ព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម កេង ប៊ុនណា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញប្រគល់ជីកសិកម្មចំនួន ៤ ៣៥០គក្រ ជូនដល់សមាជិកបណ្តុំអាជីវកម្មផលិតកម្មស្រូវចំណីចន្ទុំ ឃុំជីគរ ស្រុកត្បូងឃ្មុំ ចំនួន ៣៩គ្រួសារ ដោយមានការចូលរួមអមដំណើរពីលោកប្រធានក្រុមប្រឹក្សាស្រុកត្បូងឃ្មុំលោកអភិបាលស្រុកត្បូងឃ្មុំ លោកប្រធានមន្ទីរពាក់ព័ន្ធ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុក លោកមេឃុំ មេភូមិ ស្ថិតនៅភូមិចន្ទុំ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរាយការណ៍ជូនឯកឧត្តមគណៈអធិបតី និងអអ្គពិធីទាំងមូលជ្រាបថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាគម្រោងមួយរបស់រាជរដ្ឋាភិបាល ដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាភ្នាក់ងារអនុវត្តនៅមូលដ្ឋាន។ គោលបំណងរបស់គម្រោង គឺការសម្របសម្រួលចងក្រងកសិករនិងអ្នកពាក់ព័ន្ធជាបណ្តុំអាជីវកម្ម ហើយបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មី ដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បង្កើនផលិតភាពកសិកម្ម កាត់បន្ថយថ្លៃដើមផលិត ពង្រីកអំណាចចចារតម្លៃ និងនិរន្តរភាពទីផ្សារ។ នៅឆ្នាំ២០២០ ក្នុងចខេត្តត្បូងឃ្មុំ រៀបចំបណ្តុំអាជីវកម្មចំនួន ៤៩បណ្តុំ ដែលមានសមាជិក ២ ០៨១គ្រួសារ។ ចំណែកនៅឆ្នាំ២០២១នេះ ខេត្តត្បូងឃ្មុំ នឹងរៀបចំបណ្តុំអាជិវកម្មចំនួន ៣៩បណ្តុះ ដែលមានសមាជិ កចំនួន ១ ២១៥គ្រួសារ។ ក្នុងដំណើរការគម្រោងនេះ កម្មវិធី នឹងផ្តល់ទុនសហវិនិយោគ ២០% នៃផែនការអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្ម។ហេតុនេះហើយ ក្នុងថ្ងៃនេះ កម្មវិធី នឹងផ្តល់ទុនសហវិនិយោគ ជាជី សម្រាប់សមាជិកបណ្តុំអាជីវកម្មទាំង ៣៩គ្រួសារ ដោយមួយគ្រួសារ នឹងទទួលបានជី ២បាវ។
ឯកឧត្តម កេង ប៊ុនណា បានមានប្រសាសន៍សំណេះសំណាលនិងជម្រាបជូនបងប្អូនប្រជាពលរដ្ឋជាសមាជិកបណ្តុំជ្រាបថា ជីកសិកម្មនេះ ជាការរួមចំណែកដោះស្រាយ ការលំបាកក្នុងការទិញធាតុចូលកសិកម្មសម្រាប់ផលិតកម្មដំណាំស្រូវ និងបង្កើនប្រាក់ចំណូលគ្រួសារកសិករ ទោះស្ថិតក្នុងសភាពការណ៍វិបត្តិ នៃជំងឺឆ្លងរាលដាលកូវីដ១៩នេះក្តី។ នេះជាការយកចិត្តទុកដាក់គិតគូរពីប្រមុខរាជរដ្ឋាភិបាល តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដូច្នេះ សូមសមាជិកបណ្តុំអាជីវកម្ម ប្រឹងប្រែង អនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំបច្ចេកទេសពីមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់បង្កបង្កើតឲ្យក្លាយជាចំណូល និងដើមទុនពង្រីកទំហំផលិតកម្មស្រូវចំណីឲ្យទទួលបានទិន្នផលខ្ពស់ និងមានស្រូវគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅក្នុងខេត្តត្បូងឃ្មុំ និងអាចនាំចេញឲ្យបានច្រើន។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានសំណូមពរបងប្អូន ត្រូវយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ ១៩ និងសូមបងប្អូន មាមីង មានសុខភាពល្អ ប្រកបរបរទទួលទានបានល្អប្រសើរ ជាពិសេសជៀសផុតពីជំងឺឆ្លងកូវីដ ១៩ ទាំងអស់គ្នា។