ការចុះត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោ ក្របី
ចេញ​ផ្សាយ ១៩ សីហា ២០២១
121

កសិករ ត្រូវដាំពោត ដែលជាតម្រូវការរបស់ទីផ្សារជំងឺដុំពកស្បែកលើសត្វគោ ក្របី នៅតែជាក្តីបារម្មណ៍ដល់សុខភាពសត្វ គោ ក្របី របស់ប្រជាកសិករ
បន្ទាប់ពីទទួលបានសារាចរណែនាំស្តីពីវិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោ ក្របី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចមក ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តត្បូងឃ្មុំ បានរកឃើញសត្វគោ មានជំងឺដុំពកស្បែកលើសត្វគោ ក្របី ដែលគិតមកដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានស្រាវជ្រាវរកឃើញករណីជំងឺដុំពកស្បែកលើសត្វគោ ចំនួន ១ ២១៨ក្បាល និងបានជួយអន្តរាគមន៍ពិនិត្យនិងព្យាបាលជំងឺដុំពកគោ ជូនបងប្អូនប្រជាពលរដ្ឋ ជាសះស្បើយចំនួន ៤៦៩ក្បាល ព្រមទាំងបានបាញ់ថ្នាំសម្លាប់មេរោគតាមលំនៅដ្ឋាននិងរោងចិញ្ចឹមគោរបស់ប្រជាពលរដ្ឋទៀតផង។ តែយ៉ាងណា នៅមានគោចំនួន ៧៤៩ ក្បាល នៅបន្តតាមដាននិងពិនិត្យព្យាបាលនៅឡើយ។ 
ជាក់ស្តែងនៅភូមិទួលកែវ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ គោចំនួន ២៦៦ក្បាលកើតជំងឺដុំពកស្បែក ក្នុងចំណោមសត្វគោសរុបក្នុងភូមិ ២៧៥ក្បាក។ គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ ព្យាបាលជាសះស្បើយទើបបានប្រមាណ ៣០%ប៉ុណ្ណោះ។
ជំងឺដុំពកស្បែកគោ ក្របី បង្កដោយវីរុស ដែលមានលេចចេញរោគសញ្ញាជាដុំពកតូចៗ ឬ ធំ នៅនឹងស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកម្តៅខ្លួនអាចឡើងដល់ ៤១អង្សារសេ។ ដុំពកនេះ អាចបង្កទៅជាក្រមរ ហើយអាចបង្កទៅជាដំបៅ ចំពោះសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើមអាចរលូតកូន។ ជំងឺនេះ អាចបណ្តាលឲ្យសត្វស្លាប់បាន។ មេរោគជំងឺនេះ អាចឆ្លងតាមរយៈការប៉ះផ្ទាល់ តាមរយៈ រុយ មូស ដង្កែ តាបោម ការដឹកជញ្ជូន ចំណីសត្វ ទឹកមេជីវិត និងភ្នាក់ងារចម្លងផ្សេងៗទៀត។ មេរោគជំងឺនេះ អាចរស់នៅក្នុងក្រមរស្បែកស្ងួតរហូតដល់ ៣ខែ។ 
ដើម្បីចូលរួមក្នុងវិធានការទប់ស្កាត់ជំងឺសត្វ កុំឲ្យរាលដាលបន្តទៅទៀតនិងសត្វមានសុខភាពល្អ សូមបងប្អូនប្រជាពលរដ្ឋដែលមានសត្វឈឺ ត្រូវ ៖
១-រក្សាគោឈឺក្នុងទីតាំងដាច់ដោយឡែកពីគេ កុំឲ្យមានការចល័តគោ ចេញក្រៅភូមិ ដើម្បីឲ្យស៊ីចំណី ឬ លក់គោដែលមានក្នុងភូមិសាស្ត្រសត្វឈឺនេះឲ្យសោះ
២-សហការជាមួយមន្ត្រីជំនាញ អនុវត្តតាមការណែនាំនិង ពិនិត្យព្យាបាលជំងឺដោយការយកចិត្តទុកដាក់បំផុត
៣-លាងសម្អាតគោឲ្យបានរៀងរាល់ថ្ងៃ ជាមួយនឹងទឹកសាប៊ូ ឬ ទឹកស្អាត ដើម្បីសម្អាតមេរោគផងនិងធ្វើឲ្យគោត្រជាក់ខ្លួនផង ដែលនឹងជួយជំរុញដល់ការធំធាត់របស់គោផងដែរ។
៤-ចូលរួមចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និង សារទឹក ឲ្យបានគ្រប់សត្វទាំងអស់។
៥-ប្រើប្រាស់ថ្នាំទម្លាក់ព្រូន ឬ សត្វល្អិត លើសត្វគោ ក្របី ឲ្យបានទៀងទាត់ ដើម្បីឲ្យគោ ក្របី ធំធាត់បានលឿន។
៦-រាយការណ៍ជូនលោកមេភូមិ មេឃុំ ភ្នាក់ងារសុខភាពសត្វភូមិ ជាបន្ទាន់ ករណីពិនិត្យឃើញថា សត្វគោ ក្របី មានអាការៈជំងឺមិនប្រក្រតីកើតឡើង។

ចំនួនអ្នកចូលទស្សនា
Flag Counter