ខលំបាករបស់បងប្អូន ព្រោះគោនេះ ជាប្រភពចំណូលរបស់បងប្អូន ហើយក៏ជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ដែលត្រូវតែគិតគូរដោះស្រាយ។ ជាក់ស្តែងដូចជាថ្ងៃនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានបញ្ជូនទាំងមន្ត្រីជំនាញនិងថ្នាំសម្ភារៈបរិក្ខាបសុព្យាបាល មកព្យាបាលគោ ជូនបងប្អូនដោយមិនគិតថ្លៃនោះទេ។ ហេតុនេះ សូមបងប្អូនសហការជាមួយមន្ត្រីជំនាញ ព្យាបាលគោដែលឈឺឲ្យបានឆាប់ជាសះស្បើយ នៅទូទាំងស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ។ សូមលោកមេឃុំ មេភូមិ ត្រូវសម្របសម្រួលនិងជួយដល់មន្ត្រីជំនាញនិងភ្នាក់សុខភាពសត្វភូមិ បំពេញការងារនេះ ឲ្យបានសម្រេចប្រកបដោយលទ្ធផលជាផ្លែផ្កា ជាពិសេសត្រូវពន្យល់ដល់ប្រជាពលរដ្ឋដែលមានគោឈឺជំងឺនេះ កុំឲ្យលែងគោទៅស៊ីស្មៅពាសវាលពាសកាល ដោយរង់ចាំព្យាបាលឲ្យជាសះស្បើយសិន ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះដល់សត្វគោឯទៀត។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់មន្ត្រីជំនាញបសុព្យាបាលទាំងថ្នាក់ជាតិនិងថ្នាក់ខេត្ត ព្រមទាំងភ្នាក់ងារសុខភាពសត្វភូមិ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ជួយពិនិត្យព្យាបាលដោះស្រាយការលំបាករបស់បងប្អូននាពេលនេះ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាល អនុវត្តវិធានសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ ១៩ កុំឲ្យកើតមានក្នុងសហគមន៍ និងនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។