ចូលរួមទប់ស្កាត់ជំងឺដុំពកស្បែក លើសត្វគោ ក្របី និងរាយការណ៍បន្ទាន់មក មេភូមិ មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញ
អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមជាមួយមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានបន្តស្រាវជ្រាវ ពិនិត្យ បាញ់ថ្នាំសម្លាប់មេរោគ និងព្យាបាលសត្វគោ ដែលកំពុងលេចចេញករណីជំងឺដុំពកស្រែកលើសត្វគោរបស់កសិករនៅភូមិខ្សាច់ប្រឆេះក្រោមនិងខ្សាច់ប្រឆេះកណ្តាល ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សូមជម្រាបជូនថា បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសារាចរណែនាំស្តីពីវិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោ ក្របី មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានផ្សព្វផ្សាយនិងស្រាវជ្រាវរកឃើញករណីជំងឺដុំពកស្បែកនេះ នៅស្រុកត្បូងឃ្មុំ ពញាក្រែក និងស្រុកក្រូចឆ្មារ ហើយបានពិនិត្យព្យាបាលបានជាសះស្បើយជាបន្តបន្ទាប់។
ជំងឺដុំពកស្បែកគោ ក្របី បង្កដោយវីរុស ដែលមានលេចចេញរោគសញ្ញាជាដុំពកតូចៗ ឬ ធំ នៅស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកម្តៅខ្លួនអាចឡើងដល់៤១អង្សារសេ។ ដុំពកនេះ អាចបង្កទៅជាក្រមរ ហើយអាចបង្កទៅជាដំបៅ ចំពោះសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើមអាចរលូតកូន។ ជំងឺនេះ អាចបណ្តាលឲ្យសត្វស្លាប់បាន។ មេរោគជំងឺនេះ អាចឆ្លងតាមរយៈការប៉ះផ្ទាល់ តាមរយៈ រុយ មូស ដង្កែ តាបោម ការដឹកជញ្ជូន ចំណីសត្វ ទឹមមេជីវិត និងភ្នាក់ងារចម្លងផ្សេងៗទៀត។ មេរោគជំងឺនេះ អាចរស់នៅក្នុងក្រមរស្បែកស្ងួតរហូតដល់ ៣ខែ។
ក្នុងឱកាសសាកសួរសុខទុក្ខជាមួយបងប្អូនកសិករដែលមានគោកំពុងរងជំងឺនេះ លោកប្រធានមន្ទីរ បានពាំនាំនូវការផ្តាំផ្ញើនូវទឹកចិត្តអាណិតអាសូរសោកស្តាយរបស់ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត ជាមួយបងប្អូនប្រជាកសិករ ដែលមានសត្វទទួលរងនូវជំងឺដុំពកស្បែក នេះ ហើយសំណូមពរដល់បងប្អូនចូលរួមជាមួយមន្ត្រីជំនាញ ពិនិត្យព្យាបាលឲ្យបានទាន់ពេលវេលា និងចូលរួមវិធានការទប់ស្កាត់ជំងឺនេះ កុំឲ្យរាលដាលបន្តទៅទៀត។
ជាសំណូមពរបន្ថែមដល់អាជ្ញាធរ និង បងប្អូនដែលមានសត្វឈឺ ខ្ញុំ បាន ៖
១-សូមលោកមេឃុំ មេភូមិ បន្តស្រាវជ្រាវឲ្យអស់នូវគ្រួសារដែលមានសត្វឈឺនិងជួយផ្សព្វផ្សាយកុំឲ្យមានការចល័យគោ ចេញក្រៅភូមិ ដើម្បីឲ្យស៊ីចំណី ឬ លក់គោដែលមានក្នុងភូមិសាស្ត្រសត្វឈឺនេះឲ្យសោះ
២-សូមបងប្អូនប្រជាកសិករ ចូលរួមតាមការគិតគូរនិងស្នើសុំរបស់ថ្នាក់ដឹកនាំ សហការជាមួយមន្ត្រីជំនាញ ពិនិត្យព្យាបាលដោយមិនយកកម្រៃអ្វីទាំងអស់
៣-ក្រៅពីជំងឺនេះ សូមបងប្អូន ចូលរួមចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមនិងសារទឹកឲ្យបានគ្រប់សត្វទាំងអស់
៤-សូមបងប្អូន ប្រើប្រាស់ថ្នាំទម្លាក់ព្រូន ឬ សត្វល្អិត លើសត្វគោ ក្របី ឲ្យបានទៀងទាត់ ដើម្បីឲ្យគោ ក្របី ធំធាត់បានលឿន
៥-សូមលាងសម្អាតគោឲ្យបានរៀងរាល់ថ្ងៃ ជាមួយនឹងទឹកសាប៊ូ ឬ ទឹកស្អាត ដើម្បីជម្រះមេរោគផងនិងធ្វើឲ្យគោត្រជាក់ខ្លួនផង និងជួយជំរុញដល់ការធំធាត់លឿនផងដែរ។
៦-សូមរាយការណ៍ជូនលោកមេភូមិ មេឃុំ ភ្នាក់ងារសុខភាពសត្វភូមិ ជាបន្ទាន់ ក្នុងករណីពិនិត្យឃើញថា សត្វគោ ក្របី មានអាការៈជំងឺមិនប្រក្រតីកើតឡើង។