ព្រឹកថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យការចិញ្ចឹមមាន់ស្រែ និងការសាងសង់ទ្រុងមាន់សម្រាប់យកស៊ុតរបស់កសិករ ពឿន ពេត ទូរស័ព្ទលេខ ០៩៧ ៨៨ ២៩ ២៧២) ស្ថិតនៅភូមិទួលចាន់ ឃុំពពេល ស្រុកពញាក្រែក សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ពពេល ដែលបានចិញ្ចឹមមាន់មេបាពូជចំនួន ៤៥ក្បាល មាន់សាច់ប្រមាណ ៨០ក្បាល អាចលក់បាននៅពាក់កណ្ដាលខែកញ្ញា ក្នុងតម្លៃ ១៨ ០០០រៀល/គ.ក្រ និងកំពុងសាងសង់ទ្រុងមាន់បន្ថែម ដែលបានគាំទ្រដោយគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ អនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រថវិកាពីប្រជាជនជប៉ុន បានផ្តល់ទ្រុងចិញ្ចឹមមាន់យកសាច់មួយខ្នង ទំហំ ៤ម៉ែត្រx១២ម៉ែត្រ សង់អំពីដែកប្រក់សង្ក័សី។
-បន្ទាប់មកលោកប្រធានមន្ទីរ បានបន្តចុះពិនិត្យការចិញ្ចឹមមាន់ ទាកាប៉ា និងក្ងានរបស់ប្អូនប្រុស រ៉េត ចាន់ថន(ទូរស័ព្ទលេខ ០៨៨ ៤៤ ៨៨៨ ១៥) កំពុងចាប់អារម្មណ៍ក្នុងការចិញ្ចឹមមាន់ស្រែដែលមានមេបាពូជ ចំនួន ៣៥ក្បាល ផ្ដល់ស៊ុតបាន ១៥គ្រាប់/ថ្ងៃ និងបានចិញ្ចឹមទាកាប៉ា និងក្ងាន ចំនួន ៧០ក្បាល សម្រាប់ចិញ្ចឹមយកស៊ុតនិងយកកូនលក់ ដែលស្ថិតនៅភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានធ្វើការណែនាំពីបច្ចេកទេសក្នុងការចិញ្ចឹមសត្វមួយចំនួនដូចជា ៖
-ត្រូវរៀបចំទ្រុងឲ្យមានទីធ្លា សម្រាប់មាន់ដើរលេង
-ការផ្ដល់ចំណី ត្រូវគិតពីបរិមាណមាន់ស៊ី ដើម្បីកុំឲ្យសល់ចំណី ធ្វើឲ្យខាតបង់ថវិកាច្រើន
-ត្រូវសម្រាំងមេបាពូជជាមាន់ស្រែសុទ្ធ ដែលមានសុខភាពល្អ មិនជាន់ឈាម ជើងពណ៌លឿង ឬ ខ្មៅ រោមដុះជិតល្អ ដែលមានតម្រូវការនៅលើទីផ្សារខ្ពស់ និងជាមេបា ដែលមានការលូតលាស់លឿននិងធន់នឹងជំងឺ
-មិនត្រូវចិញ្ចឹមមាន់ព្រលែងទេ ដែលអាចបង្កឲ្យសត្វងាយប្រឈមនឹងជំងឺផ្សេងៗ។ ត្រូវហ៊ុំព័ទ្ធសំណាញ់ ឬ ធ្វើរបងជុំវិញបរិវេណទ្រុងមាន់ ដើម្បីទប់ស្កាត់សត្វផ្សេងៗ ដែលពាំនាំសត្វងាប់មានផ្ទុកជំងឺចូលមកក្បែរ
-ត្រូវធ្វើវ៉ាក់សាំងឲ្យបានត្រឹមត្រូវ គ្រប់មាន់ តាមអាយុរបស់មាន់ និងធ្វើការទម្លាក់ព្រូន សត្វល្អិតជាប្រចាំ និងបាញ់ថ្នាំរម្ងាប់មេរោគ នៅជុំវិញរោងចិញ្ចឹមមាន់ទាំងខាងក្នុង និងខាងក្រៅឲ្យបានញឹកញាប់។