តម្លៃស្រូវប្រសើរឡើង ខណៈការប្រមូលផលស្រូវ នៅស្រុកអូររាំងឪ
ចេញ​ផ្សាយ ១៩ សីហា ២០២១
83
តម្លៃស្រូវប្រសើរឡើង ខណៈការប្រមូលផលស្រូវពេញបន្ទុកនិងមានការបញ្ជាទិញច្រើន
រសៀលថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមជាមួយសមាជិកសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចុះសិក្សាស្វែងយល់ពីការប្រមូលផលស្រូវបង្កើនរដូវ(ស្រូវស្រាល)នៅភូមិសំស្នេហ៍ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ សូមរាយការណ៍ជូន ជ្រាបថា នៅដើមរដូវវស្សាឆ្នាំ២០២១នេះ ខេត្តត្បូងឃ្មុំ មានដាំដុះស្រូវបង្កើនរដូវ(ស្រូវស្រាល)ដើមរដូវវស្សា លើផ្ទៃដី ៩ ៤០៥ហិកតា ដោយភាគច្រើនប្រើពូជOM៤៩និងOM៥៤៥១ ដែលមកដល់បច្ចុប្បន្ន ប្រមូលផលបាន ៥  ៤៤០ហិកតា មានទិន្នផលជាមធ្យម ៤,២៤តោន/ហិកតា។ នៅដើមរដូវប្រមូលផល តម្លៃស្រូវទាបបន្តិច ហើយក៏ពិបាករកអ្នកទិញដែរ ដោយសារការប្រមូលផលនៅមានបរិមាណតិច ហើយអ្នកបញ្ជាទិញ ក៏នៅស្ទាក់ស្ទើរក្នុងការទិញដែរ។ មកដល់ពេលនេះ ការប្រមូលផលពេញបន្ទុក ហើយអ្នកបញ្ជាទិញក៏មានផែនការទិញច្បាស់លាស់។ ដោយកត្តានេះហើយ មន្ទីរ តែងតែផ្សព្វផ្សាយ ណែនាំ និងសម្របសម្រួលកសិករឲ្យចេះចងក្រងជាបណ្តុំ ជាសហគមន៍កសិកម្ម ហើយរៀបចំផែនការផលិតត្រឹមត្រូវ។ ទីផ្សារពេលនេះ មានទាំងក្នុងខេត្តនិងនាំចេញទៅប្រទេសវៀតណាម។ តម្លៃពេលនេះ មានពី ៧៦០រៀល ទៅ ៨០០រៀល/គ.ក្រ។ 
មីង វ័ល្ល សំណាង ដែលបានដាំដុះស្រូវលើផ្ទៃដីប្រមាណ កន្លះហិកតា បានរៀបរាប់ដោយក្តីសប្បាយរីករាយថា ស្រូវមីង ប្រមូលផល ចំពេលតម្លៃបានល្អ។ មីង ដាំពូជស្រូវOM៥៤៥១ នឹងទទួលផលប្រមាណ ៤៦បេ ប្រមាណ ៣ ៤៥០គ.ក្រ ហើយតម្លៃអាចនឹងលក់បាន ៧៦០រៀល/គ.ក្រ។ មីង សំណាង បានបន្តថា នៅក្នុងឃុំដំរិលនេះ មានដាំស្រូវបង្កើនរដូវប្រមាណ ១ ៩០០ហិកតា ដែលមកដល់ពេលនេះ ប្រមូលផលអស់ជាង ៧០%ទៅហើយ។ តម្លៃច្រូតកាត់ដោយម៉ាស៊ីនខាំបៃនេះ តម្លៃ ២៥០ ០០០រៀល/ហិកតា។ បន្ទាប់ពីច្រូតស្រូវនេះរួចរាល់ កសិករនៅទីនេះ មួយចំនួន នឹងបន្តដាំស្រូវស្រាល និងមួយចំនួន នឹងដាំស្រូវកណ្តាលប្រភេទផ្ការំដួល។ ប្រជាពលរដ្ឋនៅឃុំដំរិលនេះ ក្នុងផ្នែកកសិកម្ម ពឹងផ្អែកលើដំណាំស្រូវនេះ ជាសំខាន់។
ក្នុងការជួបសំណេះសំណាលនេះ បានសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងឈរមើលការច្រូតស្រូវ ក្នុងទឹកចិត្តសប្បាយរីករាយ ដោយសារផលស្រូវក៏ទទួលបានទិន្នផលល្អ ហើយតម្លៃក៏ល្អប្រសើរទៀតនោះ ថា ក្នុងវិបត្តិជំងឺកូវីដ ១៩នេះ រាជរដ្ឋាភិបាល បានកំណត់វិស័យកសិកម្ម ជាវិស័យអាទិភាពក្នុងការរក្សាស្ថិរភាពស្ថានភាពសេដ្ឋកិច្ច។ ដូច្នេះការថែរក្សាបាននូវសុខភាពល្អ មាំមួន មិនរងនូវជំងឺផ្សេងៗ នឹងអាចឲ្យមីង មា បងប្អូន ធ្វើការដាំដុះចិញ្ចឹមសត្វ បង្កើតជាស្បៀងសម្រាប់បរិភោគ។ មិនអាចមាននរណាម្នាក់មិនហូបចុកនោះទេ។ 
ទន្ទឹមនោះ បានណែនាំដល់មីង មា បងប្អូនកសិករដែលត្រូវដាំដុះស្រូវលើកទី២ ត្រូវអនុវត្តតាមបច្ចេកទេសមួយចំនួនដូចខាងក្រោម ៖ 
-សម្រាប់ដីស្រែស្ងួត (ស្រែគ្មានទឹក) យើងអាចធ្វើភ្ជួរដោយប្រើគោយន្ត ឬត្រាក់ទ័រ បន្ទាប់ពីភ្ជួររួចត្រូវបញ្ចូលទឹកឲ្យលិចអាចន៍បំនាស់ ដើម្បីឲ្យរលួយកាកសំណល់គល់ជញ្ជ្រាំង និងស្មៅ ហើយត្រូវទុករយៈពេល១០ទៅ២០ថ្ងៃ  ក្រោយមកបន្ទាប់ពីពិនិត្យឃើញថា គល់ជញ្ជ្រាំងវាបានរលួយអស់ហើយ យើងអាចប្រើគោយន្តរាស់បំបែកដី ឬប្រើត្រាក់ទ័របំពាក់ជាមួយអង្គប់វៃដីកាន់តែល្អ។
-សម្រាប់ដីស្រែមានទឹក យើងពុំបាច់ភ្ជួរឡើយ តែគម្បីប្រើត្រាក់ទ័របំពាក់ជាមួយអង្គប់វៃដី វៃដីយកតែម្តង ធ្វើដូចនេះមានប្រសិទ្ធភាពល្អ ចំណេញពេលវេលា និងថវិកា បន្ទាប់ពីវៃដីបានម៉ដ្ឋល្អហើយត្រូវទុករយៈពេល១០ទៅ២០ថ្ងៃ សិនដើម្បីឲ្យកាកសំណល់គល់ជញ្ជ្រាំងវាកាច់ចូលគ្នាបំម្លែងជាជីរួចសិន ទើបពេលយើងព្រួសគ្រាប់ស្រូវមិនធ្វើឲ្យមានចំហាយក្តៅរលាកគ្រាប់ស្រូវ។
រយៈពេលភ្ជួរ និងប្រើអង្គប់វៃដីស្រែ ចន្លោះពី១០ទៅ២០ថ្ងៃ ពិនិត្យឃើញថាដីផុស គល់ជញ្ជ្រាំងកាច់បានល្អហើយ បន្ទាប់មកយើងត្រូវប្រើអង្គប់វៃដី និងរាស់កៀរពង្រាបដីស្រែជាលើកទី២ ដើម្បីព្រោះគ្រាប់ស្រូវ ដោយត្រូវ៖
-ធ្វើការរាស់ និងកៀរពង្រាបដីស្រែឲ្យបានរាបស្មើល្អ ដោយប្រើត្រាក់ទ័របំពាក់ជាមួយអង្គប់វៃដី ឬគោយន្តបំពាក់ជាមួយរនាស់ដោយចងផ្អោបជាមួយបន្ទះក្តារ ទៅនឹងធ្មេញរនាស់ ក្នុងនោះត្រូវបន្ថែមទម្ងន់៣០ទៅ៤០គីឡូក្រាម ដោយយកដុំថ្មចងភ្ជាប់ពីលើរនាស់ ការងារនេះសម្រាប់អនុវត្តនៅលើដីស្រែដែលមានទឹក។
-បន្ទាប់ពីកៀរពង្រាបដីបានស្មើហើយ យើងត្រូវប្រើគោយន្ត ឆូតរង ឬ ចង្អួរ
ចន្លោះពី៥ ទៅ១០ម៉ែត្រ ក្នុង១រង ដើម្បីងាយស្រួលក្នុងការរំដោះទឹកចេញ
កុំឱ្យគ្រាប់ស្រូវរលួយ បន្ទាប់មកយើងអាចធ្វើការព្រោះស្រូវយកតែម្តង។
ចុះស្រែ ថែសុខភាព ឃ្លាតពីកូវីដ១៩
 
ចំនួនអ្នកចូលទស្សនា
Flag Counter