លោកអ្នក ធ្វើស្រែជាលើកទី២ បន្ទាប់ពីស្រូវបង្កើនរដូវមែនទេ?
ចេញ​ផ្សាយ ០៤ សីហា ២០២១
147

លោកអ្នក ធ្វើស្រែជាលើកទី២ បន្ទាប់ពីស្រូវបង្កើនរដូវមែនទេ? 
ចង់ទទួលបានទិន្នផលល្អ មែនទេ?
ការរៀបចំភ្ជួររាស់ដី និង កៀរពង្រាបដីស្រែ ឲ្យផុស និង រាបស្មើល្អ វាមានសារ:សំខាន់ណាស់ សម្រាប់ការដុះលូតលាស់របស់ដំណាំស្រូវ។
នៅដើមរដូវវស្សាប្រជាកសិករមួយចំនួនដែលមានដីស្រែនៅតំបន់ទំនាប តែងតែធ្វើស្រូវស្រាលដើមរដូវ(ស្រូវបង្កើនរដូវ) ហើយផ្ដើមប្រមូលផលចាប់ពីពាក់កណ្ដាលខែកក្កដា។ បន្ទាប់ពីប្រមូលផលរួច បងប្អូនប្រជាកសិករ ក៏ចាប់ផ្តើមរៀបចំភ្ជួររាស់ដី ដើម្បីព្រោះស្រូវជាលើកទី២បន្តទៀត។
ដូច្នេះ ដើម្បីជាគន្លឹះក្នុងការរៀបចំដីស្រែឲ្យបានត្រឹមទៅតាមបច្ចេកទេស លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ(០៧១ ៥៩ ៥៩ ២៧១) សូមធ្វើការបង្ហាញ ៖
១-សម្រាប់ដីស្រែស្ងួត(ស្រែគ្មានទឹក) យើងអាចធ្វើភ្ជួរដោយប្រើគោយន្ត ឬ ត្រាក់ទ័រ។ បន្ទាប់ពីភ្ជួររួច ត្រូវបញ្ចូលទឹកឲ្យលិចអាចម៍បំណាស់ ដើម្បីឲ្យរលួយកាកសំណល់គល់ជញ្ជ្រាំង និងស្មៅ ក្នុងរយៈពេល ១០ ទៅ ២០ថ្ងៃ។ ក្រោយពីពិនិត្យឃើញថា គល់ជញ្ជ្រាំង ឬ ស្មៅ វាបានរលួយអស់ហើយ យើងអាចប្រើគោយន្តរាស់បំបែកដី ឬ ប្រើត្រាក់ទ័របំពាក់ជាមួយអង្គប់វៃដី ឲ្យបានហ្មត់ល្អ។
២-សម្រាប់ដីស្រែនៅមានទឹកដក់ក្នុងស្រែ យើងពុំបាច់ភ្ជួរឡើយ តែគម្បីប្រើត្រាក់ទ័របំពាក់ជាមួយអង្គប់វៃដី វៃដីយកតែម្តង ដែលការធ្វើដូចនេះ មានប្រសិទ្ធភាពល្អ ចំណេញពេលវេលា និងថវិកា។ បន្ទាប់ពីវៃដីបានម៉ដ្ឋល្អហើយ ត្រូវទុករយៈពេល ១០ ទៅ ២០ថ្ងៃសិន ដើម្បីឲ្យកាកសំណល់គល់ជញ្ជ្រាំង ឬ ស្មៅ វាកាច់ចូលគ្នាបំលែងជាជីរួចសិន ទើបពេលយើងព្រោះគ្រាប់ស្រូវ មិនធ្វើឲ្យមានចំហាយក្តៅរលាក ឬ រលួយគ្រាប់ស្រូវពូជ។
បន្ទាប់ពីភ្ជួរ ឬ វៃដីស្រែ បានរយៈពេលពី ១០ ទៅ ២០ថ្ងៃហើយ ហើយពិនិត្យឃើញថា ដីផុស គល់ជញ្ជ្រាំងកាច់បានល្អហើយ យើងត្រូវប្រើអង្គប់វៃដី និងរនាស់រាស់កៀរពង្រាបដីស្រែជាលើកទី២ មុនព្រោះគ្រាប់ស្រូវ ដោយត្រូវ ៖
-ធ្វើការរាស់ និង កៀរពង្រាបដីស្រែឲ្យបានរាបស្មើល្អ ដោយប្រើត្រាក់ទ័របំពាក់ជាមួយអង្គប់វៃដី ឬ គោយន្តបំពាក់ជាមួយរនាស់ ដោយចងផ្អោបជាមួយបន្ទះក្តារ ទៅនឹងធ្មេញរនាស់ ហើយត្រូវបន្ថែមទម្ងន់(ចងដុំថ្ម) ៣០ ទៅ ៤០គីឡូក្រាម។ ការធ្វើបែបនេះបាន តែទៅលើដីស្រែដែលមានទឹកដក់។
-បន្ទាប់ពីកៀរពង្រាបដីបានស្មើហើយ យើងត្រូវប្រើគោយន្តឆូតរង ឬ ចង្អួរ
ចន្លោះពី ៥ ទៅ ១០ម៉ែត្រ ក្នុង ១រង ដើម្បីងាយស្រួលក្នុងការរំដោះទឹកចេញ
កុំឱ្យគ្រាប់ស្រូវរលួយ។ បន្ទាប់មក យើងអាចធ្វើការព្រោះគ្រាប់ពូជស្រូវ យកតែម្តង។
ចុះស្រែ ថែសុខភាព ឃ្លាតពីកូវីដ-១៩ តាមវិធានសុខាភិបាល

ចំនួនអ្នកចូលទស្សនា
Flag Counter