ព្រៃសហគម៍ នឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរបន្ថែម បង្កើនចំណូលគ្រួសារ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានសម្របសម្រួលគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើនៅព្រៃសហគមន៍ ភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពូីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងមន្ត្រីជំនាញ លោកមេឃុំ មេភូមិ និង ប្រជាពលរដ្ឋ។
ដោយមើលឃើញពីគុណតម្លៃនៃព្រៃឈើ ដែលមានការពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងប្រែក្លាយព្រៃសហគមន៍ដែលរងការទន្ទ្រានពីប្រជាពលរដ្ឋ ឈើព្រៃដុះឡើងវិញនៅក្នុងតំបន់នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈគម្រោងបែងចែកដី ដើម្បីសម្បទានសង្គមកិច្ចនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំហាន២ (LASEDII) បានរៀបចំដាំកូនឈើចំនួន ១ ០៥០ដើម លើដីព្រៃសហគមន៍ប្រមាណជា ១,៧ហិកតា ក្នុងនោះមានប្រភេទឈើក្រញូង ឈើបេង ឈើនាងនួន ឈើទាល ឈើគីនីន និងឈើធ្នង់។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជូនពរសូមឲ្យបងប្អូន មាមីង មានសុខភាពល្អ ប្រកបរបរទទួលទានបានល្អប្រសើរ ជាពិសេសជៀសផុតពីជំងឺឆ្លងកូវីដ ១៩ ទាំងអស់គ្នា។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្ថែមថា គម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងអភិវឌ្ឍនសេដ្ឋកិច្ច ជំហាន២ ជាគម្រោងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំសម្របសម្រួលអនុវត្តដោយក្រសួងមហាផ្ទៃ ហើយនៅថ្នាក់ក្រោមជាតិ សម្របសម្រួលអនុវត្តដោយរដ្ឋបាលខេត្តត្បូងឃ្មុំ ហើយគាំទ្រមូលនិធិដោយរាជរដ្ឋាភិបាលនិងឥណទានពីធនាគារពិភពលោក។ គម្រោងនេះ ជាជំហានទី២ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានអនុវត្ត ដោយមានកិច្ចសហកាពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ ការដាំដើមឈើនេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ ដោយសារពិនិត្យឃើញថា ដីព្រៃសហគមន៍មួយចំនួន ត្រូវបានប្រជាពលរដ្ឋទន្ទ្រានដាំដុះដំណាំផ្សេងៗ។ ហើយនេះ ជាលើកទី៣ ដែលគម្រោងបានដាំកូនឈើ សរុបលើផ្ទៃដី ៥ហិកតា។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរដល់សម្បទានិកយើងទាំងអស់ ចូលរួមថែរក្សាការពារព្រៃសគមន៍ ឲ្យបានគង់វង្ស ជាពិសេសកូនឈើដែលយើងបានដាំនេះ យើងត្រូវរួមគ្នាថែរក្សាការពារ ដោយមានការសម្អាតស្មៅ និងការពារភ្លើងឆេះ នៅរដូវប្រាំង។ ព្រៃឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់សម្បទានិកយើង ដោយវាបានផ្ដល់ផលប្រយោជន៍ជាផលនិងអនុផលព្រៃឈើ សម្រាប់ពេលបច្ចុប្បន្ននិងអនាគត ដូចជាឈើសម្រាប់ប្រើប្រាស់ រុក្ខជាតិព្រៃឱសថ ជាជម្រកសត្វស្លាប ល្មូន និងថនិកសត្វជាដើម ដែលអាស្រ័យជម្រកព្រៃឈើនេះ។ មិនតែប៉ុណ្ណោះ ព្រៃសហគម៍ នឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ដំណើរកំសាន្តរបស់ភ្ញៀវទេសចរណ៍ផងដែរ ដែលនឹងបង្កើតបានជាមុខរបរជាច្រើនទៀតសម្រាប់បងប្អូនយើង។
ជាបន្ត ឯកឧត្តមអភិបាលរងខេត្ត បានអញ្ជើញដឹកនាំ មន្ត្រីរាជការ ក្រុមការងារអមដំណើរ ចុះពិនិត្យការតាក់តែងមែកដំណាំស្វាយចន្ទី ដែលប្រជាកសិករ ត្រូវតែធ្វើជារៀងរាល់ឆ្នាំ ដំណាំដំឡូងមី និងការចិញ្ចឹមសត្វមាន់ របស់សម្បទានិកគំរូ ដោយបានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីនៃមន្ទីរជំនាញ បន្តការគាំទ្រទាំងបច្ចេកទេស បទពិសោធន៍ និងសម្ភារផ្សេងៗបន្ថែមទៀត និងបានណែនាំកសិករឲ្យយកចិត្តទុកដាក់លើការងារកសិកម្ម និងអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីការអនុវត្តបានល្អប្រសើរ សំដៅបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ព្រមទាំងបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សូមជម្រាបជូនថា តាមរយៈគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន ២(LASED II) នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកិច្ចព្រមព្រៀងជាមួយរដ្ឋបាលខេត្ត អនុវត្តសកម្មភាពចាប់ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន រួមមានការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម (ការដាំដុះដំណាំបន្លែ ការចិញ្ចឹមសត្វ ការដាំដុះដំណាំឈើហូបផ្លែ និងដំណាំឧសហកម្ម...) ដាំកូនឈើ ប្រគល់សម្ភារកសិកម្ម ពូជមាន់ ពូជបន្លែ ពូជត្រី និងពូជកង្កែប ដល់សម្បទានិក អនុវត្តបង្ហាញបច្ចេកទេសចិញ្ចឹមមាន់ ដាំបន្លែ ចិញ្ចឹមត្រី កង្កែប ដំណាំដំឡូងមី និងស្វាយចន្ទីជាដើម ដែលមានសម្បទានិកចូលរួមសរុប ១២៦នាក់/គ្រួសារ។ គម្រោងអនុវត្តផ្តោតលើការបង្កើនចំណូលគ្រួសារសម្បទានិក តាមរយៈការផ្តល់បច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទំនើបកម្មកសិកម្ម ទីផ្សារកសិកម្ម ថែរក្សាការពារធនធានព្រៃឈើក្នុងសហគមន៍និងជីវភាព។