ក្រូចថ្លុងកោះត្រែង ផ្អែមជូរជាប់ចិត្ត ប្រាប់អស់ញាតិមិត្ត កុំឃ្លាតខកខាន នៅស្រុកក្រូចឆ្មារ
ចេញ​ផ្សាយ ១៩ សីហា ២០២១
215

ក្រូចថ្លុងកោះត្រែង ផ្អែមជូរជាប់ចិត្ត ប្រាប់អស់ញាតិមិត្ត កុំឃ្លាតខកខាន
ក្នុងដំណើរពីខេត្តកំពង់ចាម តាមផ្លូវទៅភ្នំហាន់ជ័យ មកដល់វត្តក្រូចសើច បងប្អូនកុំភ្លេចឡើងដរ នៅខាងក្រោយវត្ត ឆ្លងមកកាន់ កោះត្រែង បងប្អូននឹងបានមកដល់ទឹកដីឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលស្ថិតកណ្តាលដងទន្លេមេគង្គ ទល់មុខភ្នំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទល់មុខឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ដែលមានក្បាលកោះទន្ទឹមនឹងរមនីយដ្ឋានប្រវត្តិសាស្រ្តភ្នំហាន់ជ័យនិងចុងកោះទន្ទឹមនឹងភូមិទី៣ ឃុំកំពង់ទ្រាស។ នៅលើសាឡាង យើងអាចទស្សនាភាពស្រស់បៃតងត្រជាក់ភ្នែកនិងរមណីយដ្ឋានភ្នំហាន់ជ័យខ្ពស់ត្រដែតពីលើចុងប្រឹក្សាទាំងពួងនិងបានឭសម្លេងទឹកហូរ វាយោត្រសៀក កៀកកិតកាយា។ ទឹកហូរខ្មួលខ្មាញ់ រលេញជាមួយដីកោះ ប្រឡោះគុម្ពត្រែង ប្រលែងគុម្ពឬស្សី ទប់ដីហូរដាច់ កាច់ករជាល្បាប់ ដែលល្អប្រសើរសម្រាប់ដំណាំទាំងឡាយ។
ឡើងដល់ដីកោះ យើងនឹង បានឃើញផ្លូវចាក់បេតុងខ្វាត់ខ្វែង លម្អទៅដោយចម្ការក្រូចថ្លុងនៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទីនោះនិងផ្ទះប្រក់ក្បឿង សង្ក័សី សង់ផុតពីដី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ នៅលើទឹកដីកោះពីរនេះ មានសំណង់ផ្ទះបូរាណ ដែលមានអាយុកាលជា ១០០ឆ្នាំ ចំនួន ២ខ្នង ដែលត្រូវបានថែរក្សាយ៉ាងល្អទុកសម្រាប់ទទួលភ្ញៀវទេសចរណ៍ទស្សនាកំសាន្តនិងសិក្សាស្វែងយល់ផងដែរ។ នៅរដូវទឹកទន្លេមេគង្គឡើងខ្ពស់ អាចពន្លិចដីកោះនេះ ដោយកន្លែង ដែលខ្លះរហូតដល់មួយម៉ែត្ររយៈពេលពី១០ទៅ២០ថ្ងៃ។ 
លោក ខូវ អ៊ មេឃុំកោះពីរ(ទូរស័ព្ទលេខ ០៨៨ ៦៦៦ ៣៩ ០០) បានរៀបរាប់ថា កោះនេះ មានផ្ទៃដី 
១ ០៧៧ហិកតា  ចែកជា ៤ភូមិ មាន ភូមិកោះត្រែង ភូមិបីពៃ ភូមិជួរកណ្តាល និងភូមិម៉ឺនងន់ មានប្រជាពលរដ្ឋរស់នៅ ៦៣៧គ្រួសារ មនុស្សរាយ ២៤៥២នាក់។ កោះពីរនេះ មានបណ្តោយប្រវែង ៣ ២៥០ម៉ែត្រ និងទទឹងកោះផ្នែកដែលធំជាងគេប្រវែង ២ ០១៥ម៉ែត្រ។ កាលពីដើមឡើយ នៅលើកោះនេះ សម្បូរណ៍ទៅដោយដើមឫស្សីនិងដើមគរ ដែលមានភាពធន់ទ្រាំទៅនឹងទឹកជន់លិចនិងការហូរច្រោះ។ ក្រោយមកក៏មានប្រជាពលរដ្ឋដាំក្រូចថ្លុង ហើយពិនិត្យឃើញថា មានការដុះលូតលាស់ល្អ ហើយផ្តល់រសជាតិផ្អែមស្រទន់ លាយជាតិជូរស្រាល ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកបរិភោគ ទើបពេលនោះហើយ ប្រជាជនក្នុងភូមិ បាននាំគ្នាកាប់ឫស្សី រួចចាក់ដីបន្ថែម ដើម្បីដាំដំណាំក្រូចថ្លុង។ មកដល់ឆ្នាំ២០១៩ ក្រូចថ្លុងដាំលើផ្ទៃដីប្រមាណ ៣០ហិកតា ហើយមកដល់ពេលនេះ ក្រូចថ្លុង បានដាំស្ទើរពេញផ្ទៃកោះ ដោយប្រជាពលរដ្ឋបន្តកាប់ឬស្សីនិងគរ មកដាំក្រូចថ្លុងវិញ។ ក្រូចថ្លុងដែលបានដាំលើកោះនេះ មាន ៣ប្រភេទ គឺក្រូចថ្លុងកោះត្រែង(មានរសជាតិផ្អែម លាយជូរស្រាល) ក្រូចថ្លុងទទឹម(មានរសជាតិជូរជាងផ្អែម) និងក្រូចថ្លុងពូជពីកោះទ្រុង ខេត្តក្រចេះ។ ក្រូចថ្លុង ដែលទាក់ទាញអ្នកបរិភោគជាងគេនោះ គឺក្រូចថ្លុងកោះត្រែង ដែលរសជាតិផ្អែមលាយជូរស្រាល ទឹកច្រើន ហើយកំពិសរបស់វាទន់ល្មើយ បង្កើតនូវទឹកដមផ្អែមត្រជាក់ បំពង់ក។ រសជាតិដោយឡែកនេះហើយ ដែលមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋបានពង្រីកផ្ទៃដីដាំដុះរហូតដល់ ៩៥ហិកតា ហើយមានផ្ទៃដីកំពុងប្រមូលផលមានប្រមាណ ៤១ហិកតា។ ដូច្នេះ ហើយយើងសង្កេតឃើញលើកោះនេះ មានដំណាំចម្បងតែ ៣ប្រភេទប៉ុណ្ណោះ គឺ ឬស្សី គរ និងក្រូចថ្លុង។ ក្នុងបរិវេណលំនៅដ្ឋានណាមួយ ក៏មានដើមក្រូចថ្លុងដែរ។
ចំណែកនៅរដូវប្រាំង កោះពីរ ព័ទ្ធជុំវិញទៅដោយខ្សាច់ពណ៌លឿងខ្ចី លាយជាមួយកំទេចកំទីភ្លិកភ្លេកពណ៌មាសនិងប្រាក់។ ជាមួយគ្នានេះ ក៏មានដើមក្រូចថ្លុង ២ដើម ដែលប្រជាជននៅលើកោះផ្តល់រហ័សនាមថា ជាដើមក្រូចថ្លុងដែលផ្តល់ផ្លែច្រើនដាច់គេ រហូតដល់ ៥០ឡូត៍ក្នុងមួយដើម និងមានអាយុកាលវែងជាងគេផងដែរ។
លោកមេឃុំ ក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់ អញ្ជើញមកកំសាន្តលើកោះពីរ ទាំងរដូវវស្សានិងរដូវប្រាំង ដើម្បីទស្សនានូវទិដ្ឋភាពពីរដាច់ដោយឡែក តែបានភ្លក់រសជាតិក្រូចថ្លុង ទស្សនាផ្ទះបុរាណ និងទទួលបានការគួរសមពីបងប្អូនប្រជាពលរដ្ឋលើកោះពីរ។
លោកតា ហាក់ ឡាង អាយុ ៧៩ឆ្នាំ នៅភូមិជួរកណ្តាល សម្បុរសជ្រះ ស្តើង ខ្ពស់ កូនកាត់ចិន ញញឹមស្រស់ បានរៀបរាប់ដោយក្តីសប្បាយរីករាយថា គាត់ដាំក្រូចថ្លុង មានតំណរពីដូនតាមក ហើយរាល់ថ្ងៃនេះ ដាំពូជកោះត្រែងចំនួន ៦០ដើម ហើយអាចប្រមូលផលបានទាំងអស់។ គាត់បាន ញញឹមហើយមានប្រសាសន៍ប្រកបដោយមោទនភាពថា ពូជក្រូចថ្លុងកោះត្រែង មានរសជាតិទឹកដមផ្អែមស្រទន់ ស្រួយ លាយជូរស្រាល ដែលរសជាតិនេះ មិនចាញ់រសជាតិក្រូចថ្លុងតំបន់ផ្សេងនោះទេ ហើយអាចថាលើសគេផងក៏ថាបាន។ ពីរបីឆ្នាំចុងក្រោយនេះ ក្រូចថ្លុងកោះត្រែង ដូចជាមានហាងឆេងណាស់ មិនពិបាកលក់ទេ មានគេប្រមូលទិញ មិនមានគ្រប់ផង ហើយបានតម្លៃល្អថែមទៀត។ បច្ចុប្បន្ន គេ កាប់ឬស្សី កាប់គរ ចាក់ដីបន្ថែម ដាំក្រូចថ្លុងស្ទើរអស់ដីទៅហើយ។ លោកតា បានរៀបរាប់ទៀតថា ក្រូចថ្លុងនៅកោះពីរនេះ ប្រមូលផលច្រើន ចាប់ផ្តើមពីខែមេសាដល់ខែកញ្ញា។ ដើម្បីដឹងថាក្រូចថ្លុងនោះទុំ ឬនៅ គឺយើងត្រូវមើលផ្លែណាដែលក្រឡារីកល្អ។ ជាទូទៅ ក្នុង ១ដើម ក្រូចថ្លុងរបស់គាត់មានផ្លែចាប់ពី ១០ ទៅ២០ឡូតិ៍ក្នុងមួយដើម។ តែឆ្នាំនេះ ភាពរាំងស្ងួតនៅខែមិថុនា ធ្វើឲ្យក្រូចផ្លែបានតិច ហើយមិនសូវបានល្អទៀត។ ក្រូចថ្លុង ឲ្យតែមានទឹក គឺផ្លែរហូត។ តែ ក៏មានការប្រឈមផងដែរ ជាងគេនោះ គឺស្រាំងទិចស្អុយផ្លែតែម្តង។
ដោយពិនិត្យឃើញពីសក្តានុពលក្រូចថ្លុងនៅឃុំកោះពីរ កាលពីថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ  បានដឹកនាំមន្ត្រីជំនាញសម្របសម្រួលរៀបចំបណ្តុំអាជីវកម្មក្រូចថ្លុង នៅឃុំកោះពីរ ស្រុកក្រូចឆ្មារ ដែលមានកសិករដាំក្រូចថ្លុង ៣៩គ្រួសារ ចូលរួមជាសមាជិក ក្រោមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
លោកប្រធានមន្ទីរ បានលើកឡើងថា ការចងក្រងជាបណ្តុំនេះ មានសារៈសំខាន់ណាស់ក្នុងការពង្រីកសក្តានុពល កិត្យានុភាពក្រូចថ្លុង តាមរយៈការបញ្ចូលបច្ចេកទេសកសិកម្មថ្មី ដែលមានស្តង់ដារគុណភាពជាក់លាក់ ពង្រឹងអំណាចក្នុងការចចារតម្លៃ រក្សានិរន្តរភាពទីផ្សារ។ បណ្តុំ មានភាពរឹងមាំទៅបាន លុះណាទាំងថ្នាក់ដឹកនាំបណ្តុំ សមាជិកបណ្តុំ បានយល់ច្បាស់ពីសារៈប្រយោជន៍នៃបណ្តុំនិងចូលរួមគ្រប់ជំហានសកម្មភាពដែលបណ្តុំត្រូវធ្វើ មានភាពស្មោះត្រង់ ជឿជាក់ ទុកចិត្ត និងការទទួលខុសត្រូវ។ ជាការរួមចំណែកតម្រង់ទិសកសិករ ក្នុងការដាំក្រូចថ្លុងនេះ មន្ត្រីជំនាញបានលើកជូនយោបល់ដល់កសិករបន្ថែមដូចតទៅ ៖
-ត្រូវធ្វើការតាក់តែងមែក ដើម្បីពន្លឺថ្ងៃចូលបានគ្រប់គ្រាន់ ទប់ស្កាត់ជំងឺនិងសត្វល្អិតបំផ្លាញដំណាំ និងធ្វើឲ្យផ្លែមានទំហំស្តង់ដារ
-ត្រូវប្រើប្រព័ន្ធស្រោចស្រពតាមបទដ្ឋានបច្ចកទេសកសិកម្មថ្មី កាត់បន្ថយការចំណាយលើពេលវេលា កម្លាំងពលកម្ម និងងាយស្រួលបន្ថែមសារធាតុចិញ្ចឹម
-ត្រូវប្រើប្រាស់ជីកែច្នៃតាមគោលការណ៍ធម្មជាតិ ដូចជាជីកំប៉ុស្ត៍ ជីឡជីវឧស្ម័ន(កាកសំណល់អាចម៍គោ) ដែលមិនមានសារធាតុពិល សត្វល្អិត ដែលអាចឲ្យរសជាតិក្រូចថ្លុង ទទួលបានស្តង់ដារសុវត្ថិភាពជាក់លាក់ ដូចជា ស្តង់ដារ " ការអនុវត្តកសិកម្មល្អ (GAP) "
-ត្រូវពិភាក្សាបង្កើតស្លាកសញ្ញាសម្គាល់ សម្រាប់ក្រូចថ្លុងនេះ
-ត្រូវជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទាក់ទាញអ្នកមកកំសាន្ត ដើម្បីបង្កើតការងារនិងបង្កើនចំណូលម្ចាស់ស្រុក តាមរយៈទេសចរណ៍។
សូមចូលរួមគាំទ្រ និង ផ្តល់តម្លៃផលិតផលក្នុងស្រុក

ចំនួនអ្នកចូលទស្សនា
Flag Counter